ធ្លាក់យន្តហោះប៊ូអ៊ីង៧៣៧នៅភាគខាងត្បូងរុស្ស៊ី ស្លាប់៦២នាក់
យន្តហោះប៊ូអ៊ីង៧៣៧មួយគ្រឿងរបស់ក្រុមហ៊ុនអាកាចរណ៍អេមីរ៉ាត់ អារ៉ាប់រួម FLYDUBAI បានធ្លាក់កាលពីព្រឹកថ្ងៃទី១៩ មីនា នៅព្រលានយន្តហោះ ROSTOV SUR-LE-DON…
យន្តហោះប៊ូអ៊ីង៧៣៧មួយគ្រឿងរបស់ក្រុមហ៊ុនអាកាចរណ៍អេមីរ៉ាត់ អារ៉ាប់រួម FLYDUBAI បានធ្លាក់កាលពីព្រឹកថ្ងៃទី១៩ មីនា នៅព្រលានយន្តហោះ ROSTOV SUR-LE-DON…
យន្តហោះប៊ូអ៊ីង៧៣៧មួយគ្រឿងរបស់ក្រុមហ៊ុនអាកាចរណ៍អេមីរ៉ាត់ អារ៉ាប់រួម FLYDUBAI បានធ្លាក់កាលពីព្រឹកថ្ងៃទី១៩ មីនា នៅព្រលានយន្តហោះ ROSTOV SUR-LE-DON ភាគខាងត្បូងប្រទេសរុស្ស៊ី បណ្តាលឱ្យអ្នកដំណើរ និងក្រុមអាកាសយានិកសរុប៦២នាក់ស្លាប់បាត់បង់ជីវិត ។ អាកាសយានិកបានព្យាយាមចុះចតចំនួន២លើកក្រោមអាកាសធាតុដ៏អាក្រក់ ប៉ុន្តែយន្តហោះបានអុកយ៉ាងខ្លាំងនៅលើដីដោយខ្ទាតចេញពីផ្លូវ និងផ្ទុះឆាបឆេះដ៏សន្ធោសន្ធៅធ្វើឱ្យបំណែកខ្ទាតរបាត់រប៉ាយ ។
ក្រុមហ៊ុនអាកាសចរណ៍ FLYDUBAI ហៅផងដែរថា ក្រុមហ៊ុន DUBAI AVIATION បានថ្លែងតាមប្រព័ន្ធ FACEBOOK ថា ខាងក្រុមហ៊ុនសូមសម្តែងការសោកស្តាយ និងបញ្ជាក់ថា យន្តហោះជើងហោះហើរ FZ 981 ជួបគ្រោះថ្នាក់ធ្លាក់ ខណៈពេលចុះចតធ្វើឱ្យមនុស្សជិះក្នុងនោះស្លាប់ទាំងអស់ ។ បុគ្គលិកផ្នែកស៊ើបអង្កេតរុស្ស៊ីបានបញ្ជាក់ថា អ្នកដំណើរ និងក្រុមយានិកសរុប៦២នាក់ស្លាប់បាត់បង់ជីវិត ដោយកើនលើសពីរបាយការណ៍ដំបូងដែលបង្ហាញថា មានអ្នកស្លាប់ត្រឹមតែ៦១នាក់ ។ បុគ្គលិកផ្នែកស៊ើបអង្កេតថ្លែងថា តាមទិន្នន័យលើកដំបូងឃើញថា ក្នុងយន្តហោះនេះមានអ្នកដំណើរចំនួន៥៥នាក់ និងក្រុមយានិក៧នាក់ ក្នុងនោះពុំមាននរណាម្នាក់នៅរស់រានមានជីវិតឡើយ ។
តាម LIFE NEWS ជាទីភ្នាក់ងារព័ត៌មានក្នុងស្រុកថា អ្នកដំណើរទាំងអស់នៅលើយន្តហោះនេះជាជនជាតិរុស្ស៊ី និងមានក្រុមយានិកជាជនបរទេស ។ សោកនាដកម្មដែលនឹកស្មានមិនដល់នេះកើតឡើងគួរឱ្យភ័យខ្លាច ព្រោះមានអណ្តាតភ្លើងឆេះសន្ធោសន្ធៅ ខណៈពេលក្រសួងសភាពការណ៍បន្ទាន់រុស្ស៊ីបញ្ជាក់ថា ក្រុមជួយសង្គ្រោះជាង៥០០នាក់ រួមជាមួយរថយន្តពន្លត់អគ្គិភ័យចំនួន៦០គ្រឿង ត្រូវចំណាយពេលជាង១ម៉ោងដើម្បីពន្លត់ភ្លើង ។ LIFE NEWS បញ្ជាក់បន្តទៀតថា ខណៈពេលកើតហេតុមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់បោកបក់ខ្លាំង ហើយអាកាសយានិកហោះក្រឡឹងដល់ទៅ២ម៉ោង ក្រោយមកក៏សម្រេចចិត្តចុះចតម្តងទៀត បណ្តាលឱ្យកើតគ្រោះថ្នាក់នេះ ។ ឧបទ្ទវហេតុដែលបានកើតឡើងតម្រូវឱ្យយន្តហោះផ្សេងៗទៀតត្រូវប្តូរទីតាំងចុះចតនៅឯអាកាសយានដ្ឋាន KRASNODA ឆ្ងាយពីអាកាសយានដ្ឋាន ROSTOV-SUR-LE-DON ទៅភាគខាងត្បូងប្រហែល៣០០គីឡូម៉ែត្រ ។ រុស្ស៊ីបានបង្កើតក្រុមស៊ើបអង្កេត ដើម្បីរកប្រភពដើមនៃសោកនាដកម្មយន្តហោះលើកនេះ រួមទាំងស៊ើបឱ្យដឹងថា តើមានការល្មើសលើច្បាប់សុវត្ថិភាពនៃការហោះហើរដែរឬអត់ ?
គណៈកម្មការស៊ើបអង្កេតរបស់រុស្ស៊ីបានបញ្ជាក់ថា នឹងស្រាវជ្រាវថា តើយន្តហោះប៊ូអ៊ីង៧៣៧នេះធ្លាក់ដោយសារកំហុសរបស់អាកាសយានិក ឬក៏ដោយសារការរអាក់រអួលផ្នែកបច្ចេកទេស ។ ស្របពេលជាមួយគ្នានេះដែរ លោកឌីមីទ្រី ប៉េស្កូវ អ្នកនាំពាក្យវិមានក្រឹមឡាំងបញ្ជាក់ថា លោកប្រធានាធិបតីវ្ល៉ាឌីមៀរ ពូទីន បានចេញបញ្ជាឱ្យមន្ត្រីដែលពាក់ព័ន្ធត្រូវផ្តល់ជំនួយជួយដល់ក្រុមគ្រួសារអ្នកដំណើរ និងក្រុមយានិកដែលស្លាប់ ។
យន្តហោះជើងហោះហើរ៩៨១របស់ក្រុមហ៊ុន FLYDUBAI ហោះមកទីក្រុងឌូបៃនេះបានធ្លាក់នៅខាងឆ្វេងផ្លូវចុះឡើងនៃព្រលានយន្តហោះក្រុង ROSTOK-SUR-LE-DON នាវេលាម៉ោងប្រមាណជា៣និង៥០នាទីម៉ោងនៅក្រុងមូស្គូ ពេលប៉ុនប៉ងចុះជាលើកទី២ ក្នុងលក្ខខណ្ឌមើលមិនច្បាស់ ព្រោះមានភ្លៀងធ្លាក់ខ្លាំង ។ យន្តហោះនេះបានបែកជាច្រើនបំណែក ហើយមានភ្លើងឆាបឆេះ តែក្រោយមកត្រូវបានពន្លត់ ។ ក្នុងចំណោមអ្នកស្លាប់ទាំង៦២នាក់ មានកុមារ៤នាក់ ។ ជនរងគ្រោះភាគច្រើនជាជនជាតិរុស្ស៊ី ហើយសញ្ជាតិរបស់ជនបរទេសឯទៀតៗនៅពុំទាន់កំណត់នៅឡើយ ៕
ចែករំលែកព័តមាននេះ