រាធជានីភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា បានប្រគល់យានយន្តដែលដឹកលើសទម្ងន់ចំនួន២២៩គ្រឿងទៅម្ចាស់វិញហើយ ។
យោងតាមបណ្តាញសង្គមហ្វេសប៊ុកក្រសួងសាធារណការ នៅថ្ងៃទី១៩ តុលា ឆ្នាំ២០២១ បានឲ្យដឹងថា យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដែលផ្ទុយនឹងច្បាប់ចំនួន២២៩គ្រឿង ត្រូវបានប្រគល់ជូនម្ចាស់វិញ ដោយយោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្របពេលស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ មានសភាពធូរស្រាល និងការរៀបចំកែសម្រួល និងដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិរបស់រាជរដ្ឋាភិបាលក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ។
ក្រសួងថា គិតត្រឹមថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ក្រសួងសាធារណការ និងដឹកជញ្ជូនបានអនុវត្តតាមអនុសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រគល់យានយន្តចំនួន ២២៩គ្រឿងជូនម្ចាស់វិញ ។
យានយន្តទាំង២២៩គ្រឿង ជាយានយន្តល្មើសច្បាប់ដោយបានដឹកលើសទម្ងន់កម្រិតកំណត់លើសពី ២០% នៃទម្ងន់អនុញ្ញាត ដែលបានឃាត់ដោយស្ថានីយជញ្ជីងអចល័ត និងក្រុមចល័តចម្រុះ ហើយរក្សាទុកនៅតាមស្ថានីយជញ្ជីងអចល័ត និងមន្ទីរសាធារណការ និងដឹកជញ្ជូនតាមបណ្តារាជធានី-ខេត្តមួយចំនួន ។ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនដោះលែងយានយន្តចំនួន ២២៩គ្រឿងខាងលើជូនទៅម្ចាស់យានយន្ត ដើម្បីប្រកបអាជីវកម្មឡើងវិញ ដោយស្របពេលស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ មានសភាពធូរស្រាល ហើយរាជរដ្ឋាភិបាលបានរៀបចំកែសម្រួល និងដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិក្នុងបរិបទក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ដូចជា៖ ការបើកឱ្យដំណើរការឡើងវិញ សាលារៀន ផ្សារទំនើប ផ្សារសាធារណៈ តំបន់ទេសចរណ៍ និងការស្ដារសកម្មភាពធុរកិច្ច អាជីវកម្ម សេដ្ឋកិច្ច និងសង្គមផ្សេងៗទៀត ។
ម្យ៉ាងវិញទៀត ដើម្បីស្ដារសេដ្ឋកិច្ចជាតិឡើងវិញ ជាពិសេសការគាំទ្រដល់ការរស់ឡើងវិញរបស់វិស័យឯកជន និងជាការលើកលែងបន្ធូរបន្ថយ និងផ្ដល់ឱកាសសារជាថ្មីនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ។
សូមរំលឹកជូនម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូនទាំងឡាយមេត្តាជ្រាបថា ៖ ថ្វីត្បិតតែរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានការដោះលែង និងបន្ធូរបន្ថយនាពេលនេះមែន តែក្រសួងសាធារណការ និងដឹកជញ្ជូននឹងបន្តអនុវត្តច្បាប់ និងទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់យ៉ាងតឹងរ៉ឹងបំផុតដោយមិនមានការលើកលែងជាលើកទី២ ទៀតឡើយ ហើយក្រសួងនឹងខិតខំធ្វើការផ្សព្វផ្សាយជូនដំណឹងឱ្យបានទូលំទូលាយបន្ថែមទៀតអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាដល់សាធារណជនទូទៅឱ្យបានយល់ដឹង និងជ្រួតជ្រាបកាន់តែច្បាស់ ជាពិសេសច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា២៦ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ដែលបើកបរលើបណ្តាញផ្លូវថ្នល់ ៕
ចែករំលែកព័តមាននេះ