ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ស្រី​ឯក​អគ្គ​រាជ​ទូត​ស៊ុយ​អែត​ស្វែង​យល់​ពី​វិស័យ​ទេស​ចរណ៍

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ កាល​ពី​ថ្ងៃ​ទី​៦ មេសា លោក​ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍ បាន​អនុ​ញ្ញាត​ឱ្យ​លោក​ស្រី Anne Hog Lund ឯក​អគ្គ​រាជ​ទូត​ស៊ុយ​អែត​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​​ចូល​ជួប​សម្តែង​ការ​គួរ​សម និង​​ពិភាក្សា​ការ​ងារ​នៅ​ទីស្តី​ការ​ក្រសួង។ ក្នុង​​ជំនួប​ពិភាក្សា​នេះ​លោក​ស្រី​ឯក​អគ្គ​រាជ​ទូត​ស៊ុយ​អែត​មាន​គោល​បំណង​សិក្សា​ស្វែង​យល់​អំពី​ការ​រីក​ចម្រើន​​វិស័យ​ទេស​ចរណ៍​នៅ​កម្ពុជា ព្រម​ទាំង​ចូល​រួម​ជំរុញ​ភ្ញៀវ

រាជ​ធានី​ភ្នំពេញ ៖ កាល​ពី​ថ្ងៃ​ទី​៦ មេសា លោក​ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍ បាន​អនុ​ញ្ញាត​ឱ្យ​លោក​ស្រី Anne Hog Lund ឯក​អគ្គ​រាជ​ទូត​ស៊ុយ​អែត​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​​ចូល​ជួប​សម្តែង​ការ​គួរ​សម និង​​ពិភាក្សា​ការ​ងារ​នៅ​ទីស្តី​ការ​ក្រសួង។ ក្នុង​​ជំនួប​ពិភាក្សា​នេះ​លោក​ស្រី​ឯក​អគ្គ​រាជ​ទូត​ស៊ុយ​អែត​មាន​គោល​បំណង​សិក្សា​ស្វែង​យល់​អំពី​ការ​រីក​ចម្រើន​​វិស័យ​ទេស​ចរណ៍​នៅ​កម្ពុជា ព្រម​ទាំង​ចូល​រួម​ជំរុញ​ភ្ញៀវ​ទេស​ចរ​ និង​អ្នក​វិនិ​យោគ​ពី​ប្រទេស​ស៊ុយ​អែត​មក​កម្ពុជា។

លោក​រដ្ឋ​មន្ត្រី ថោង ខុន បាន​ជម្រាប​ជូន​ភ្ញៀវ​ថា ក្រោម​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា បាន​នាំ​ឱ្យ​កម្ពុជា​បច្ចុ​ប្បន្ន​មាន​សុខ​សន្តិ​ភាព ស្ថិរ​ភាព​នយោ​បាយ សន្តិ​សុខ សណ្តាប់​ធ្នាប់​ពេញ​លេញ និង​មាន​ការ​អភិ​វឌ្ឍ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​ ក្នុង​នោះ​វិស័យ​ទេស​ចរណ៍​ក៏​មាន​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​ផង​ដែរ។ លោក​រដ្ឋ​មន្ត្រី ថោង ខុន បាន​គូស​បញ្ជាក់​ថា ឆ្នាំ​២០១០​កន្លង​ទៅ​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេស​ចរ​២,៥០​លាន​នាក់ ក្នុង​កំណើន​១៦​ភាគ​រយ។ ដោយ​ឡែក​សម្រាប់​២​ខែ​ ដើម​ឆ្នាំ​២០១១​នេះ ​ទទួល​ភ្ញៀវ​ទេស​ចរ​បាន​ជាង​កន្លះ​លាន​នាក់ កើន​ឡើង​១៦,៥​ភាគ​រយ ហើយ​រំពឹង​ថា​ឆ្នាំ​២០១១ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេស​ចរ​ប្រមាណ​២,៨​លាន​នាក់។

លោក​រដ្ឋ​មន្ត្រី​​បាន​ជម្រាប​ជូន​ភ្ញៀវ​​អំពី​តំបន់​ជា​សក្តា​នុពល​ទេស​ចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ​មាន​តំបន់​ទេស​ចរណ៍​វប្ប​ធម៌​នៅ​ខេត្ត​​សៀម​រាប តំបន់​អេកូ​ទេស​ចរណ៍ និង​ទេស​ចរណ៍​ធម្ម​ជាតិ​នៅ​តំបន់​ឆ្នេរ និង​នៅ​តំបន់​ភូមិ​ភាគ​ឦសាន​ ដែល​ពោរ​ពេញ​ទៅ​ដោយ​កន្លែង​កំសាន្ត​ល្អ​មិន​ចាញ់​ប្រទេស​ជិត​ខាង​ឡើយ។ លោក​ស្រី Anne Hog Lund បាន​សម្តែង​​ការ​ចាប់​អារម្មណ៍​ចំពោះ​ការ​រីក​ចម្រើន​នៃ​វិស័យ​ទេស​ចរណ៍​របស់​កម្ពុជា និង​បាន​សន្យា​ចូល​រួម​សហ​ការ​ជំរុញ​ភ្ញៀវ​ទេស​ចរ​ប្រទេស​ស៊ុយ​អែត មក​កម្ពុជា​ឱ្យ​បាន​ច្រើន​ថែម​ទៀត ជា​ពិសេស​លោក​ស្រី​ជួយ​ជំរុញ​អ្នក​វិនិ​យោគ​ស៊ុយ​អែត​មក​កម្ពុជា​ឱ្យ​បាន​ច្រើន​ផង​ដែរ។

លោក​រដ្ឋ​មន្ត្រី​មាន​គម្រោង​អញ្ជើញ​មន្ត្រី​ទូត​ទាំង​អស់​ប្រចាំ​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​ធ្វើ​ដំណើរ​ទស្សន​កិច្ច​នៅ​តំបន់​ទេស​ចរណ៍​ក្នុង​ប្រទេស​កម្ពុជា ដូច​ជា​នៅ​តំបន់​ឆ្នេរ ភូមិ​ភាគ​និរតី និង​តំបន់​ភូមិ​ភាគ​ឦសាន​ដែល​មាន​៤​ខេត្ត គឺ​ខេត្ត​ក្រចេះ ស្ទឹង​ត្រែង រតន​គិរី និង​មណ្ឌល​គិរី។ គម្រោង​នេះ​នឹង​អាច​ប្រព្រឹត្ត​ទៅ​ក្នុង​ខែ​ឧសភា ខាង​មុខនេះ ក្នុង​គោល​បំណង​ឱ្យ​មន្ត្រី​ទូត​នានា​បាន​ស្វែង​យល់​​ពី​សក្តា​នុពល​​ទេស​ចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា៕