ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រៅពី​សមត្ថភាព​ប្រកួត ចំណេះដឹង​គឺជា​រឿង​ចាំបាច់ សម្រាប់​ស៊ី​ហ្គេ​ម​២០២៣

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ យោង​តាម​ការ​បញ្ជាក់​ពី​​លោក​ វ៉ា​ត់ ចំរើន បាន​អះអាង​ថា ក្ន​ង​ការ​ត្រៀមខ្លួន​សម្រាប់​បើក​ការ​ប្រកួត​ស៊ី​ហ្គេ​ម ​

​រាជធានីភ្នំពេញ ៖ យោង​តាម​ការ​បញ្ជាក់​ពី​​លោក​ វ៉ា​ត់ ចំរើន បាន​អះអាង​ថា ក្ន​ង​ការ​ត្រៀមខ្លួន​សម្រាប់​បើក​ការ​ប្រកួត​ស៊ី​ហ្គេ​ម ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២៣ កម្ពុជា​មិនមែន​គិតគូរ​តែ​រឿង​ហ្វឹកហាត់​បង្កើន​សមត្ថភាព​ដើម្បី​ប្រកួត​តែ​ម្យ៉ាង​ទេ តែ​ក៏​ត្រូវ​ពង្រឹង​ចំណេះដឹង និង​ពិធីការ​រាល់​គ្រប់​កីឡាករ និង​មន្ត្រី​រៀបចំ​ផង​ដែរ​។ លោក​ក៏​បាន​ទទូច​អោយ​កីឡាករ​ទាំងអស់ ត្រូវ​តែ​បង្កើន​ការ​ស្វែង​យល់​ពី​លក្ខណៈ​ពិសេស​របស់​ប្រទេស​នីមួយ​ៗ ព្រោះ​បើ​ការ​រៀបចំ​ស៊ី​ហ្គេ​ម កម្ពុជា​គ្មាន​ការ​ប្រាស្រ័យ​ទាក់ទង​រវាង​គ្នា​នឹង​គ្នា​បាន​ល្អ​ទេ​ក៏​ជា​រឿង​ចន្លោះ​ប្រហោង​ផង​ដែរ ដោយ​មិនមែន​គ្រាន់តែ​ផ្ដល់​ស្នាមញញឹម និង​ប្រឹង​ដណ្ដើម​មេដាយ​តែ​មួយ​មុខ​នោះ​ទេ​។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) និង​ជា​គ្រូឧទ្ទេស​មួយ​រូប​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​ថា ការ​ត្រៀមខ្លួន​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​លើក​ដំបូង កីឡាករ និង ក្រុមការងារ​ទាំងអស់ ត្រូវ​តែ​ពង្រឹង​ផ្នែក​ចំណេះដឹង​អោយ​ខ្លាំង ជា​ពិសេស​ផ្នែក​ភាសាបរទេស និង ផ្នែក​បដិសណ្ឋាកិច្ច ដោយ​ចំណេះដឹង​ទាំងនេះ មិន​ពឹង​តែ​ការ​បណ្ដុះបណ្ដាល​ដោយ​ក្រុមការងារ​ទេ តែ​ក៏​ត្រូវ​សិក្សា​ស្វែង​យល់​អោយ​បាន​ច្រើន​។

លោកបន្ត​​ថា​ គណៈកម្មការ​នឹង​រៀបចំ​ក្រុម​បដិសណ្ឋាកិច្ច​ដើម្បី​ស្វាគមន៍​កីឡាករ និង​គណៈកម្មការ​បរទេស​ដែល​ចុះ​មក​ប្រកួត ប៉ុន្តែ​អ្នក​ដែល​សំខាន់​នៅ​ក្ន​ង​វិស័យ​នេះ គឺ​កីឡាករ កីឡាការិនី ព្រោះ​ក្នុង​ពេល​ដំណើរ​កម្មវិធី គឺ​ការ​ប្រាស្រ័យ​ដ៏​សំខាន់​គឺ​កីឡាករ និង អ្នក​ចូល​ប្រកួត​ឯណោះ​ទេ​។ លោក​ថា កីឡាករ​ទាំងអស់​មិនមែន​គ្រាន់តែ​ចេះ​ភាសា​ស្វាគមន៍​តែ​មួយ​ម៉ាត់​ៗ​នោះ​ទេ តែ​ក៏​ត្រូវ​មានចំណេះ​ដឹង​ភាសា​ដែល​អាច​ទាក់ទង​គ្នា អាច​ពន្យល់​ជនបរទេស​បាន ព្រោះ​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ ដាច់ខាត​ត្រូវ​តែ​មានចំណេះ​ដឹង​គ្រប់គ្រាន់ ដើម្បី​អោយ​កីឡាករ​បរទេស ដែល​មក​ប្រកួត​កក់ក្ដៅ​។ ជាក់ស្ដែង នា​ពេល​កន្លង​មក គឺ​គណៈកម្មការ​ព្យាយាម​បើក​វគ្គ​សិក្សា​ជា​រឿយ ដើម្បី​សាប​ព្រោះ​​ពី​ចំណេះដឹង​មួយ​ចំនួន ដោយ​បើក​វគ្គ​បង្រៀន​ពី​របៀប​ទំនាក់ទំនង ពី​ការ​ប្រាស្រ័យ​ទំនាក់ទំនង និង ពី​ចំណេះដឹង​ជា​សាកល​ជា​ច្រើន​ទៀត ដែល​លោក​ប្រកាស​ថា​គឺជា​រឿង​សំខាន់​។ លោក​បាន​ហៅ​វគ្គ​សិក្សា​សាមគ្គី​អូ​ឡាំ​ពិ​ក​ស្តី​ពី​រដ្ឋបាល​កីឡា នៅ​ខេត្ត​កែប និង ការ​ប្រជុំ​ផ្សេង​ៗ​នា​ពេល​កន្លង​មក​តាម​ប្រព័ន្ធ Zoom គឺជា​ការ​ចែករំលែក​ចំណេះដឹង​ជូន​ដល់​សិក្ខាកាម​ដ៏​សំខាន់​។

លោក​នៅ​តែ​ប្រកាស​ពី​ការ​បន្ត​វគ្គ​មូលដ្ឋាន​គ្រឹះ​នៃ​វគ្គ​សិក្សា​បន្តបន្ទាប់ ដើម្បី​បញ្ជ្រាប​ការ​ផ្សា​ព្វ​ផ្សាយ​អំពី​សារសំខាន់​នៃ​ដំណើរ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ ស៊ី​ហ្គេ​ម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២៣​។ ក្នុង​នោះ​កីឡាករ​កីឡាការិនី​ដាច់ខាត​ត្រូវ​តែ​ស្វែង​យល់​អោយ​បាន​ច្រើន​នូវ​ចំណេះដឹង​ផ្នែក​វប្បធម៌ សាសនា និង ចំណេះដឹង​ទូទៅ​ស្ដី​ពី​ប្រទេស​នីមួយ​ៗ​អោយ​បាន​ច្រើន ក្រៅពី​ប្រឹង​ហ្វឹកហាត់ ដោយ​របៀបរបប​ទំនាក់ទំនង​ខុស​ៗ​គ្នា​រវាង​ប្រទេស​មួយ​នឹង​ប្រទេស​មួយ ក៏​ត្រូវ​យល់​ដឹង ដើម្បី​កុំអោយ​មានការ​រិះគន់​ណាមួយ​ពី​ក្រុម​ប្រទេស​នានា​។

លោក​ចាត់​ទុក​ថា ធនធាន​សម្រាប់​ត្រៀម​ស៊ី​ហ្គេ​ម​នៅ​ឆ្នាំ​២០២៣​ខាង​មុខ មាន​ទាំង​សមត្ថភាព​ផ្នែក​កីឡា​តាម​ជំនាញ មាន​ទាំង​ចំណេះដឹង​ផ្នែក​ភាសា ហើយ​ចំណេះដឹង​ផ្សេង​ក៏​កំពុង​ត្រូវ​បាន​បង្វឹក​យ៉ាង​យកចិត្តទុកដាក់​ផង​ដែរ​។ លោក​រំពឹង​យ៉ាង​ខ្លាំង ថា​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេ​ម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២៣ នឹង​កាន់តែ​រលូន ខណៈ​ដែល​ការ​រៀបចំ​នោះ គឺ​ដើម្បី​ជួយ​ជំរុញ​ឲ្យ​វិស័យ​កីឡា​នៅ​ខេត្ត​គោលដៅ​ទាំងអស់ កាន់តែ​មាន​ភាព​រីក​ចម្រើន​បន្ថែម​ទៀត ជា​ពិសេស​គឺ​គោលដៅ​រួម​គ្នា​អភិវឌ្ឍ​ឆ្ពោះទៅ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ការ​ប្រកួត​ស៊ី​ហ្គេ​ម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២៣៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ