រាជធានីភ្នំពេញ ៖ ទន្ទឹមនឹងការបង្កើតជាសហគមន៍សេដ្ឋកិច្ចអាស៊ាន មានជនបរទេសមករកស៊ីនៅស្រុកខ្មែរច្រើន ជាពិសេស មកពីប្រទេសម៉ាឡេស៊ី និងសិង្ហបុរី តែយើងមិនអាចទៅគេវិញបាន ដោយសារយើងអត់មានចំណេះដឹង និងមានបទពិសោធន៍ស្ទើរក្នុងវិស័យអចលនទ្រព្យដើម្បីប្រកួតប្រជែងបាន ទាំងក្នុងតំបន់ និងក្រៅតំបន់ ដែលតម្រូវឲ្យយើងពង្រឹងសមត្ថភាព ។ សព្វថ្ងៃ នៅកម្ពុជាមានក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុកជាច្រើន ប៉ុន្តែបើឲ្យវាយតម្លៃលើសណ្ឋាគារកម្រិតផ្កាយ៥ និងអគារកម្រិតផ្កាយ៥ គឺរកមនុស្សចេះម្នាក់អត់មាន ដែលមានតែជនជាតិអឺរ៉ុបប៉ុណ្ណោះដែលចេះ ។ នេះបើតាមការលើកឡើងពីលោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ផ្តល់កិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្នុងកិច្ចប្រជុំសមាជិកទូទៅប្រចាំត្រីមាសទី១ ឆ្នាំ២០១៦ ។
លោកគីម ហ៊ាង មានប្រសាសន៍បន្តថា ៖ « ដោយសារតែខ្ញុំមើលឃើញពីសមត្ថភាពរបស់អ្នកវិជ្ជាជីវៈក្នុងប្រទេសកម្ពុជា នៅមានកម្រិតដែលភាគច្រើនគាត់ធ្វើតាមគ្នា ហើយបើបានរៀន ក៏មិនមានលក្ខណៈផ្លូវការដែរ ។ ដូចនេះ ទាមទារឲ្យយើងចុះ MOU ជាមួយអង់គ្លេស ម៉ាឡេស៊ី និងសិង្ហបុរី ដើម្បីឲ្យពួកគេមកបង្រៀនយើង ។ ការបង្រៀនរបស់ស្ថាប័នទាំងនោះចែកចេញជា៣កម្រិត គឺខាងអង់គ្លេសមកបង្រៀនកម្រិតនាយកក្រុមហ៊ុន, ម៉ាឡេស៊ីមកបង្រៀនដល់បុគ្គលិក ដែលជាសមាជិករបស់សមាគម ចំណែកខាងសិង្ហបុរី គឺជាការសហការគ្នាបែបលក្ខណៈជាសមាគមដូចគ្នា ។ អីុចឹងហើយអ្វីដែលគេនឹងមកបង្រៀន និងចែករំលែកបទពិសោធន៍ឲ្យនូវអ្វីដែលគេបានឆ្លងកាត់កាលពី៣០ឆ្នាំមុន » ។
ក្រៅពីបង្ហាញការពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងវិស័យអចលនទ្រព្យ ប្រធានសមាគម CVEA បានគូសបញ្ជាក់ពីការវិវឌ្ឍនៅក្នុងវិស័យនេះថា ៖ « ក្នុងរយៈពេល៣ខែដើមឆ្នាំនេះឃើញថា ការលក់ដូរក្នុងផ្នែកខុនដូ និងផ្នែកផ្សេងទៀតមានលក្ខណៈធម្មតា ។ បើយើងនិយាយទៅ វាស្ងាត់ជាងប៉ុន្មានឆ្នាំមុនៗ ព្រោះថា វាដល់ដំណាក់ការមួយដែលតម្លៃហាក់បីដូចចង់ចាល់ ។ ភ្ញៀវមួយចំនួនដែលគាត់ចង់លក់ ខ្ញុំឃើញថា គាត់ក៏ពិបាកលក់ដែរ ដោយសារតម្លៃលក់នៅលើមាត់ ប៉ុន្តែជាទូទៅ យើងនៅតែទិញបានអីុចឹង។ ចំពោះតម្លៃដីផ្ទះនៅក្នុងក្រុងភ្នំពេញមិនអាចចុះថ្លៃបានទេ ត្រង់ថា លក់បានលឿនឬឆាប់ វាជារឿងមួយ មានន័យថា បើសេដ្ឋកិច្ចល្អអ្នកទិញច្រើនលក់បានលឿន តែបើចង់ឲ្យធ្លាក់ថ្លៃ គឺមិនអាច » ។
លោកបន្ថែមទៀតថា ៖ « ហានិភ័យវាតែងតែមាន ប៉ុន្តែសម្រាប់ហានិភ័យនៅក្នុងឧស្សាហកម្មនេះទាំងមូល គឺអត់មានទេ មានតែហានិភ័យសម្រាប់បុគ្គល ដោយសារប្រជាជនមួយចំនួនគាត់ឃើញគេរកស៊ីក្នុងវិស័យដីធ្លីបានចំណេញ។ ជាទូទៅ អ្នកលក់ដីឡូត៍នៅក្នុងស្រុកតូចតាចគ្មានផលប៉ះពាល់ទេទាក់ទងនឹងសេដ្ឋកិច្ច ប៉ុន្តែទាក់ទងនឹងសារាចររបស់រាជរដ្ឋាភិបាល ដោយសារសព្វថ្ងៃអ្នកលក់ដីឡូត៍មួយចំនួនគាត់ទិញដីឡូត៍មានប្លង់រឹងយកទៅដាក់បញ្ចាំនៅធនាគារ ពុះដីឡូត៍លក់ ហើយគាត់ធ្វើលិខិតផ្ទេរសិទ្ធិទៅឲ្យអ្នកទិញ ដោយយកលុយពីធនាគារមកប្រើ ប៉ុន្តែនៅពេលណាមួយរាជរដ្ឋាភិបាលប្រកាសថា ដីឡូត៍ទាំងអស់នៅពេលលក់ត្រូវមានប្លង់រឹងទៅឲ្យអ្នកទិញ នៅពេលនោះអ្នកពុះដីឡូត៍ នឹងក្ស័យធន » ៕
ចែករំលែកព័តមាននេះ