ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​មាន​រោងចក្រ​ស៊ីម៉ង់ត៍​ដ៏​ទំនើប​បំផុត អាច​ផលិត​បាន​5​ពាន់​តោន​ក្នុង​1​ថ្ងៃ

10 ឆ្នាំ មុន

ខេត្តកំពត ៖ ជីប​ម៉ុង អិុន​ស៊ី ស៊ី​មេន ខ​ប​ផឹ​រ៉េ​សិន ជា​រោងចក្រ​ផលិត​ស៊ីម៉ង់ត៍​ដ៏​ទំនើប​និង​ធំ​ជាងគេ ដែល​ជា​ការ​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន​ជីប​ម៉ុង ស៊ី​មេន គ្រុប និង​ក្រុម​ហ៊ុន​ស្យ៉ា​ម​ស៊ី​ធី ស៊ី​មេន ផាប់​ភ្លី​ក

ខេត្តកំពត ៖ ជីប​ម៉ុង អិុន​ស៊ី ស៊ី​មេន ខ​ប​ផឹ​រ៉េ​សិន ជា​រោងចក្រ​ផលិត​ស៊ីម៉ង់ត៍​ដ៏​ទំនើប​និង​ធំ​ជាងគេ ដែល​ជា​ការ​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន​ជីប​ម៉ុង ស៊ី​មេន គ្រុប និង​ក្រុម​ហ៊ុន​ស្យ៉ា​ម​ស៊ី​ធី ស៊ី​មេន ផាប់​ភ្លី​ក ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​២៦២​លាន​ដុល្លារ​អា​​មេ​រិ​ក ត្រូវ​បាន​ធ្វើ​ពិធី​បើក​ការដ្ឋាន​សាងសង់ ដែល​គ្រោង​នឹង​ចាប់​ដំណើរការ​ផលិត​ស៊ីម៉ង់ត៍​សម្រាប់​ផ្គត់ផ្គង់​លើ​ទីផ្សារ​នៅ​ដើមឆ្នាំ​២០១៨​ខាង​មុខ ។ រោងចក្រ​ថ្មី​នេះ​មាន​សមត្ថភាព​ផលិត​ស៊ីម៉ង់ត៍​បាន​ប្រមាណ​៥​ពាន់​តោន​ក្នុង​មួយ​ថ្ងៃ ព្រមទាំង​ផ្ដល់​ការងារ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​រាប់​ពាន់​នាក់​ថែម​ទៀត ។ នេះ​បើ​យោង​តាម​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន ។

ថ្លែង​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ផលិត​ស៊ីម៉ង់ត៍​ជីប​ម៉ុង អិុន​ស៊ី ស៊ី​មេន កាលពី​ព្រឹក​ថ្ងៃ​ទី​២១ មីនា លោក​ឧកញ៉ា លាង ឃុន អគ្គនាយក​ក្រុមហ៊ុន​ជីប​ម៉ុង​គ្រុប បាន​ឲ្យ​ដឹង​ថា ៖ « រោងចក្រ​នេះ គឺជា​ការ​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន​ជីប​ម៉ុង ស៊ី​មេន​គ្រុប ដែល​មានបទពិសោធន៍​ក្នុង​ការ​នាំ​ចូល​និង​ចែកចាយ​ស៊ីម៉ង់ត៍ និង​សម្ភារ​សំណង់​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​អស់​រយៈពេល​៣០​ឆ្នាំ និង​ក្រុមហ៊ុន​ស្យ៉ា​ម​ស៊ី​ធី ស៊ី​មេន ផាប់​ភ្លី​ក ដែល​ជា​ក្រុមហ៊ុន​មានបទពិសោធន៍​ជាង​៤០​ឆ្នាំ ក្នុង​ការ​ផលិត​ស៊ីម៉ង់ត៍​ដ៏​ធំ​ជាងគេ​នៅ​ក្នុង​តំបន់​អាស៊ាន » ។

លោក​ឧកញ៉ា​បន្ដ​ថា ៖ « កិច្ច​សហប្រតិបត្តិការ​នេះ មាន​តម្លៃ​ទឹកប្រាក់​ប្រមាណ​២៦២​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ក្រុមហ៊ុន​ជីប​ម៉ុង អិុ​ន​ស៊ី ស៊ី​មេន បាន​បោះទុន​លើ​ការ​កសាង​​រោងចក្រ​ដ៏​ធំ​នេះ​ឡើង ដោយ​បាន​រៀបចំ​គម្រោង​រោងចក្រ​ផលិត​ស៊ីម៉ង់ត៍​នៅ​លើ​ផ្ទៃដី​ទំហំ​១០៣​ហិ​កតា ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ដើមឆ្នាំ​២០១៨​ខាង​មុខ​នេះ ។

បន្ទាប់​ពី​បញ្ចប់​ការ​សាងសង់​ជា​ស្ថាពរ រោងចក្រ​នេះ​អាច​មាន​សមត្ថភាព​ផលិត​ស៊ីម៉ង់ត៍​បាន​៥​ពាន់​តោន​ក្នុង​មួយ​ថ្ងៃ និង​ផ្ដល់​ការងារ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដល់​ប្រជាជន​កម្ពុជា ជា​ពិសេស ប្រជាជន​នៅ​ក្នុង​មូលដ្ឋាន​នេះ​តែ​ម្ដង » ។

លោក​ឧកញ៉ា​បន្ដ​ទៀត​ថា ៖ « នៅ​ពេល​កំពុង​សាងសង់​នេះ រោងចក្រ​ត្រូវការ​កម្លាំង​ពលកម្ម​ប្រមាណ​៦០០​ទៅ​១.៨០០​នាក់ ហើយ​នៅ​ពេល​សាងសង់​រួច រោងចក្រ​ត្រូវការ​កម្លាំង​ពលកម្ម​ផ្ទាល់​ចំនួន​១.៥០០​នាក់ និង​ផ្ដល់​ការងារ​ដោយ​ប្រយោល​ប្រមាណ​៥.០០០​នាក់​បន្ថែម​ទៀត » ។

« រោងចក្រ​នេះ​សាងសង់​ឡើង​តាម​បទដ្ឋាន​អន្តរជាតិ និង​ក្លាយជា​រោងចក្រ​ផលិត​ស៊ីម៉ង់ត៍​មួយ​សន្សំ​សំចៃ​ថាមពល ដែល​ផលិត​ស៊ីម៉ង់ត៍​មានគុណ​ភាព​ខ្ពស់ ។ រោងចក្រ​ស៊ីម៉ង់ត៍​នេះ​ដែរ នឹង​ផ្ដល់​ផលប្រយោជន៍​ជា​ច្រើន​ដល់​កម្ពុជា តាម​រយៈ​ការ​កាត់​បន្ថយ​ការ​នាំ​ចូល​ស៊ីម៉ង់ត៍​ពី​បរទេស ការ​ប្រើប្រាស់​ធនធានធម្មជាតិ ដោយ​ភាព​ឆ្លាត​វៃ ការ​ផ្ដល់​ឱកាស​ការងារ​ជា​ច្រើន​ដល់​ប្រជាជន​កម្ពុជា និង​កាត់​បន្ថយ​ភាព​ក្រីក្រ ហើយ​ជា​ពិសេស កាត់​បន្ថយ​អត្រា​ចំណាកស្រុក​របស់​ប្រជាជន​កម្ពុជា » ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​អគ្គនាយក​ក្រុមហ៊ុន​ជីប​ម៉ុង គ្រុប ។

លោក ខូ​យ ឃុន​ហ៊ួ​រ អភិបាលខេត្ត បាន​មាន​ប្រសាសន៍​ថា ៖ « បើ​គិត​ទូ​ទាំង​ខេត្តកំពត យើង​មាន​៦​ទីតាំង​រោងចក្រ​ស៊ីម៉ង់ត៍ ប៉ុ​ន្តែ​រោងចក្រ​ស៊ីម៉ង់ត៍​៣​កន្លែង​កំពុង​ដំណើរ​ការ និង​៣​កន្លែង​ទៀត​កំពុង​សាងសង់ និង​ត្រៀម​សាងសង់​។ ទន្ទឹម​នឹង​នេះ ខេត្តកំពត​ក៏​ដូច​ជា​ខេត្ត​ទូ​ទាំង​ប្រទេស​ទៀត​ដែរ បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ជំហាន​អភិវឌ្ឍន៍​ដែល​ជា​ប៉ូ​ល​សេដ្ឋកិច្ច​មួយ​ដ៏​សំខាន់​សម្រាប់​កម្ពុជា » ។

សម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​នោះ បាន​ថ្លែង​ថា ៖« ការ​វិនិយោគ​រោងចក្រ​នេះ​នៅ​កម្ពុជា មិន​ត្រឹមតែ​បម្រើ​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​ដែល​មាន​ប្រជាជន​ប្រមាណ​១៥​លាន​នាក់​ប៉ុណ្ណោះ​ទេ តែ​ក៏​ត្រូវ​គិតដល់​ទីផ្សារ​ប្រទេស​ក្នុង​មហា​អនុ​តំបន់​ទន្លេមេគង្គ ដែល​មាន​ប្រជាជន​ប្រមាណ​៣២៦​លាន​នាក់ និង​ធំ​ជាង​នេះ​ទៅ​ទៀត ត្រូវ​បម្រើ​ទៅ​ដល់​ប្រជាជន​អាស៊ាន​ទាំងមូល​ដែល​មាន​ប្រជាជន​ប្រមាណ​៦៣០​លាន​នាក់ » ។

សម្តេច​មាន​ប្រសាសន៍​ថា ៖ « ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព រាជរដ្ឋាភិបាល​បាន​បង្កើន​ការ​វិនិយោគសាធារណៈ​ទៅ​លើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ដោយ​សហការ​ជាមួយ​វិស័យ​ឯកជន​ផង​ដែរ » ។

សម្ដេច​បន្ដ​ថា ៖ « ការ​ចាប់ផ្ដើម​អនុវត្ត​គម្រោង​សាងសង់​រោងចក្រ​ស៊ីម៉ង់ត៍​ដ៏​ធំ​នៅ​ខេត្តកំពត​នៅ​ពេល​នេះ គឺជា​ការ​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ក៏​ដូច​ជា​ការ​វិនិយោគ​លើ​អនាគត​របស់​កម្ពុជា​ផង​ដែរ ។ នៅ​ក្នុង​កាលៈទេសៈ​សង្គម​កម្ពុជា​បច្ចុប្បន្ន​នេះ ការ​អភិវឌ្ឍ​ខាង​សំណង់​កំពុង​មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​នៅ​គ្រប់កន្លែង តាម​ទី​ជនបទ និង​ទីប្រជុំជន ដែល​តម្រូវ​ឲ្យ​មានការ​ផ្គត់ផ្គង់​ស៊ីម៉ង់ត៍​មានគុណ​ភាព​ខ្ពស់ អាច​ជឿជាក់​បាន » ។

ទន្ទឹម​នឹង​នេះ សម្តេច​មាន​ជំនឿ​ថា ៖ « ការ​ចាប់ផ្ដើម​នូវ​ដំណើរការ​គម្រោង​សាងសង់​រោងចក្រ​ស៊ីម៉ង់ត៍​របស់​ក្រុមហ៊ុន​ជីប​ម៉ុង អិុ​ន​ស៊ី ស៊ី​មេន នៅ​ពេល​នេះ គឺជា​ការ​ឆ្លើយ​តប​ស្រប​នឹង​តម្រូវការ​ជាក់ស្ដែង​របស់​សង្គម និង​កា​រវិ​វត្ត​នៃ​ចរន្ត​សេដ្ឋកិច្ច​របស់​កម្ពុជា ហើយ​ខ្ញុំ​សង្ឃឹមថា​រោងចក្រ​ស៊ីម៉ង់ត៍​ដ៏​ធំ​នេះ មិន​ត្រឹមតែ​ធានា​បាន​នូវ​ការ​ផ្គត់ផ្គង់​ស៊ីម៉ង់ត៍​ប្រើប្រាស់​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ តែ​ក៏​អាច​មាន​លទ្ធភាព​ក្នុង​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​នានា​ក្នុង​តំបន់ និង​សកលលោក​ផង​ដែរ » ។

តាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បង្ហាញ​ថា ក្នុង​ឆ្នាំ​២០១៥ គម្រោង​សាងសង់​នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន​សរុប​២.៣០៥​គម្រោង ដែល​មាន​ផ្ទៃក្រឡា​សំណង់​សរុប​ចំនួន​៧.៦៨៦.១១២​ម៉ែត្រការ៉េ មាន​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ​៣.៣៣៨​លាន​ដុល្លារ បើ​ធៀប​នឹង​ឆ្នាំ​២០១៤ កើនឡើង​ប្រមាណ​៣៣,១៤% ។ កំណើន​នៃ​វិស័យ​សំណង់​នេះ ធ្វើ​ឲ្យ​តម្រូវការ​ស៊ីម៉ង់ត៍​មានការ​កើន​ឡើងជា​បន្ដបន្ទាប់ ។ ដូច្នេះ​វត្តមាន​រោងចក្រ​ផលិត​សុ​ី​ម៉​ង់​ត៍​ដ៏​ធំ​មួយ​នេះ នឹង​បម្រើ​ឲ្យ​សេចក្ដី​ត្រូវការ​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​យ៉ាង​ពិតប្រាកដ ។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន​ជីប​ម៉ុ​ង ជា​ក្រុមហ៊ុន​ដែល​បាន​វិនិយោគទុន​ក្នុង​ប្រទេស​កម្ពុជា​ជា​ច្រើន​ដូច​ជា នាំ​ចូល និង​ចែកចាយ​សម្ភារ​សំណង់ និង​គ្រឿង​ឧបភោគបរិភោគ វិស័យ​អចលនទ្រព្យ រោងចក្រ​ផលិត​បេតុង​លាយ​ស្រេច និង​រោងចក្រ​ផលិត​ស្រា​បៀរ​កម្ពុជា ជាដើម ៕