ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុកពាមឧកញ៉ាអុង បារម្ភពីការបាត់មុខរបរត្បាញកន្ទេលកក់

2 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល ៖ កីតម្បាញកន្ទេលអ្នកស្រុក ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល ហាក់បានបាត់សំឡេងពីមួយឆ្នាំទៅមួយឆ្នាំ ។ អង្គុយលើកី តម្បាញ…

ខេត្តកណ្ដាល ៖ កីតម្បាញកន្ទេលអ្នកស្រុក ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល ហាក់បានបាត់សំឡេងពីមួយឆ្នាំទៅមួយឆ្នាំ ។ អង្គុយលើកី តម្បាញ អ្នកស្រី នាង ចិន្តា អាយុជាង ៣០ ឆ្នាំ អ្នកភូមិព្រែកតាអុង ២ បានឱ្យដឹងថា ដើមឡើយអ្នកស្រុកប្រកបរបរត្បាញកន្ទេលសឹងគ្រប់ផ្ទះ ប៉ុន្តែឥឡូវ តីតម្បាញបានទើរទុកអស់ជាច្រើនហើយ ដោយអ្នកស្រុកពិសេសក្មេងៗទៅធ្វើការផ្សេងនៅតាមរោងចក្រ និងម្យ៉ាងទៀតដោយសារជំងឺកូវីដ ១៩ ទីផ្សារកាន់តែលំបាក បានធ្វើឲ្យស្រុកងាកទៅរកចំណូលផ្សេងៗ ។ ជាមួយក្តីបារម្ភពីបញ្ហាចំណូលផង និងការបាត់បង់ប្រពៃណីត្បាញរបស់អ្នកភូមិផង ចន្តាបានចោទសួរថា បើអត់មុខរបស់នេះ តើបានអ្វីហូប ? អ្នកខ្លះគេធ្វើស្រូវ ។ 

«បើនិយាយពីផ្ទះខ្ញុំ តាំងពីខ្ញុំអាយុ ១៧ ឆ្នាំ ខ្ញុំត្បាញរហូតហើយកាលពីជំនាន់លោកយាយរបស់ខ្ញុំក៏ធ្វើដែរ ។ ដោយកូនៗរបស់ពួកគាត់ ឆ្លៀតជួយត្បាញខ្លះដែរ នៅថ្ងៃសម្រាកពីការងារ» អ្នកស្រី ចន្តា រៀបរាប់ឲ្យដឹង ។  

សូមជម្រាបថា កក់ និងក្រចៅជាវត្តុធាតុដើមសំខាន់នៅក្នុងផលិតកន្ទេល ។ វត្ថុធាតុដើមនេះអ្នកស្រុកដាំដុះដោយខ្លួនឯងផង និងទិញពីពលរដ្ឋនៅជិតៗតំបន់នោះផង ។ អ្នកស្រី សយ សារុំ អាយុ ៥៣ ឆ្នាំ កំពុងតែអង្គុយកូតសម្បកដើមក្រចៅស្រទាប់ខាងក្រៅ ដែលជាស្រទាប់មិនសូវស្វិតចេញ នៅក្រោមផ្ទះរបស់ខ្លួនកម្ពស់ខ្ពស់ជាង ៣ ម៉ែត្រ ។ 

ស្រ្តីអ្នកត្បាញរូបនេះបានឲ្យដឹងថា អ្នកភូមិព្រែកតាអុងដាំដើមក្រចៅដោយខ្លួនឯង ដើម្បីយកមកធ្វើខ្សែត្បាញកន្ទេលហើយក្រចៅដែលប្រមូលបានក្នុងមួយរដូវក្នុងមូយឆ្នាំ ។ «ខ្ញុំមានដីប្រាំងក្បាលជាង ២០ ម៉ែត្រ ដាំក្រចៅបានផលប្រហែលជា ៣០ គីឡូ ។ ក្នុង ១០ គីឡូក្រាមក្រចៅ ត្បាញកន្ទេលបាន ១០០ គីឡូក្រាមកក់ ដូច្នេះផលដែលបាន អាចត្បាញកក់បានប្រហែល ៣០០ គីឡូក្រាមដែរ» ។ គ្រួសារអ្នកស្រីបានដាំទាំងកក់ និងក្រចៅហើយត្បាញកន្ទេលដោយខ្លួនឯងផង ។  «មួយថ្ងៃខ្ញុំត្បាញបាន ២ កន្ទេល ហើយកន្ទេលតូចលក់ឱ្យឈ្មួញ ១ បានតម្លៃ ៦ ម៉ឺនរៀល បើអាធំបានតម្លៃ ៨ ម៉ឺនរៀល ។

នៅក្នុងបរិបទជំងឺកូវីដ ១៩ កំពុងរាតត្បាតនេះ អ្នកស្រុកដែលនៅតែបន្តរបរត្បាញកន្ទេលនៅតែអង្គុយត្បាញដដែល ចំណែកតម្លៃកន្ទេលវិញបានចុះថ្លៃបន្តិច ។ លោកយាយ យ៉ា ណយ កំពុងតែត្បាញកន្ទេលក្រហមបានរៀបរាប់ឲ្យដឹងថា បច្ចុប្បន្ននៅភូមិព្រែកតាអុង ១ មិនសូវមានអ្នកត្បាញកន្ទេលក្រហមដូចពីមុននោះទេក្រោយមានបង្កើតរោងចក្រយុវជន យុវនារីគេនាំគ្នាទៅធ្វើការរោងចក្រស្ទើអស់ពីភូមិទៅហើយ នៅឡើយសល់តែចាស់ៗនាំគ្នាត្បាញកន្ទេលកក់ និងសម្រាប់ទុកប្រើប្រាក់ក្នុងផ្ទះ គឺជាប្រពៃណីរបស់គ្រួសារមួយចំនួនឭដែលរស់នៅក្នុងភូមិព្រែកតាអុងនេះ ។ ទោះជាយ៉ាងណា នៅពេលបច្ចុប្បន្ននេះ មានគ្រួសារតិចតួចប៉ុណ្ណោះដែលនៅនន្តរក្សាកេរដូនតាមួយនេះ ដោយជំនួសមកវិញដោយការទិញកន្ទេលស្រាប់ ។   

អ្នកស្រី សុខ នាង ពលរដ្ឋអ្នកត្បាញកន្ទេលម្នាក់ទៀត រៀបរាប់ថាដរាបណាអ្នកស្រីនៅមានកម្លាំងអ្នកស្រី នៅតែបន្តធ្វើកន្ទេលកក់នេះតទៅមុខទៀត បើទោះបីជាអ្នកភូមិរបស់អ្នកស្រីដែលធ្លាប់ត្បាញកន្ទេលកក់បានបោះបង់មុខរបរនេះចោលស្ទើតែទាំងអស់ក៏ដោយ ។

ដោយឡែកអ្នកនាង លាភ នីណា បានបញ្ជាក់ថា ទោះបីកូវីដ ១៩ មិនថមថយក៏ដោយអ្នកពាមឱញ៉ាអុង មិនបានបោះមុខរបរត្បាញកន្ទេលក្រហមនោះឡើយ គឺម្នាក់ៗមានការប្រុងប្រយ័ត្នគ្រប់ពេលពាក់ម៉ាស់ លាងដៃជាប្រចាំ ។ កន្ទេលដែលត្បាញបានឈ្មួញមកទិញដល់ផ្ទះ គ្រាន់តែតម្លៃរៀងចុះបន្តិចដែរ ។

 អ្នកភូមិខាងលើ ដែលមានមុខរបរជាអ្នកត្បាញកន្ទេលក្រហម សូមអំពាវនាវផងដែរដល់ប្រជា ពលរដ្ឋខ្មែរបន្តជួយគាំ ទ្រទិញផលិតផលកន្ទេលក្រ ហមរបស់ពួកគាត់ផង ម៉្យាងដើម្បីជួយរក្សាស្នាដៃ និងមរតកតាំងពីដូនតា និងម៉្យាងទៀតក៏ដើម្បីជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅតាមជនបទអោយមានការងារធ្វើនិងមានជីវភាពធូរធាមួយកម្រិតថែមទៀតផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ