ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី១៨ ខែមីនា កន្លងមកនេះ បានធ្វើពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលអនុញ្ញាតឱ្យក្រុមហ៊ុន Camtower Link Communication Co.Ltd រៀបចំសេវាចែកចាយប្រព័ន្ធទូរស័ព្ទ Monopole Tree ក្នុងតំបន់រមណីយដ្ឋានអង្គរ ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ។
ពិធីចុះហត្ថលេខានេះ ធ្វើឡើងរវាងលោកបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ជាមួយលោក MUHAMMED YUSOFF MOHD ZAMRI ប្រធានគ្រប់គ្រងប្រចាំតំបន់របស់ក្រុមហ៊ុនខាងលើ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាច្រើនរូបទៀត ។
យោងតាមខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុននឹងដំឡើងបង្គោលដើមឈើសិប្បនិមិ្មតចំនួន៦ទីតាំង ដែលអាចឱ្យក្រុមហ៊ុនទូរស័ព្ទផ្សេងៗបំពាក់អង់តែនរបស់ខ្លួន ដើម្បីផ្តល់សេវាក្នុងរមណីយដ្ឋានអង្គរឱ្យកាន់តែប្រសើរឡើង។ ក្រុមហ៊ុននឹងចាប់ដំណើរការសកម្មភាពរបស់ខ្លួនបន្ទាប់ពីថ្ងៃចុះហត្ថលេខានេះទៅ ដែលត្រូវចំណាយរយៈពេលប្រមាណ៦ខែទើបរួចរាល់ ។ កន្លងមក មានក្រុមហ៊ុនទូរស័ព្ទមួយចំនួនបានដាក់ពាក្យស្នើសុំអាជ្ញាធរជាតិអប្សរា ដើម្បីដំឡើងអង់តែនទូរស័ព្ទរបស់ខ្លួនក្នុងរមណីយដ្ឋានអង្គរ។
អាជ្ញាធរជាតិអប្សរា បានទទួលយកសំណើដោយអញ្ជើញក្រុមហ៊ុនទាំងនោះមកធ្វើបទបង្ហាញអំពីលក្ខណៈបច្ចេកទេសរបស់ខ្លួនជាបន្តបន្ទាប់ ។ លើសពីនេះទៀត អាជ្ញាធរជាតិអប្សរា ក៏បានសហការជាមួយក្រសួងប្រៃសណីយនិងទូរគមនាគមន៍ ដើម្បីពិនិត្យរកក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណផ្តល់ទីតាំងចែកចាយសេវាត្រឹមត្រូវ ។
ក្រោយពិនិត្យឃើញថា ក្រុមហ៊ុន Camtower Link Communication Co.Ltd នេះ មានលក្ខណៈបច្ចេកទេស និងសិទ្ធិគ្រប់គ្រាន់ ដើម្បីដំឡើងនិងចែកចាយដោយស្របច្បាប់ ទើបអាជ្ញាធរជាតិអប្សរាឆ្លងយោបល់បច្ចេកទេសជាមួយគណៈកម្មាធិការអន្តរជាតិ អាយស៊ីស៊ី-អង្គរ និងបង្កើតក្រុមការងារចុះសិក្សាលម្អិតរហូតសម្រេចដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅពេលនេះ ។
បច្ចុប្បន្ន ក្នុងរមណីយដ្ឋានអង្គរមានសេវាទូរស័ព្ទតិចតួច ដែលធ្វើឱ្យមានភាពលំបាកដល់ទំនាក់ទំនង ។ មូលហេតុ ដោយសារកន្លងមកមិនមានក្រុមហ៊ុនណាមានលក្ខណសម្បត្តិ និងបច្ចេកទេសគ្រប់គ្រាន់ ដើម្បីផ្តល់សេវាចែកចាយប្រព័ន្ធទូរស័ព្ទស្របតាមតម្លៃទេសភាពវប្បធម៌ក្នុងរមណីយដ្ឋានអង្គរនៅឡើយ។
ដោយឡែក ក្រុមហ៊ុន Camtower Link Communication Co.Ltd មានគំនិតច្នៃប្រឌិតបង្កើតដើមឈើសិប្បនិមិ្មតនេះឡើង អាចផ្តល់ការចែកចាយដល់ក្រុមហ៊ុនទូរស័ព្ទផ្សេងៗបំពាក់សេវារបស់ខ្លួន ជំនួសឱ្យការសាងសង់អង់តែនគ្រប់ក្រុមហ៊ុនទូរស័ព្ទច្រើនស្អេកស្កះក្នុងរមណីយដ្ឋានអង្គរ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ទេសភាពវប្បធម៌។
គួរបញ្ជាក់ថា ស្របតាមគំនិតច្នៃប្រឌិត និងអនុសាសន៍ណែនាំរបស់គណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ ហើយជាប្រភេទអង់តែនដែលបណ្តាប្រទេសមួយចំនួនបានធ្វើរួចមកហើយ គឺក្នុងន័យការពារទេសភាពវប្បធម៌ ស្របតាមបទដ្ឋានរបស់តំបន់បេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិអប្សរា បានសម្រេចទទួលយកគម្រោងនេះ ដោយចុះកិច្ចសន្យាមិនផ្តាច់មុខដើម្បីឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលចូលទស្សនារមណីយដ្ឋានអង្គរមានសេវាទូរស័ព្ទប្រើប្រាស់ដូចតំបន់ដទៃទៀតដែរ ៕
ចែករំលែកព័តមាននេះ