ខេត្តបាត់ដំបង ៖ តាមរយៈបណ្ដាញសង្គមរបស់ខ្លួន មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត បានប្រកាសនៅព្រឹកថ្ងៃទី២០ តុលា នេះ ដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយនៃដងស្ទឹងសង្កែ ត្រូវបង្កើនស្មារតីប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ដោយសារតែនៅផ្នែកខាងលើនៃដងស្ទឹង ជាពិសេស នៅស្រុកសំឡូតកំពុងមានភ្លៀងធ្លាក់ ដែលធ្វើឲ្យសន្ទុះទឹកក្នុងស្ទឹងសង្កែ បាននិងកំពុងហក់ឡើងខ្លាំង។
![Picture]()
មន្ទីរធនធានទឹកនិងឧតុនិយមបានឲ្យដឹងថា ពេលនេះ នៅស្រុកសំឡូតមានភ្លៀងកំពុងធ្លាក់ជាបន្តបន្ទាប់ ដែលនាំឲ្យពេញអាងស្ដុកទឹក ហេតុដូច្នេះ មន្ទីរធនធានទឹកនិងឧតុនិយមបានបើកទ្វារអាងទឹក «ពហុបំណងបាត់ដំបង» តែបើកក្នុងកំរិតធម្មតា ដើម្បីបន្ធូរបរិមាណទឹកដែលពេញក្នុងអាង ។
![Picture]()
ដូច្នេះ សូមអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន។ ជាពិសេស ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសង្កែ ត្រូវប្រយ័ត្នកូនចៅ និងមនុស្សចាស់ជរា ក្រែងមានគ្រោះថ្នាក់ដោយយថាហេតុ ។ សូមបញ្ជាក់ផងដែរថា កាលពីសប្ដាហ៍មុននេះ ជំនន់ទឹកភ្លៀងក្នុងស្ទឹងសង្កែ បានហក់ឡើងដល់កម្ពស់ជាង១៤ម៉ែត្រ ដែលធ្វើឲ្យជនលិចផ្លូវថ្នល់ជាច្រើនកន្លែងនៅក្នុងក្រុងបាត់ដំបងក្នុងរយៈពេលខ្លី។
![Picture]()
ប៉ុន្តែពេលនេះ ជំនន់ទឹកភ្លៀងដដែលនេះ អាចនឹងហក់ឡើងសារជាថ្មី ចាប់ពីថ្ងៃដែលមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត បានប្រកាសជូនដំណឹងនេះ ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ