ខេត្តកណ្ដាល ៖ សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញក្នុងព្រៃចុងចារ ក្នុងភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកខ្សាច់កណ្ដាល មានចម្ងាយពីវត្តខ្សាច់ប្រមាណ១ពាន់ម៉ែត្រ កាលពីម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ បន្ទាប់ពីប្រពន្ធបាននាំទៅឱ្យលោកសង្ឃស្រោចទឹក ដោះអំពើ បណ្ដេញខ្មោចព្រាយចេញពីក្នុងខ្លួន ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឱ្យដឹងថា សពជនរងគ្រោះត្រូវបានគេស្គាល់ថាឈ្មោះ កុល បូរិន ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ មានជំងឺសរសៃប្រសាទ មានប្រពន្ធឈ្មោះ ឡឹក សុផៃ អាយុ៣១ឆ្នាំ មុខរបរកសិករ មានទីលំនៅសព្វថ្ងៃនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ប្រពន្ធសពឱ្យសមត្ថកិច្ចដឹងថា ជនរងគ្រោះមានជំងឺសរសៃប្រសាទ ដែលគាត់ជាប្រពន្ធ និងក្រុមគ្រួសារមានជំនឿថា ត្រូវអំពើគេ មានខ្មោច ព្រាយបិសាចសណ្ឋិតនៅក្នុងខ្លួន ។ នៅថ្ងៃទី១០ មីនា ឈ្មោះ ប្រាក់ ចន្ទ័ ជាម្តាយបង្កើត និងប្រពន្ធបាននាំជនរងគ្រោះមកឱ្យលោកសង្ឃស្រោចទឹកព្យាបាលជំងឺ ដោះអំពើនៅក្នុងវត្តខ្សាច់ក្នុងភូមិ -ឃុំកើតហេតុខាងលើ តែសភាពជំងឺរបស់ជនរងគ្រោះមិនបានធូរស្បើយទេ គឺចេះតែរត់ស្រែកយំ ស្រែកឲ្យគេជួយ មិនដេក មិនហូបបាយ មិនផឹកទឹក ។ លុះដល់ថ្ងៃទី១៣ មីនា ពេលម៉ោង១២ថ្ងៃត្រង់ ជនរងគ្រោះបានរត់ចេញពីវត្តមិនដឹងទៅទីណា ម្តាយ និងប្រពន្ធបានដើររកតែមិនរកឃើញសោះ ។ ដោយរកអស់ចិត្តក៏បានត្រឡប់ទៅលំនៅដ្ឋានវិញ ។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី១៩មីនា នគរបាលប៉ុស្តិ៍អរិយក្សត្របានទទួលព័ត៌មានពីប្រជាពលរដ្ឋថា បានប្រទះឃើញសាកសពមនុស្សប្រុសដេកស្លាប់មានសភាពហើមស្អុយនៅក្នងព្រៃចុងចារ ស្ថិតក្នុងភូមិខ្សាច់ ចម្ងាយពីវត្តខ្សាច់ប្រមាណ១ពាន់ម៉ែត្រ ក៏បានទៅពិនិត្យដល់កន្លែងកើតហេតុ និងជូនដំណឹងដល់គ្រួសារសព ។
ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចនគរបាលបានបង្កើតគណៈកម្មការត្រួតពិនិត្យ និងធ្វើកោសល្យវិច្ច័យសព សន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយជម្ងឺប្រចាំកាយ មិនមានស្លាកស្នាមជាអំពើឃាតកម្មទេ ហើយក្រុមគ្រួសារសពក៏មានការឯកភាពដែរ និងបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ