រាជធានីភ្នំពេញ ៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ Ganzberg futsal Cup 2016នឹងបើកការប្រកួតជាផ្លូវការនៅថ្ងៃទី២៦ មីនា ខាងមុខនេះ ។ នេះបើតាមការឱ្យដឹងពីលោក ម៉ា សេរី អ្នកគ្រប់គ្រងកម្មវិធីកីឡាប្រចាំស្ថានីយទូរទស្សន៍ស៊ីធីអិន តាមរយៈសន្និសីទកាសែតមួយដែលបានធ្វើឡើងកាលពីថ្ងៃសៅរ៍ទី១៩ មីនា កន្លងមកនេះ ។
លោក ម៉ា សេរី បានឱ្យដឹងទៀតថា គណៈកម្មការរៀបចំការប្រកួតបានចម្រាញ់យកតែ៣២ក្រុមសម្រាប់ឡើងមកប្រកួតនៅវគ្គជម្រុះបន្តតាមរូបមន្តចាញ់ជ្រុះតែម្ដង ដើម្បីរកក្រុមចំនួន៤ប៉ុណ្ណោះសម្រាប់ប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រដណ្ដើមយកតំណែងជើងឯកប្រចាំឆ្នាំ២០១៦។ ក្រុមទាំង៣២នេះមានក្រុមអាណាចក្របៃតង ក្រុមRolling(B),Home Sport, Unacas FC, Ov mal true brads, Ful Time FC, Rolling(A), Blure Fox FC, យុវជន៧មករា, Nagara, RCA FC, Mokot Pic Cam FC,Jotun Epm ,ដានីញ៉ែល អែហ្វស៊ី, Victory FC, KSR, FCS, Brown FC, Holly Sport, 3G FC,Victory Youth, GCS United, The M Team, Khmer Heart FC, Daun Penh FC(B), Home Sport FC, Panda Sport, Premium SC, Daun Penh FC(A), Sky FC, Pisnoka(A) និង Prathna FC ។
គួរំលឹកផងដែរថា ក្រុមទាំង៣២ដែលបានឡើងមកដល់វគ្គប្រកួតជម្រុះនៅក្នុងពេលនេះ គឺសុទ្ធតែបានឈ្នះពីការប្រកួតជម្រុះវគ្គ៧២ក្រុមដែលបានធ្វើឡើងរយៈពេល២ថ្ងៃគឺនៅថ្ងៃទី៩ និងទី១០មីនា កន្លងមកនេះ ។ ការប្រកួតធ្វើឡើងរៀងរាល់ថ្ងៃសៅរ៍ចាប់ពីម៉ោង៨យប់នៅលើទីលានសិប្បនិមិ្មតទួលគោក ក្នុងមួយថ្ងៃមាន២ប្រកួត និងមានការចាក់ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ My TV។ ការប្រកួតវគ្គជម្រុះ៣២ក្រុមនេះចាប់ផ្ដើមធ្វើឡើងពីថ្ងៃទី២៦ មីនា និងបញ្ចប់ត្រឹមថ្ងៃទី១៦ កក្កដា ឆ្នាំ២០១៦ ។ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ Ganzberg Futsal Cup2016 នេះធ្វើឡើងដើម្បីរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់នៅកម្ពុជា ដែលបច្ចុប្បន្នកំពុងតែមានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនខ្មែរ ។ ម្យ៉ាងវិញទៀតក៏ជាការចូលរួមបំផុសដល់យុវជនខ្មែរឱ្យចូលរួមលេងកីឡា ចៀសវាងការប្រព្រឹត្តអំពើមិនល្អ ដូចជាការសេពគ្រឿងញៀនជាដើម ៕
ចែករំលែកព័តមាននេះ