ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូច តែ​ពេជ្រ ត្រូវការ​1​លាន​ដុល្លារ​សម្រាប់​បន្ដ​និរន្តរភាព​ក្នុង​វិស័យស្រូវ​អង្ករ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បញ្ហា​បិទ​រោង​ម៉ាស៊ីនកិនស្រូវ​មួយ​ចំនួន​នា​ពេល​បច្ចុប្បន្ន វា​មិនមែន​មក​ពី​ការ​ហូរ​ចូល​អង្ករ​ពី​ប្រទេស​ជិតខាង​តែ​ម្យ៉ាង​នោះ​ទេ គឺ​មាន​កត្ដា​ជា​ច្រើន ដូច​ជា​ការ​ហូរ​ចេញ​ស្រូវ​ទៅ​ក្រៅប្រទេស​ដោយ​គ្មាន​ច្បាប់ទម្លាប់

រាជធានី​ភ្នំពេញ ៖ បញ្ហា​បិទ​រោង​ម៉ាស៊ីនកិនស្រូវ​មួយ​ចំនួន​នា​ពេល​បច្ចុប្បន្ន វា​មិនមែន​មក​ពី​ការ​ហូរ​ចូល​អង្ករ​ពី​ប្រទេស​ជិតខាង​តែ​ម្យ៉ាង​នោះ​ទេ គឺ​មាន​កត្ដា​ជា​ច្រើន ដូច​ជា​ការ​ហូរ​ចេញ​ស្រូវ​ទៅ​ក្រៅប្រទេស​ដោយ​គ្មាន​ច្បាប់ទម្លាប់ និង​ការ​នាំ​អង្ករ​ចេញ​ត្រូវ​ជាប់​កាតព្វកិច្ច​ទាំងអស់​ជាដើម ដែល​ជា​កត្តារួម​ផ្សំ​ធ្វើ​ឲ្យ​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​ជួប​ផលវិបាក ហើយ​ត្រូវ​ផ្អាក​ដំណើរការ​ខ្សែ​សង្វា​ក់​ផលិតកម្ម​របស់​ខ្លួន ។ នេះ​បើ​តាម​លោក តូច តែ​ពេជ្រ នាយក​គ្រប់គ្រង​ក្រុមហ៊ុន តូច តែ​ពេជ្រ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​កោះសន្តិភាព ។

លោក​បន្ដ​ថា ៖ « ចំណុច​សំខាន់​ដែល​ត្រូវ​ដោះស្រាយ​បន្ទាន់​ក្នុង​វិស័យ​ស្រូវ​អង្ករ គឺ​ការ​ដួល​រលំ​នៃ​រោង​ម៉ាស៊ីនកិនស្រូវ​មួយ​ចំនួន ។ ធនាគារ​បាន​ប្តឹង​ទៅ​តុលាការ​ដើម្បី​លក់​ឡាយឡុង​ទ្រព្យសម្បតិ្ត​យក​លុយ​សង​ទៅ​ធនាគារ​វិញ ។ យើង​គិត​ថា ពេល​វិស័យ​ស្រូវ​អង្ករ​ដួល​រលំ​បែប​នេះ ប្រសិនបើ​យើង​អំពាវនាវ​លក់​ទ្រព្យសម្បត្តិ និង​រោង​ម៉ាស៊ីន តើ​មាន​អ្នក​ណា​គេ​មក​ទិញ ។ ដូចនេះ បញ្ហា​ដែល​ត្រូវ​ដោះស្រាយ គឺ​ត្រូវ​សុំ​ពន្យារពេល​សង​របស់​ម្ចាស់​រោង​ម៉ាស៊ីន​ទៅ​ធនាគារ និង​ទាមទារ​ការ​អន្តរាគមន៍​ពី​រាជរដ្ឋាភិបាល​ជា​ចាំបាច់ ។ បន្ទាប់​ពី​ពន្យារពេល​ហើយ ត្រូវ​ផ្តល់​នូវ​ឥណទាន​ដើម្បី​សិក្សា​មើល​ថា តើ​ការ​ទទួលខុសត្រូវ​របស់​រាជរដ្ឋាភិបាល​កម្រិត​ណា ហើយ​ម្ចាស់​រោង​ម៉ាស៊ីន​កម្រិត​ណា និង​ត្រូវ​ផ្តល់​ឥណទាន​ជួយ​ស្រោចស្រង់​ដល់​រោង​ម៉ាស៊ីន​ទាំង​អស់នោះ​ឡើង​វិញ » ។

លោក​គូសបញ្ជាក់​ថា ៖ « ខ្ញុំ​បាន​ផ្អាក​សកម្ម​ទិញ​ស្រូវ និង​នាំ​អង្ករ​ចេញ​ទៅ​ក្រៅប្រទេស​តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០១៥​មក​ម្ល៉េះ ដោយសារ​តែ​កង្វះ​ដើមទុន ។ នៅ​ចុងឆ្នាំ​២០១៤ និង​ដើមឆ្នាំ​២០១៥ ខ្ញុំ​បាន​ចុះ​កុងត្រា​ទិញ​ស្រូវ​ពី​កសិករ ប៉ុន្តែ​ដោយសារ​តែ​ការ​សង​បង្វិល​ជូន​ពួក​គាត់​មិន​បាន ទើប​ធ្វើ​ឲ្យ​កសិករ​នាំ​គ្នា​ធ្វើ​បាតុកម្ម​ដល់​សាលាខេត្ត​ជា​ច្រើន​លើក​ច្រើន​សា ទើប​ខ្ញុំ​សម្រេចចិត្ត​លក់​ស្រូវ​អង្ករ​នៅ​ក្នុង​ឃ្លាំង ដើម្បី​យក​ប្រាក់​ទៅ​សង​កសិករ​វិញ បន្ទាប់​មក​ក៏​បាន​ផ្អាក​សកម្មភាព​ទិញ​ចូល និង​នាំ​ចេញ​ទៀត ដោយសារ​តែ​អត់​មាន​ទុន​គ្រប់គ្រាន់ » ។

លោក​បន្ត​ថា ៖ « ដើម្បី​បន្ត​និរន្តរភាព និង​មាន​សកម្មភាព​ដូច​ពេល​មុន​ឡើង​វិញ ក្រុមហ៊ុន​យើង​ត្រូវ​ថវិកា​លើស​ពី​១​លាន​ដុល្លារ​សម្រាប់​ស្រោចស្រង់​កសិករ សាងសង់​ឃ្លាំង ទុន​បង្វិល​សម្រាប់​ទិញ​ស្រូវ​ចូល​និង​ស្តុក​ទុក ទុន​បង្វិល​សម្រាប់​ការ​នាំ​ចេញ​ទៅ​ក្រៅប្រទេស ពីព្រោះ​រោង​ម៉ាស៊ីន​របស់​យើង​បាន​បំពាក់​គ្រឿង​បច្ចេកវិទ្យា​ទំនើប​ៗ​រួចរាល់​ហើយ តែ​បញ្ហា​ប្រឈម​ចំពោះ​មុខ​នោះ គឺ​ខ្វះ​ដើមទុន » ។

លោក​បន្ថែម​ថា ៖ « កន្លង​មក ខ្ញុំ​បាន​ផ្ញើ​លិខិត​ទៅ​ខាង​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ប្រាប់​ពី​បញ្ហា​របស់ខ្ញុំ និង​ដាក់​លិខិត​តាម​រយៈ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ចូល​ទៅ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​សុំ​ឲ្យ​សម្តេច​ជួយ​អន្តរាគមន៍ ដោយ​សុំ​ការ​ពន្យារពេល​សង​ប្រាក់​ទៅ​ខាង​ធនាគារ និង​សុំ​ឥណទាន​បន្ថែម ។ លើស​ពី​នេះ​ទៀត យើង​បាន​សុំ​ប្តូរ​ឥណទាន​ដែល​ទទួល​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ​រយៈពេល​ខ្លី ទៅ​ជា​ឥណទាន​រយៈពេល​វែង​វិញ ។ ប្រសិនបើ​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​មិន​បាន​ទុន​ទេ យើង​នឹង​សុំ​ការ​ពន្យារ​សង​ត្រឡប់​ទៅ​វិញ ដើម្បី​រក​វិធី​លក់​ឡាយឡុង​ទ្រព្យសម្បត្តិ​ក្នុង​រោង​ម៉ាស៊ីន​សង​ទៅ​ធនាគារ » ។

ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក សុខ ពុ​ទ្ធី​វុ​ធ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តី​ពី​ផែនការ​ដោះស្រាយ​បញ្ហា​ប្រឈម​បន្ទាន់​ក្នុង​វិស័យ​ស្រូវ​អង្ករ​កាលពី​ថ្មី​ៗ​នេះ​ថា៖ « ជំហរ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​នៅ​តែ​រឹង​មាំ ហើយ​អ្វី​ដែល​យើង​ជួប​ប្រទះ​នា​ពេល​បច្ចុប្បន្ន​នឹង​ធ្វើ​ឲ្យ​យើង​កាន់តែ​រឹង​មាំ និង​សាមគ្គី​គ្នា »​។

លោក​បញ្ជាក់​ថា ដើម្បី​ដោះស្រាយ​បញ្ហា​សព្វ​ថ្ងៃនេះ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​នឹង​បង្កើត​កម្ម​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​បន្ទាន់​មួយ​សម្រាប់​រក​យន្តការ​ជួយ​អន្តរាគមន៍ គឺ ៖
១-​ដោះស្រាយ​បញ្ហា​នាំ​អង្ករ​ចូល​ពី​ក្រៅប្រទេស ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ទាំងមូល ជា​ពិសេស រោង​ម៉ាស៊ីនកិនស្រូវ​នា​ពេល​បច្ចុប្បន្ន ។
២-​នឹង​រៀបចំ​ចងក្រង​នូវ​ឯកសារ​ពាក់ព័ន្ធ​ដើម្បី​ដាក់​សំណើ​ទៅ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ពិនិត្យ​រក​លទ្ធភាព​ផ្តល់​នូវ​កញ្ចប់​ឥណទាន​បន្ទាន់​មួយ​ចំនួន តាម​រយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ ក្នុង​គោលបំណង​ជួយ​កាត់​បន្ថយ​នូវ​បញ្ហា​ប្រឈម​បន្ទាន់​នេះ​សម្រាប់​ជួយ​ដល់​រោង​ម៉ាស៊ីនកិនស្រូវ ។

ទាក់ទង​នឹង​កញ្ចប់​ឥណទាន​ដែល​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ត្រូវការ​ជួយ​សង្គ្រោះ​ដល់​រោង​ម៉ាស៊ីនកិនស្រូវ​នោះ ក្នុង​ជំហាន​ដំបូង​ចាប់ពី​២០​ទៅ​៣០​លាន​ដុល្លារ តាម​លោក តូច តែ​ពេជ្រ បាន​ឲ្យ​ដឹង​ថា ៖ « សម្រាប់​ឥណទាន​ចាប់ពី​២០​ទៅ​៣០​លាន​ដុល្លារ​នេះ ខ្ញុំ​យល់​ថា ចំនួន​នេះ​វា​មិន​សមាមាត្រ​នឹង​ទំហំ​នៃ​ការ​ខ្វះខាត​នោះ​ទេ​។ តើ​មាន​រោង​ម៉ាស៊ីន​ប៉ុន្មាន​នៅ​ស្រុក​ខ្មែរ ហើយ​ត្រូវការ​ឥណទាន​ប៉ុន្មាន ទើប​សម​ស្រប​នឹង​តម្រូវការ​របស់​ម្ចាស់​រោង​ម៉ាស៊ីន​ទាំងនោះ ? គឺ​យើង​ត្រូវការ​ទំហំ​ធំ​ជាង​នេះ​ច្រើន​ដង ទើប​អាច​សង្គ្រោះ​បាន » ។

បញ្ហា​ដួល​រលំ​នៃ​រោង​ម៉ាស៊ីនកិនស្រូវ​នេះ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក​ឧកញ៉ា ហ៊ុន ឡាក់ បាន​លើក​ឡើង​ថា​៖« មក​ដល់​សព្វ​ថ្ងៃនេះ រោង​ម៉ាស៊ីនកិនស្រូវ​ដែល​បាន​ផ្អាក​ដំណើរការ​មាន​ប្រហែល​៨​ហើយ ភាគច្រើន​នៅ​តំបន់​ផលិត​ស្រូវ​អង្ករ​ខ្លាំង​ជាងគេ គឺ​ខេត្តបាត់ដំបង » ។ 

គួរ​បញ្ជាក់​ថា ក្នុង​រយៈពេល​២​ខែ​ដើមឆ្នាំ​២០១៦​នេះ ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ទៅ​ក្រៅប្រទេស​ចំនួន​៩៥.៩៤៥​តោន កើនឡើង​ជាង​៣០% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៥ ៕