រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្រែកទ្រហោយំ រហូតលែងខ្មាសអៀនអ្នកដទៃ បន្ទាប់ពីដឹងថាបានចាញ់ល្បិចជនខិលខូចម្នាក់អស់ម៉ូតូស៊េរីទំនើបមួយគ្រឿង និងបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៥០នាទីល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ នៅក្នុងបុរីញូថោន ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះមានឈ្មោះ ឡឹង វាសនា អាយុ២៨ឆ្នាំ ជាជាងសំណង់ ស្នាក់នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅភូមិព្រៃល្វា ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រីឯម៉ូតូដែលបាត់នោះម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FG-0665។ តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូ១គ្រឿង ទៅទទួលប្រពន្ធដែលចេញពីធ្វើការនៅរោងចក្រកាត់ដេរមួយកន្លែង។ លុះពេលដល់ពាក់កណ្ដាលផ្លូវបានជួបនឹងជនសង្ស័យម្នាក់នោះ កំពុងនៅក្បែររថយន្តមួយគ្រឿង ហើយជននោះបានស្ទាក់ឲ្យឈប់ និងបានប្រើល្បិចថារថយន្តរបស់ខ្លួនខូច។ បន្ទាប់មកបានឲ្យបុរសរងគ្រោះជូនទៅផ្ទះរបស់ខ្លួននៅក្នុងបុរីញូថោន។
ប្រភពដដែលបានបន្តថា ខណៈដែលជនរងគ្រោះបានយល់ព្រមឌុប ដោយមិនដឹងថាជននោះមានគំនិតខិលខូចនោះឡើយ លុះពេលឌុបទៅដល់ចំណុចកើតហេតុខាងលើ បានឲ្យជនរងគ្រោះឈប់នៅមុខផ្ទះល្វែងមួយ និងបានប្រាប់ថានេះគឺជាផ្ទះរបស់ខ្លួនហើយ។ បន្ទាប់ពីឃើញជនរងគ្រោះជឿជាក់ និងទុកចិត្តហើយ ជនកំហូចបានខ្ចីម៉ូតូជិះដោយប្រាប់ឲ្យជនរងគ្រោះចាំនៅផ្ទះនេះសិន ព្រោះមានការបន្តិច ហើយជនរងគ្រោះបានឲ្យខ្ចីម៉ូតូជិះដោយគ្មានការសង្ស័យអ្វីឡើយ ព្រោះយល់ថាទីនោះគឺជាផ្ទះរបស់ជននោះហើយ មិននឹកស្មានថាជារឿងចាញ់បោកគេនោះទេ។
ចំណែកជនសង្ស័យ ក្រោយពេលបានម៉ូតូដល់ដែហើយ ក៏បានជិះយ៉ាងលឿនគេចខ្លួនទៅបាត់ស្រមោល រីឯបុរសរងគ្រោះក្រោយចាំបាត់ៗ ដឹងថាចាញ់បោកជនខិលខូចហើយ ឈឺចិត្តផង ស្ដាយម៉ូតូផង និងខ្លាចប្រពន្ធស្ដីបន្ទោសផង ក៏បានស្រែកទ្រហោយំ បន្ទាប់មកបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលចោមចៅ ដើម្បីស្វែងរកជនកំហូចម្នាក់នោះ៕
ចែករំលែកព័តមាននេះ