ខេត្តប៉ៃលិន ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយកើតឡើង បន្ទាប់ពីគេប្រទះឃើញសពស្ត្រីម្នាក់ ត្រូវភ្លើងឆេះខ្លោចពេញរាងកាយ ស្ទើរមើលមិនយល់នៅក្នុងចម្ការតាង៉ែនហៅមៀនប៉ៃលិនរបស់ស្ត្រីរងគ្រោះ ដែលឆ្ងាយពីភូមិប្រហែល៤ ទៅ៥គីឡូម៉ែត្រ ហើយករណីនេះត្រូវគេសង្ស័យថា អាចគាត់រត់ទៅពន្លត់ភ្លើងឆេះព្រៃ ដែលរាលមកឆេះចម្ការគាត់ ហើយរត់ទាក់វ័រដួលងើបមិនរួច ក៏ត្រូវភ្លើងឆេះស្លាប់រលេសរលួយតែម្តង ។
ហេតុការណ៍ប្រទះឃើញសពស្ត្រីរងគ្រោះនេះ បានកើតឡើងកាលពីវេលាម៉ោង០៦ និង៣០នាទីព្រឹកថ្ងៃទី២១ មីនា ស្ថិតនៅចំណុចក្បែរបន្ទាយយោធាវរសេនាតូចលេខ៥០៧ ជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិបហ៊ុយត្បូង សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ។
សពស្ត្រីរងគ្រោះមានឈ្មោះណឹប លាង អាយុ៣៥ឆ្នាំ ជាចុងភៅធ្វើម្ហូប ក្នុងបន្ទាយយោធាខាងលើ មានប្តីឈ្មោះឈឺ ធី អាយុ៣៦ឆ្នាំ ជាយោធា ស្នាក់នៅក្នុងបន្ទាយយោធាខាងលើ ។ ប្រភពបន្តថា រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ អាកាសធាតុក្តៅខ្លាំង គួរឱ្យកត់សម្គាល់ ហើយក៏មានអ្នកលួចដុតព្រៃក្បែរចម្ការនោះជាញឹកញាប់ដែរ ។ លុះរហូតដល់ថ្ងៃទី២០ មីនា កន្លងទៅ ភ្លើងព្រៃបន្តឆាបឆេះលើភ្នំក្បែរចម្ការតាង៉ែនរបស់ពួកគាត់ ដោយបាននាំគ្នាចេញទៅពន្លត់ម្តងរួចទៅហើយ ក្រោយមកនាំគ្នាត្រឡប់ទៅស្នាក់នៅក្នុងបន្ទាយវិញ ។
លោកបញ្ជាក់ថា កាលពីរសៀលថ្ងៃកើតហេតុ ប្តីរបស់ស្ត្រីរងគ្រោះមិននៅទេ ដោយជាប់រវល់ទៅទិញសម្ភារនៅឯផ្សារសាមគ្គី ហៅប៉ាហ៊ី ហើយប្រហែលស្ត្រីរងគ្រោះឃើញភ្លើងកំពុងឆាបឆេះព្រៃភ្នំ រាលដាលចូលទៅឆេះចម្ការរបស់ខ្លួន ទើបស្ទុះរត់ទៅម្នាក់ឯង ដើម្បីពន្លត់ភ្លើងនោះ ។ តែជាអកុសល ដោយសារទាក់ជើងនឹងខ្សែវ័ល្លិ៍ដួលសន្លប់នៅនឹងកន្លែង លុះភ្លើងឆេះសន្ធោរសន្ធៅ ក៏រាលមកលេបត្របាក់ជនរងគ្រោះស្លាប់តែម្តង ។
ចំណែកបុរសឈ្មោះឈឺ ធី ជាប្តីស្ត្រីរងគ្រោះឱ្យដឹងដែរថា មុនពេលកើតហេតុ គាត់មិនបានដឹងថា ប្រពន្ធរបស់ខ្លួនទៅកន្លែងភ្លើងឆេះចម្ការនោះឡើយ ខណៈពេលត្រឡប់មកពីផ្សារដល់បន្ទាយវិញ ស្រាប់តែបាត់ប្រពន្ធ ។ លុះសួរនាំមិត្តភក្តិ និងយោធានៅក្នុងបន្ទាយ គ្មាននរណាម្នាក់ដឹងថា គាត់ទៅណានោះទេ ហើយក៏បាត់ខ្លួនអស់រយៈពេល១យប់ ។ លុះព្រឹកឡើងស្រាប់តែមានគេមកប្រាប់ថា ប្រពន្ធរបស់ខ្លួនត្រូវភ្លើងឆេះស្លាប់បាត់ទៅហើយ ទើបបង្ការភ្ញាក់ផ្អើលតែម្តង ។
ចែករំលែកព័តមាននេះ