ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ និង​យុ​វ័យ​មាន​អាយុ​ក្រោម​១៨​ឆ្នាំ មិនមែន​ជា​ក្រុម​ហានិភ័យ​ដែល​មានការ​ចម្លង​កូ​វី​ដ​សកម្ម​នោះ​ទេ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ថា កន្លង​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ដាក់​ចេញ​នូវ​សេចក្តីណែនាំ​លេខ​០២៧/២១ សណ​ន ចុះ​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២១ ស្តី​ពី​ការ​បង្ហាញ​ប័ណ្ណ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ថា កន្លង​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ដាក់​ចេញ​នូវ​សេចក្តីណែនាំ​លេខ​០២៧/២១ សណ​ន ចុះ​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២១ ស្តី​ពី​ការ​បង្ហាញ​ប័ណ្ណ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ឬ​ប័ណ្ណ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ឬ​លិខិតបញ្ជាក់​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ រាល់ពេល​ចេញ​-​ចូល​គ្រឹះស្ថានសិក្សា ផ្សារ និង​ទីតាំង​អាជីវ​កម្មដ្ឋាន​នានា​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​នោ​៖ តាម​រយៈ​ការ​តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ​ជាប់​ជា​ប្រចាំ រដ្ឋបាល​រាជធានី​ភ្នំពេញ សង្កេត​ឃើញ​ថា កុមារ និង​យុវវ័យ​មាន​អាយុ​ក្រោម ១៨​ឆ្នាំ មិនមែន​ជា​ក្រុម​ហានិភ័យ​ដែល​មានការ​ចម្លង​សកម្ម ប៉ុន្តែ គឺជា​ក្រុម​ដែល​ងាយ​រង​គ្រោះ​ពី​ការ​ចម្លងជំងឺ​កូ​វី​ដ​-១៩​។

សេចក្ដីជូនដំណឹង​បានឱ្យ​ដឹង​ទៀត​ថា ឈរ​លើ​មូលដ្ឋាន​ខាងលើ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​ដាក់​ចេញ​នូវ​សេចក្តីណែនាំ​បន្ថែម ដល់​គណៈនាយក ឬ​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន សិស្ស​-​និស្សិត មាតាបិតា​អាណាព្យាបាល និង សាធារណៈជន​ទាំងអស់ នូវ​គោលការណ៍​ដូច​ខាងក្រោម ៖ ១-​ចំពោះ​កុមារ និង​យុវវ័យ​ដែល​មាន​អាយុ ចាប់ពី ៦​ឆ្នាំ ដល់​ក្រោម ១៨​ឆ្នាំ និង​កុមារ​ដែល​មាន​អាយុ​ក្រោម ៦​ឆ្នាំ មិន​មាន​កាតព្វកិច្ច​បង្ហាញ​បណ្ណ​ចាក់​វ៉ាក់សាំង​នោះ​ទេ រាល់ពេល​ចេញ​-​ចូល​សិក្សា​នៅ​តាម​ទីតាំង​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ក៏​ដូច​ជា បណ្ណាល័យ បណ្ណាគារ អាហារ​ដ្ឋា​ន​តូប​អាហារ និង​តូប​ភេសជ្ជៈ ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​គ្រឹះស្ថានសិក្សា​នីមួយ​ៗ​។

២-​គណៈនាយក ឬ​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​ទាំងអស់ ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​រៀបចំ​យន្តការ ដើម្បី​ត្រួតពិនិត្យ​ប័ណ្ណ​ចាក់​វ៉ាក់សាំង​របស់​សាស្ត្រាចារ្យ លោកគ្រូ​-​អ្នកគ្រូ បុគ្គលិក អប់រំ មាតាបិតា​-​អាណាព្យាបាល និង​ភ្ញៀវ​ដែល​ចេញ​-​ចូល​មក​ទំនាក់ទំនង​ការងារ​ផ្សេង​ៗ ឱ្យ​បាន​ត្រឹមត្រូវ​មុន​នឹង​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​គ្រឹះស្ថានសិក្សា​។ ដោយឡែក ចំពោះ​កុមារ និង​យុវវ័យ​ដែល​មាន​អាយុ​ក្រោម ១៨​ឆ្នាំ ក៏​ត្រូវ​បាន​លើកលែង​កាតព្វកិច្ច​បង្ហាញ​បណ្ណ​ចាក់​វ៉ាក់សាំង​ផង​ដែរ រាល់ពេល​ចេញ​-​ចូល​ទៅ​ទំនាក់ទំនង​សាកសួរ​ព័ត៌មាន​ផ្សេង​ៗ នៅ​តាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​ទាំងអស់ ក្នុង​រាជធានី​ភ្នំពេញ​។ ៣-​បន្ថែម​លើ​វិធានការ​ត្រួតពិនិត្យ​បណ្ណ​ចាក់​វ៉ាក់សាំង តាម​គោលការណ៍​ណែនាំ​ខាងលើ​នេះ​៖ គណៈនាយក ឬ​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​ទាំងអស់ ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បន្ត​យកចិត្តទុកដាក់​អនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ឱ្យ​បាន​ម៉ឺងម៉ាត់ ជា​អាទិ៍ កាតព្វកិច្ច​ពាក់​ម៉ាស កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ការ​ធ្វើ​អនាម័យ​ដើម្បី​សម្លាប់​មេរោគ ការ​វាស់​កម្តៅ និង​ការ​ស្កេ​ន QR Code ។​ល​។

ស្រប​តាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា (SOP) របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​សេចក្តីណែនាំ​លេខ ០២៣ សណ​ន ចុះ​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២១ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ជា​ពិសេស​ត្រូវ​ប្រកាន់ខ្ជាប់​ជា​និច្ច​នូវ​វិធានការ «៣ ការពារ និង ៣​កុំ​» របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ទទួល​បាន​សេចក្តីណែនាំ​នេះ​៖ នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ទាំង​១៤ ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​រាជធានី​ភ្នំពេញ ប្រធាន​មន្ទីរ​-​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ជុំវិញ​រដ្ឋបាល រាជធានី​ភ្នំពេញ គណៈនាយក ឬ​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន សិស្ស​-​និស្សិត មាតាបិតា​-​អាណាព្យាបាល និង​សាធារណៈជន ព្រមទាំង​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ចូលរួម​អនុវត្ត​តាម​ខ្លឹមសារ​នៃ​សេចក្តីណែនាំ​បន្ថែម​នេះ​៖ ឱ្យ​មាន​ប្រសិទ្ធភាព និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ