ខេត្តបន្ទាយមានជ័យ ៖ ចោរវ័យក្មេងម្នាក់ ត្រូវបានសមត្ថកិច្ចក្របួចជាប់នៅក្នុងហាងកាហ្វេមួយកន្លែង កាលពីវេលាម៉ោងជាង៥ល្ងាចថ្ងៃទី១៩ មីនា ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត បន្ទាប់ពីប្រើល្បិចឆបោកយកម៉ូតូ១គ្រឿងពីមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតកាលពីរសៀលថ្ងៃទី១៨ មីនា ។
ជនសង្ស័យមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ ។ មុនពេលកើតហេតុ មាននារីម្នាក់ជិះម៉ូតូម៉ាកស្គូពី ស៊េរីឆ្នាំ២០១៣ មួយគ្រឿង ទៅផ្ញើនៅក្បែរមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហើយក៏ដើរចូលទៅផ្សាររុងក្លឿរកទិញទំនិញ លុះត្រឡប់មកវិញស្រាប់តែបាត់ម៉ូតូ ។ សន្តិសុខយាមនៅមាត់ច្រកទ្វារម្នាក់និយាយថា ជនសង្ស័យបានប្រើល្បិចថា ម៉ូតូនោះជារបស់ខ្លួនអស់សាំងសុំរុញយកទៅចាក់សាំង ស្រាប់តែបាត់រហូតក៏នាំគ្នាតាមរកក៏ឃើញម៉ូតូនៅហាងកាហ្វេដោយចំណាំជនសង្ស័យទើបសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចច្រកទ្វារអន្តរជាតិប្រគល់ឲ្យខាងកងកម្លាំងកងរាជអាវុធហត្ថដើម្បីចាត់ការបន្ត ។
គួរបញ្ជាក់ថា ជនសង្ស័យម្នាក់នេះ កន្លងមកធ្លាប់លួចម៉ូតូម៉ាកឃ្លីក ពណ៌ខ្មៅ មួយគ្រឿង របស់ស្ត្រីបុគ្គលិកកាស៊ី ហើយត្រូវម្ចាស់តាមរកឃើញប្តឹងសន្តិសុខចាប់ខ្លួនប្រគល់ឲ្យនគរបាលម្តងដែរ តែសមត្ថកិច្ចថា ដោយសារម្ចាស់ម៉ូតូមិនប្តឹង ម្យ៉ាងយល់ថា ជនសង្ស័យនៅក្មេងក៏អប់រំណែនាំហើយដោះលែងទៅវិញ ៕
ចែករំលែកព័តមាននេះ