រាជធានីភ្នំពេញ ៖ ឆ្លងចរន្តអគ្គិសនីបង្កជាក្លាយទៅអណ្ដាតភ្លើងឆាបឆេះខ្សែភ្លើង និងខ្សែកាប្លិ៍អុបទិក យ៉ាងសន្ធោសន្ធៅ រហូតដាច់ធ្លាក់រាយប៉ាយពេញផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកជួយអន្តរាគមន៍កាលពីវេលាម៉ោង៤និង១០នាទីទៀបភ្លឺថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចក្បែរស្តុបវត្តនាគវ័ន្ត តាមបណ្ដោយផ្លូវ១១២កែងនឹងផ្លូវ២២១ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានផ្សែងហុយចេញពីបង្គោលភ្លើង ខណៈពេលដែលប្រជាពលរដ្ឋរស់នៅជុំវិញនោះនៅមិនទាន់ភ្ញាក់ពីដំណេកនៅឡើយ។ បន្ទាប់មកក៏ស្រាប់តែមានការផ្ទុះបែកផ្កាភ្លើងចេញពីខាងលើបង្គោលនោះ ដែលមានខ្សែភ្លើង និងខ្សែកាប្លិ៍អុបទិក ជាច្រើនសរសៃ ធ្វើឱ្យមានសភាពរញ៉េរញ៉ៃខ្លាំងមែនទែន។ រហូតលេចចេញជាអណ្ដាតភ្លើងឆាបឆេះខ្សែភ្លើង និងខ្សែកាប្លិ៍អុបទិក ដែលនៅខាងលើបង្គោលយ៉ាងសន្ធោសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាចេញពីក្នុងផ្ទះ និងបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យប្រមាណជិត១០បំពង់ទៅបាញ់ពន្លត់អណ្ដាតភ្លើង តែដោយមិនអាចគ្រប់គ្រងស្ថានការណ៍បាន។ ប្រជាពលរដ្ឋក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យឲ្យមកជួយអន្តរាគមន៍តែម្តង។

ប្រភពដដែលបន្តថា បន្ទាប់មក ក៏មានសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យនៃការិយាល័យបង្ការ និងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន២គ្រឿង បានចុះមកដល់ទីតាំងកើតហេតុ និងបានបាញ់ទឹកអស់បន្តិចបន្តួចក៏រលត់ជាស្ថាពរ។ ហើយចំពោះហេតុការណ៍ខាងលើនេះ គឺមិនបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋនោះទេ គ្រាន់តែខូចខាតប្រអប់កុងទីន័រអគ្គិសនីចំនួន៣ប្រអប់ ខ្សែភ្លើងអគ្គិសនី និងខ្សែកាប្លិ៍អុបទិក ជាច្រើនខ្សែ ត្រូវបានឆេះដាច់ធ្លាក់រាយប៉ាយពេញផ្លូវរងការខូចខាត ហើយចំពោះមូលហេតុសមត្ថកិច្ចបានសន្និដ្ឋានថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕






ចែករំលែកព័តមាននេះ