រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានគូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានកើនដល់៩៩.៤៨%សម្រាប់មនុស្សចាស់ និងកុមារបានចំនួន៩០.២៧% បើធៀបនឹងចំនួនកំណត់ ។
ក្រសួងបានលើកឡើងយ៉ាងដូច្នេះថា ៖« កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ មាន៩៩,៤៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី១២ឆ្នាំទៅក្រោម១៨ឆ្នាំ មាន ៩០,២៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ មាន ៩៨,៥៦% ធៀបជាមួយនឹងប្រជាជនគោលដៅ១,៨៩៧, ៣៨២ នាក់»។
ជាមួយគ្នានោះដែរ ក្រសួងក៏បានឲ្យដឹងអំពីចំនួនអ្នកដែលបានចាក់ដូសទី៣ ឬដូសជំរុញថា មានចំនួន១.៤៣១.៥៨២នាក់ នៅទូទាំងប្រទេស ។
សូមជម្រាបថា កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជាទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac) ចំនួន២លានដូសទៀតហើយ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិនជូនរាជរដ្ឋាភិបាលកម្ពុជា ។
ការផ្តល់នេះ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់ចិនបង្ហាញជំហរថា ចិននៅតែបន្តផ្តល់វ៉ាក់សាំង និងសម្ភារៈពេទ្យមកកម្ពុជា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ រហូតយកឈ្នះជំងឺនេះទាំងស្រុង ។ ប្រទេសចិន គឺជាប្រទេសដំបូងគេដែលបានផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មកកាន់ប្រទេសកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២១ ។
មកដល់ពេលនេះ វ៉ាក់សាំង ដែលរដ្ឋាភិបាលចិនបានផ្តល់ជាជំនួយមកកម្ពុជាមានចំនួនសរុប៦លាន៨០ម៉ឺនដូស ហើយមកដល់ពេលនេះកម្ពុជាបានទទួលវ៉ាក់សាំងពីប្រទេសចិនទាំងជំនួយ និងការបញ្ជាទិញមានចំនួនសរុប៣២លាន៨សែនដូស ។
វត្តមានវ៉ាក់សាំងរបស់ចិនបានធ្វើឱ្យកម្ពុជាសម្រេចផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័ស និងមុនផែនការគ្រោងទុក ។
តាមរយៈការចាក់វ៉ាក់សាំងនេះ ធ្វើឲ្យរដ្ឋាភិបាលពិចារណាបើកប្រទេសជាបណ្តើរៗ និងដំណាក់កាលដោយបានធ្វើការកាត់បន្ថយរយៈពេលនៃការធ្វើចត្តាឡីស័កចំពោះអ្នកចាក់វ៉ាក់សាំងបានគ្រប់ដូស ។
មួយរយៈពេលមកនេះ អត្រាការឆ្លងជំងឺកូវីដ១៩ សង្កេតឃើញថាមានចំនួនខ្ទង់២០០ឬជាង២០០នាក់ ចំណែកអ្នកស្លា.ប់មានការកើនថ្ងៃខ្លះ និងថយចុះថ្ងៃខ្លះ ៕
ចែករំលែកព័តមាននេះ