ថៅកែរំលាយកិច្ចសន្យា កម្មករលើកគ្នាតវ៉ា
រាជធានីភ្នំពេញ ៖ កម្មករ កម្មការិនីរោងចក្រកាត់ដេរយីហោ វីន ស៊ីង តិច ប្រមាណជាង៥០០នាក់ នាំគ្នាបះបោរធ្វើបាតុកម្មតវ៉ានៅពេលដែលថៅកែប្រកាសរំលាយកិច្ចសន្យា…
រាជធានីភ្នំពេញ ៖ កម្មករ កម្មការិនីរោងចក្រកាត់ដេរយីហោ វីន ស៊ីង តិច ប្រមាណជាង៥០០នាក់ នាំគ្នាបះបោរធ្វើបាតុកម្មតវ៉ានៅពេលដែលថៅកែប្រកាសរំលាយកិច្ចសន្យា…
រាជធានីភ្នំពេញ ៖ កម្មករ កម្មការិនីរោងចក្រកាត់ដេរយីហោ វីន ស៊ីង តិច ប្រមាណជាង៥០០នាក់ នាំគ្នាបះបោរធ្វើបាតុកម្មតវ៉ានៅពេលដែលថៅកែប្រកាសរំលាយកិច្ចសន្យាការងារ និងឈានដល់ការបិទទ្វាររោងចក្រមួយនេះ ហើយទៅបើករោងចក្រថ្មីមួយទៀត ដោយពុំបានទូទាត់ប្រាក់ឈ្នួល ប្រាក់អតីតភាពការងារ និងប្រាក់បំណាច់ផ្សេងៗ ។ ក្រុមកម្មករដែលនាំគ្នាតវ៉ាក៏បានហែក្បួនទៅក្រសួងការងារដើម្បីឱ្យជួយអន្តរាគមន៍ដោះស្រាយ ។
ហេតុការណ៍តវ៉ានេះបានកើតឡើង កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២១ មីនា នៅចំណុចមុខរោងចក្រកាត់ដេរ វីន ស៊ីង តិច ដែលមានទីតាំងស្ថិតនៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ តាមប្រភពព័ត៌មានពីតំណាងកម្មករ បានឲ្យដឹងថា រោងចក្រកាត់ដេរមួយនេះបានដំណើរការចាប់តាំងពីអំឡុងឆ្នាំ២០០៧មកម្ល៉េះ ដែលមានកម្មករ កម្មការិនី បម្រើការងារសរុបចំនួន៥៥០នាក់ និងមាន ថៅកែឈ្មោះ Liang Xiu Juna ភេទស្រី ជាជនជាតិចិន ។
មូលហេតុដែលនាំឲ្យកម្មករ លើកគ្នាដង្ហែក្បួនទៅកាន់ក្រសួងការងារនោះ គឺដោយសារតែថៅកែប្រកាសរំលាយកិច្ចសន្យាការងារ ដើម្បីបិទទ្វាររោងចក្រមួយនេះ ដែលគេដឹងថាបានទៅបើករោងចក្រផ្សេងថ្មីមួយទៀត ។ កាយវិការថៅកែធ្វើនេះដោយមានបំណងបំបាត់ប្រាក់ឈ្នួល ប្រាក់អតីតភាពការងារ ប្រាក់បំណាច់ផ្សេងៗទៀតជូនកម្មករ ដូចជាប្រាក់ការជូនដំណឹងមុន, ប្រាក់បំណាច់កិច្ចសន្យាដែលនៅសល់, ប្រាក់បំណាច់នៃកិច្ចសន្យាការងារស្មើនឹង៥ភាគរយ, ប្រាក់បំណាច់ឆ្នាំ, ប្រាក់ខែចុងក្រោយ និងអត្ថប្រយោជន៍ផ្សេងៗ, ប្រាក់ជួសការជូនដំណឹងមុន, ប្រាក់បំណាច់បណ្ដេញចេញ, ប្រាក់សោហ៊ុយ ជំងឺចិត្ត,ប្រាក់ជួសជុលការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ ។
កម្មករបានឲ្យដឹងថា ថៅកែរោងចក្រខាងលើ បានចេញលិខិតជូនដំណឹងមួយច្បាប់ចុះថ្ងៃទី៥ មីនា ស្ដីពីការប្រកាសរំសាយកិច្ចសន្យាការងារ មុនកាលកំណត់ ដោយលើកយកហេតុផលថា «ក្រុមហ៊ុនមិនទទួលបាននូវការបញ្ជាទិញថ្មី នៅក្នុងឆ្នាំ២០១៦នេះ ពីអតិថិជននៅបរទេស ជាហេតុធ្វើឲ្យសង្វាក់ផលិតកម្ម និងដំណើរការផលិតរបស់រោងចក្រកាត់ដេរសម្លៀកបំពាក់ ពុំអាចដំណើរការតទៅទៀតបាន ។ ក្រុមហ៊ុនពុំមានលទ្ធភាពក្នុងការបង់ប្រាក់ឈ្នួល ជូនបុគ្គលិក កម្មករ និយោជិក និងបង់ថ្លៃចំណាយសម្រាប់ដំណើរការ ផលិតនៅក្នុងរោងចក្របានទេ» ។
បន្ទាប់ពីទទួលបាននូវសេចក្ដីប្រកាសខាងលើ បានបង្កឲ្យកម្មករទាំងអស់ មានការជ្រួលច្របល់យ៉ាងខ្លាំង ។ តាមព័ត៌មានថា ពួកគេបានធ្វើការស្រាវជ្រាវភ្លាមៗ និងបានដឹងខ្លះៗថា ថៅកែមានបំណងបិទទ្វាររោងចក្រមួយនេះ ហើយទៅបង្កើតរោងចក្រថ្មីមួយទៀត នៅកន្លែងផ្សេង ។ ប្រភពដដែលបានបន្តថា ពួកគេមិនខ្វល់ពីការបិទរោងចក្រក្រោមលេសអ្វីទេ ប៉ុន្តែថៅកែត្រូវគោរព ច្បាប់ស្ដីពីការងារផង ចង់បិទចង់បើកស្រេចលើថៅកែទេ តែអ្វីដែលសំខាន់ គឺថៅកែត្រូវតែទូទាត់ប្រាក់ឈ្មួល និងប្រាក់បំណាច់ពាក់ព័ន្ធផ្សេងៗ ជាមួយកម្មករឲ្យបានដាច់ស្រឡះសិន ។ កម្មករអាចរកការងារកន្លែងផ្សេងទៀតបាន ប៉ុន្តែអ្វីដែលប្រឈមនោះគឺ បើគ្មានការទូទាត់ទៅតាមច្បាប់ការងារទេ ពួកគេគ្មានប្រាក់សម្រាប់បង់ថ្លៃ ផ្ទះជួលស្នាក់នៅ ថ្លៃធ្វើដំណើរ ឬការចំណាយដទៃទៀតនោះឡើយ ពួកគេប្រឈមមុខជាមួយម្ចាស់ផ្ទះជួលគ្រប់ពេលទាំងអស់ ។
ប៉ូលិសបាននិយាយថា កម្មករ កម្មការិនី រោងចក្រខាងលើបានធ្វើការតវ៉ាច្រើនថ្ងៃកន្លងមកហើយ មានទាំងការដុតសំបកកង់រថយន្ត កង់ម៉ូតូចាស់ៗ នៅចំណុចមុខរោងចក្រ ដើម្បីទាមទាររកដំណោះស្រាយថែមទៀតផង ។ប៉ុន្តែដោយសារតែគ្មានលទ្ធផលទើបពួកគេនាំគ្នាដង្ហែក្បួនចាកចេញពីមុខរោងចក្រក្នុងបំណងទៅកាន់ក្រសួងការងារ ហើយពេលទៅដល់ចំណុច មុខផ្សារជម្ពូវ័ន ត្រូវបានអាជ្ញាធរស្ទាក់ឲ្យចូលទៅក្នុងវត្តជម្ពូវ័ន ហើយបានហៅតំណាងចំនួន១០នាក់ ទៅជួបចរចាគ្នាជាមួយថៅកែនៅក្នុងរោងចក្រ ។ ប៉ុន្តែរហូតដល់វេលាម៉ោងជាង១ រសៀលថ្ងៃដដែលនោះនៅមិនទាន់ដឹងពីលទ្ធផលនៅឡើយទេ ។
កម្មកររោងចក្រកាត់ដេរ ជីអេច អាយ លើកគ្នាមកសុំអន្តរាគមន៍ពីសម្ដេចតេជោ
ខេត្តកណ្ដាល ៖ កម្មករកម្មការិនីរោងចក្រកាត់ដេរ ជីអេចអាយ ហ្គាមេន(GHI Garments) ប្រមាណ៤០០នាក់ក្នុងចំណោម៩០០នាក់ កាលពីព្រឹកថ្ងៃទី២១ ខែមីនា បាននាំគ្នាមកលើបដានៅខាងមុខភូមិគ្រឹះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅទួលក្រសាំង ក្រុងតាខ្មៅ ក្នុងគោលបំណងសុំឱ្យសម្ដេចជួយអន្តរាគមន៍ដោះស្រាយវិវាទរវាងកម្មករនិងថៅកែរោងចក្រ ដែលកម្មករបានចោទថា ថៅកែរោងចក្រគាបសង្កត់មកលើកម្មករ និងមិនគោរពកិច្ចសន្យាតាមច្បាប់ស្តីពីការងារ ។
ការមករកអន្តរាគមន៍នេះគឺ បន្ទាប់ពីក្រុមកម្មករកម្មការិនី កាលពីថ្ងៃទី១៨ ខែមីនា បាននាំគ្នាធ្វើបាតុកម្មនៅលើផ្លូវជាតិ ដោយលើកបដាទាមទារសិទ្ធិការងាររបស់ខ្លួន និងបាននាំគ្នាយកមែកឈើដាក់ទទឹផ្លូវង និងឈរបិទផ្លូវជាតិលេខ២ នៅខាងមុខរោងចក្រ ស្ថិតនៅភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ អស់រយៈពេលជាង៤ម៉ោង នៅតែមិនទទួលបានដំណោះស្រាយ ។
តំណាងកម្មករបានប្រាប់ឱ្យដឹងថា មកដល់ពេលនេះ ការទាមទាតវ៉ារបស់កម្មករកម្មការិនីសុំឱ្យសម្ដេចជួយអន្តរាគមន៍គឺ ៖
ទី១-សុំឲ្យថៅកែរោងចក្រទទួលយកកម្មករដែលបានបញ្ឈប់កន្លងមកចូលធ្វើការវិញ និងទាមទាសុំកុំបញ្ឈប់កម្មករពីការងារដោយគ្មានមូលហេតុ ។
ទី២-សុំទាមទារប្រាក់ថ្លៃបាយមួយថ្ងៃ៣ពាន់រៀល
ទី៣-សុំទាមទារកុំឱ្យថៅកែរោងចក្រគាបសង្កត់មកលើកម្មករខុសពីច្បាប់ស្ដីពីសិទ្ធិការងារ ។
តំណាងកម្មករនិយាយទៀតថា បន្ទាប់ពីក្រុមកម្មករបានឈរលើកបដានៅខាងមុខភូមិគ្រឹះអស់រយៈពេលជាង២ម៉ោង ខាងតំណាងខុទ្ទកាល័យរបស់សម្ដេច បានអនុញ្ញាតឱ្យតំណាងកម្មករយកញតិ្តទៅដាក់និងនិយាយថា នឹងយកញត្តិទាមទារបស់កម្មករស្នើសុំអន្តរាគមន៍នេះទៅរាយការណ៍ជូនសម្ដេច និងរាយការណ៍ជូនមន្ត្រីរាជរដ្ឋាភិបាលឱ្យជួយដោះស្រាយជូនកម្មករកម្មការិនី ។
នៅវេលាម៉ោង១០ព្រឹកថ្ងៃដដែល ក្រុមកម្មករកម្មការិនី ក៏បានបែកគ្នាចាកចេញពីមុខភូមិគ្រឹះសម្ដេច ទៅផ្ទះរៀងៗខ្លួន ។
គួររំឭកថា កាលពីព្រឹកថ្ងៃ១៨ ខែមីនា ក្រុមកម្មករកម្មការិនីរោងចក្រខាងលើ បានធ្វើបាតុកម្មបិទផ្លូវជាតិលេខ២ អស់រយៈពេលជាង៤ម៉ោង ធ្វើឲ្យចរាចរណ៍ត្រូវគាំងស្ទើរទាំងស្រុង ដោយរថយន្តធំៗរាប់រយគ្រឿងចតត្រៀបត្រានៅលើផ្លូវជាតិចម្ងាយរាប់ពាន់ម៉ែត្រ។ ចំណែករថយន្តធុនតូចនិងទោចក្រ យានយន្ត ត្រូវធ្វើចរាចរណ៍តាមផ្លូវវាង ៕
ចែករំលែកព័តមាននេះ