រាជធានីភ្នំពេញ ៖ សិស្សវិទ្យាល័យថ្នាក់ទី ១២ មួយក្រុមមានគ្នា ៩ នាក់ ដោយក្នុងនោះមានទាំងសិស្សជនជាតិខ្មែរ និងអន្តរជាតិ បានបង្កើតកម្មវិធីតាំងពិព័រណ៍សិល្បៈពិសេសរបស់ពួកគេនៅឯអាគារ The Commune ក្នុងខណ្ឌទួលគោក ក្រោមប្រធានបទ «វប្បធម៌ និងបរិស្ថានកម្ពុជា» ដែលមានរយៈពេលជាងមួយសប្តាហ៍ គឺចាប់ពីថ្ងៃទី ១៦ ដល់ទី ២៤ ខែតុលា ឆ្នាំ ២០២១ ។
ក្រុមសិស្សរៀនថ្នាក់ទី ១២ នៃសាលាអន្តរជាតិភ្នំពេញ ISPP បង្ហាញស្នាដៃរបស់ពួកគេ នៅអាគារ The Commune ។ រូបភាព ៖ ស្រី គំនិត ក្នុងកិច្ចសំភាសន៍ជាសារព័ត៌មានកោះសន្តិភាព នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២១ យុវជន Nathan Ra តំណាងឱ្យក្រុមបានប្រាប់ថា ៖ «ការតាំងពិព័រណ៍នេះគឺបង្ហាញថា ផែនដីដែលយើងរស់នៅបច្ចុប្បន្នមិនត្រឹមតែសម្រាប់យើង ប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងសម្រាប់មនុស្សជំនាន់ក្រោយរស់នៅផងដែរ ។ ដូច្នេះវាជាតួនាទី និងកាតព្វកិច្ចរបស់យើង ក្នុងការអភិរក្សវប្បធម៌ និងបរិស្ថាន នៃប្រពៃណីរបស់ប្រទេសកម្ពុជា ដ៏ស្រស់ស្អាតមួយនេះ ដូចអ្វីដែលមនុស្សជំនាន់មុនបានធ្វើនិងបន្សល់ទុក សម្រាប់យើងផងដែរ» ។
Nathan ជាជនជាតិកូរ៉េ មានវ័យ ១៧ ឆ្នាំ ឈរក្បែររូបថតរបស់គាត់ ។ រូបថត ៖ ស្រី គំនិត យុវជន Nathan ជាជនជាតិកូរ៉េ វ័យ ១៧ ឆ្នាំរូបនេះ បានបន្តថា ៖ «ខ្ញុំចង់លើកស្ទួយវប្បធម៌ដ៏ស្រស់ស្អាត នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈស្នាដៃសិល្បៈនៃមជ្ឈដ្ឋានផ្សេងៗ ដើម្បីឱ្យគ្រប់គ្នាយល់ពីសារៈសំខាន់ នៃការអភិរក្សបរិស្ថាន និងភពផែនដី ដែលយើងកំពុងរស់នៅ» ។
ផលិតដោយប្រើឥដ្ឋអេកូ-ដបប្លាស្ទិក បំពេញទៅដោយប្លាស្ទិកនៅក្នុងដបដើម្បីកែច្នៃឡើងវិញ ។ រូបថត ៖ ស្រី គំនិត Nathan បន្ថែមថា មិនត្រឹមតែមានស្នាដៃថតរូបប៉ុណ្ណោះទេ ថែមទាំងមានរូបគំនូរ និងបំណែកច្នៃប្រឌិត ដែលផលិតដោយប្រើឥដ្ឋអេកូ-ដបប្លាស្ទិក បំពេញទៅដោយប្លាស្ទិកនៅក្នុងដបដើម្បីកែច្នៃឡើងវិញ ដែលជាលើកទីមួយនៅក្នុងប្រទេសយើង ។
ជាមួយគ្នានេះផងដែរ នៅក្នុងកម្មវិធីពិព័រណ៍របស់ក្រុមយុវជន យុវនារី ជាតិ និងអន្តរជាតិ ពួកគេបានចង្អុលបង្ហាញ អំពីអត្ថន័យផ្សេងៗគ្នានៃរូបគំនូរ និងរូថត ដែលពួកគេបានធ្វើការងារនេះរួមគ្នាដូចនេះថា វាបានបង្ហាញអំពីវប្បធម៌និងតម្រូវការ ការពារបរិស្ថាន និងកិច្ចសហការពីប្រជាពលរដ្ឋម្នាក់ៗ ។
Douk Tiffany ។ រូបថត ៖ ស្រី គំនិត Douk Tiffany គឺជាយុវនារីម្នាក់ទៀត ដែលជាអ្នកធ្វើកិច្ចការក្នុងក្រុមនេះផងដែរ បានប្រាប់កោះសន្តិភាព ថា ៖ «ការតាំងពិព័រណ៍សិល្បៈនេះ គឺដើម្បីលើកកម្ពស់ប្រពៃណីខ្មែរ បង្កើននូវតម្លៃនៃវប្បធម៌ខ្មែរ ជាពិសេសក្នុងនាមយើងជាយុវជនខ្មែរ យើងចង់ជម្រុញក៏ដូចជាលើកទឹកចិត្តដល់យុវជនខ្មែរដទៃទៀត ឱ្យស្រឡាញ់វិស័យគំនូរនិងសិល្បៈខ្មែរផងដែរ» ។
រូបថត ៖ ស្រី គំនិត យុវនារី Tiffany បានបន្តថា ៖ «ប្រាក់ចំណេញដែលទទួលបានពីការតាំងពិព័រណ៍នេះ នឹងឆ្ពោះទៅរកការទិញ និងដំឡើងបន្ទះសូឡា ដើម្បីជួយដល់សិស្សសាលា នៅក្នុងភូមិជនបទដាច់ស្រយាល ដែលគ្មានអគ្គិសនីប្រើប្រាស់ ដែលនេះជាជម្រើសប្រកបដោយនិរន្តរភាព សម្រាប់ពួកគេផងដែរ» ។
រូបគំនូរតាំងនៅអាគារ The Commune ក្នុងខណ្ឌទួលគោក ។ រូបថត ៖ ស្រី គំនិត សូមជម្រាប់ជូនផងដែរថា សមាជិកដែលចូលរួមបង្កើតស្នាដៃនេះឡើង ជាសិស្សរៀនថ្នាក់ទី ១២ នៃសាលាអន្តរជាតិភ្នំពេញ ISPP មានឈ្មោះថា Nathan Ra, Lim Tymean, Douk Tiffany, Heng Siyanit, Taing Dararith, Tang Bunsan, Lim Kimvibol, Meng Mayor, និង Am Phat ហើយពួកគាត់ទាំងអស់សុទ្ធសឹងតែមានអាយុត្រឹមតែ ១៧ ឆ្នាំប៉ុណ្ណោះ ។ ចំណែកឯការដាក់តាំងលក់រូបគំនូរ និងរូបថត មានតម្លៃចាប់ពី ៥០ ដុល្លារអាមេរិក រហូតដល់ ២៤០ ដុល្លារតែប៉ុណ្ណោះ ៕
រូបគំនូរតាំងនៅអាគារ The Commune ក្នុងខណ្ឌទួលគោក។ រូបថត៖ ស្រី គំនិត រូបគំនូរតាំងនៅអាគារ The Commune ក្នុងខណ្ឌទួលគោក។ រូបថត៖ ស្រី គំនិត រូបគំនូរតាំងនៅអាគារ The Commune ក្នុងខណ្ឌទួលគោក។ រូបថត៖ ស្រី គំនិត រូបគំនូរតាំងនៅអាគារ The Commune ក្នុងខណ្ឌទួលគោក។ រូបថត៖ ស្រី គំនិត រូបគំនូរតាំងនៅអាគារ The Commune ក្នុងខណ្ឌទួលគោក។ រូបថត៖ ស្រី គំនិត
ចែករំលែកព័តមាននេះ