រាជធានីភ្នំពេញ ៖ ហ៊ឹម សេរី មកពីក្លិបតាព្រហ្មមានជ័យ ត្រូវគេផ្គូផ្គងឱ្យជួបប្រកួតជាមួយកីឡាករថៃឈ្មោះខ្វាន់ភីឈីត ស.ស៊ីសមភុងស៍ ចំណែក សែន រ៉ាដេត មកពីក្លិបអប្សរាគុនខ្មែរ ប្រកួតជាមួយកីឡាករថៃឈ្មោះ សងឃុំ ស.ចសាយបួ នៅលើសង្វៀនស៊ីធីអិន ថ្ងៃសៅរ៍ ទី១៩ មីនា នេះ។
អ្នកប្រដាល់ថៃទាំង២រូបនេះ មិនធ្លាប់មកប្រកួតនៅសង្វៀនស្រុកខ្មែរម្ដងណាឡើយ ប៉ុន្តែសម្រាប់វត្តមានពួកគេទាំង២លើកនេះ បើតាមការឱ្យដឹងពីគណៈកម្មការរៀបចំការប្រកួតថា កីឡាករកម្ពុជាមិនអាចមើលស្រាលពួកគេបានឡើយ ។ ហ៊ឹម សេរី ទើបតែប្រកួតបាន៤៥ដងប៉ុណ្ណោះ ក្នុងនោះឈ្នះ៤០ដង ចាញ់៥ដង និងធ្លាប់ផ្ដួលគូប្រកួតឱ្យសន្លប់នៅលើសង្វៀនបាន៨ដង ។ រីឯខ្វាន់ភីឈីត ស.ស៊ីសមភុងស៍ ធ្លាប់ប្រកួតបានរហូតដល់ទៅ៧៥ដង ឈ្នះ៥០ដង ចាញ់២២ដង និងស្មើ៣ដង ។ ដូច្នេះ បើយោងតាមប្រវត្តិប្រកួត ហ៊ឹម សេរី ប្រហែលជាយ៉ាប់បន្តិចហើយ ។ ម្យ៉ាង ហ៊ឹម សេរី មួយរយៈមកនេះ មិនសូវឃើញលេចមុខនៅលើសង្វៀនញឹកញាប់ដូចមុនទៀតផង ធ្វើឱ្យគេកាន់តែលែងទុកចិត្តថែមទៀត ។

ចំណែក សែន រ៉ាដេត ដែលធ្លាប់ប្រកួតបាន៣៩ដង ឈ្នះ៣១ដង ចាញ់៨ដង និងធ្លាប់ផ្ដួលគូប្រកួតឱ្យសន្លប់នៅលើសង្វៀនបាន១១ដង ប្រកួតជាមួយកីឡាករថៃឈ្មោះសងឃុំ ស.ចសាយបួ ដែលធ្លាប់ប្រកួតបាន៤៨ដង ឈ្នះ៣៥ដង ចាញ់១០ដង និងស្មើ៣ដងនោះ បើតាមការស្ទាបស្ទង់គឺអាចស៊ីសងគ្នាបាន ។ ថ្វីដ្បិតតែ សែន រ៉ាដេត មានប្រវត្តិប្រកួតតិចជាងកីឡាករថៃបន្តិចមែន តែសមត្ថភាពប្រកួតរបស់គេទាំងផ្លែកែង និងជង្គង់ គឺអាចទុកចិត្តបាន ។ ទោះបីយ៉ាងណា កីឡាករថៃក៏មានសមត្ថភាពមិនធម្មតាដែរទេ ទើបទទួលបានឱកាសមកប្រកួតនៅលើសង្វៀនស្រុកខ្មែរ ។ ជាក់ស្ដែងមួយរយៈចុងក្រោយនេះ សមាសភាពកីឡាករថៃដែលគេបញ្ជូនមកភាគច្រើនសុទ្ធតែជាជើងខ្លាំងលំដាប់ជួរមុខនិងរមែងស្ពាយជ័យជម្នះត្រឡប់ទៅវិញ ។
ចំណែកគូប្រកួតមិត្តភាពធម្មតាវិញមានកីឡាករ ព្រឿង សុជាតិ មកពីក្លិបកងពលធំអន្តរាគមន៍លេខ២ ប្រកួតជាមួយកីឡាករឡូញ វ៉ាន់ឌី មកពីក្លិបពន្លឺវិបុល ។ កីឡាករ ឡុង ជិន មកពីក្លិបខ្លារខិនមានរិទ្ធ ប្រកួតជាមួយកីឡាករ ជ័យ ប៊ុនសង់ មកពីក្លិបគីសែមានរិទ្ធ និងកីឡាករ អ៊ុំ វណ្ណេត មកពីក្លិបការិយាល័យទី៥កងទ័ពជើងគោក ប្រកួតជាមួយកីឡាករ វ៉ាន់ ចាន់វ៉េត មកពីក្លិបគីសែមានរិទ្ធ ៕
ចែករំលែកព័តមាននេះ