រាជធានីភ្នំពេញ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកើសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិង២នាក់ទៀតរងរបួសធ្ងន់ ដោយសារផ្ទុះកង់រថយន្តនៅក្នុងឃ្លំាងកងវិស្វកម្មក្រសួងការពារជាតិ ។
ឧបទ្ទវហេតុនេះ បានកើតឡើងនៅវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី២១ មីនា ២០១៦ ស្ថិតក្នុងភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ ។
សេចក្តីរាយការណ៍បានបញ្ជាក់ទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះទំាង៣នាក់ បានដោះកង់រថយន្តដែលបែកយ៉ាន់យកទៅផ្សារ ខណៈនោះទំនងជាកង់រថយន្តឡើងកម្តៅខ្លំាងបណ្តាលឲ្យផ្ទុះប៉ើងទៅទល់នឹងដំបូលឃ្លំាងទំាងមនុស្សនិងកង់រថយន្ត និងស្លាប់អ្នកបើកបររថយន្តឈ្មោះ លី ប៊ុនហៀង អាយុ៤៧ឆ្នាំ មានទីលំនៅក្នុងស្រុកស្អាង ខេត្តកណ្តាល និង ទាហានវិស្វកម្ម២នាក់ទៀតរងរបួសធ្ងន់ ម្នាក់ឈ្មោះ កឹម សូ អាយុ៤០ឆ្នាំ និង សេក ឌីណា អាយុ៤៧ឆ្នាំ ។
នៅពេលនេះ អ្នករបួសបានត្រូវបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ ចំណែកជនរងគ្រោះដែលស្លាប់កំពុងរៀបចំបញ្ជូនទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីជាតិនៅស្រុកកំណើត ៕
ចែករំលែកព័តមាននេះ