រាជធានីភ្នំពេញ ៖ កាលពីពេលថ្មីៗកន្លងមកនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានធ្វើសំណើមួយទៅកាន់ក្រសួងពាណិជ្ជកម្មសុំចាត់វិធានការរក្សាកម្មសិទ្ធិ«Olympic Properties»ដោយសារតែមួយរយៈមកនេះ មានក្រុមហ៊ុនធ្វើអាជីវកម្មមួយចំនួនយកនិមិត្តសញ្ញារបស់អូឡាំពិកប្រើប្រាស់ជាប្រយោជន៍របស់ខ្លួននាំឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយសរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ដើម្បីរក្សាកម្មសិទ្ធិបញ្ញារបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាឱ្យបានល្អ និងទប់ស្កាត់សកម្មភាពជនខិលខូចមួយចំនួនដែលតែងតែយកនិមិត្តសញ្ញាកងប្រាំអូឡាំពិក និងឈ្មោះអូឡាំពិកទៅធ្វើអាជីវកម្ម គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានធ្វើលិខិតមួយផ្ញើជូនក្រសួងពាណិជ្ជកម្មចុះថ្ងៃទី២៦ មករា ឆ្នាំ២០១៦ សុំឱ្យជួយចាត់វិធានការអំពីបញ្ហានេះ ។ លោកបានឱ្យដឹងបន្ថែមថា កម្មសិទិ្ធបញ្ញារបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គឺយោងតាមមាត្រា៦ស្ទួន៣(ខ) អនុសញ្ញានៃទីក្រុងប៉ារីសនិងមាត្រា៤ (ឃ) នៃច្បាប់ស្ដីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ។ ប្រទេសកម្ពុជាជាសមាជិកនៃអនុសញ្ញាទីក្រុងប៉ារីសស្ដីពីសិទ្ធិការពារកម្មសិទ្ធិឧស្សហកម្ម(Paris Convention on the Protection of Industrial Property) ចាប់តាំងពីឆ្នាំ១៩៩៨ ។
យោងតាមមាត្រា៦ស្ទួន៣(ខ) នៃអនុសញ្ញាទីក្រុងប៉ារីស ចែងថា ការចុះបញ្ជី ឬការប្រើប្រាស់ ឬការកត់ត្រាតាមឈ្មោះ ឬនិមិត្តសញ្ញារបស់អង្គការអន្តររដ្ឋាភិបាលដែលក្នុងនោះមានប្រទេសមួយឬច្រើនរបស់អនុសញ្ញានេះ ជាសមាជិកត្រូវបានបដិសេធ ឬហាមឃាត់ លុះត្រាតែមានការអនុញ្ញាតពីស្ថាប័នទាំងនោះ។ជាងនេះទៅទៀត មាត្រា៤(ឃ)ស្ដីពីម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ក៏បានចែងអំពីកិច្ចការពារមិនឱ្យប្រើប្រាស់ឈ្មោះ ឬនិមិត្តសញ្ញានេះផងដែរ ។
ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មក៏បានចេញសេចក្ដីជូនដំណឹងជាសាធារណៈ ដោយបានបង្ហោះតាមFacebook និងគេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម និងលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដល់រូបវ័ន្តបុគ្គល និងនីតិបុគ្គលអំពីការរំលោភបំពានដែលនាំឱ្យមានទោសក្នុងការប្រើប្រាស់ឈ្មោះ «អូឡាំពិក»និង«និមិត្តសញ្ញាកងប្រាំអូឡាំពិក»ដោយគ្មានការអនុញ្ញាតពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងគណៈកម្មាធិការអូឡាំពិក អន្តរជាតិ។
ទន្ទឹមនឹងនេះដែរ ក្រសួងពាណិជ្ជកម្មក៏បានប្រកាសជាសាធារណៈដល់បណ្ដាសហគ្រាស និងក្រុមហ៊ុនថា ទង្វើបែបនេះត្រូវបានចាត់ទុកថា ជាការរំលោភបំពានសិទ្ធិរបស់ម្ចាស់ម៉ាក ហើយម្ចាស់ដើមនៃម៉ាកគេមានសិទ្ធិប្ដឹងទៅតុលាការ ឬក្រសួងស្ថាប័នមានសមត្ថកិច្ចប្រឆាំងនឹងបុគ្គលណាមួយដែលប្រើប្រាស់ ឬត្រាប់តាមដោយរំលោភបំពាននៃម៉ាករបស់ខ្លួនដោយគ្មានការអនុញ្ញាត ។ ជនល្មើសទាំងនេះ ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ និងដាក់ពន្ធនាគារទៅតាមទោសណាមួយនៃទោសទាំង២នេះ ។ ក្រសួងសង្ឃឹមថា បណ្ដាសហគ្រាសនិងក្រុមហ៊ុនទាំងអស់ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពប្រើប្រាស់រូបសញ្ញាឬនិមិត្តសញ្ញាដែលនាំឱ្យមានការភាន់ច្រឡំទៅនឹងឈ្មោះ «អូឡាំពិក» និង«និមិត្តសញ្ញាកងប្រាំអូឡាំពិក» ក៏ដូចជានិមិត្តសញ្ញាអង្គការអន្តរជាតិនានាដែលត្រូវបានការពារ ៕
ចែករំលែកព័តមាននេះ