មេបញ្ជាការកងទ័ពអាកាសរុស្ស៊ី លោកឧត្តមសេនីយ៍ វិកទ័រ បុនដារេវ បានប្រកាសកាលពីថ្ងៃទី១៧ ខែមីនា ថា រុស្ស៊ីនឹងបង្ហើយការដកកងឯកភាពយោធាមួយផ្នែកធំចេញពីស៊ីរីតាមបញ្ជារបស់ប្រធានាធិបតី លោកវ្ល៉ាឌីមៀរ ពូទីន រយៈពេល២ឬ៣ថ្ងៃទៀត ។
លោកឧត្តមសេនីយ៍ វិកទ័រ បុនដារេវ បានថ្លែងទៅកាន់កាសែតកុំសូម៉ូលស្កាយ៉ា ប្រាវដា ថា ខ្ញុំគិតថា ការដកទ័ពនឹងបញ្ចប់ដោយឆាប់រហ័សបំផុត ។ ២ឬ៣ថ្ងៃទៀត យើងអនុវត្តចប់សព្វគ្រប់បេសកកម្មកំណត់ដោយលោកប្រធានាធិបតីពូទីន និងរដ្ឋមន្ត្រីការពារប្រទេសលោកស៊ែរហ្គេយ ឆយហ្គូ ។
លោកឧត្តមសេនីយ៍បន្តថា នេះជាដកកងទ័ព ជាពិសេសយន្តហោះនិងឧទ្ធម្ភាគចក្រ តែលោកពុំបានបញ្ជាក់ពីចំនួនយន្តហោះឬឧទ្ធម្ភាគចក្រដែលដកទៅរុស្ស៊ីវិញ ព្រមទាំងចំនួនយន្តហោះដែលនឹងរក្សាទុកនៅស៊ីរីឡើយ ។
ប្រទេសរុស្ស៊ី បានដាក់ពង្រាយនៅស៊ីរីនូវយន្តហោះទម្លាក់គ្រាប់បែកប្រមាណជា៥០គ្រឿង បណ្តាយន្តហោះវាយប្រហារមកដីព្រមទាំងឧទ្ធម្ភាគចក្រទាំងឡាយ ដែលចេញធ្វើការវាយប្រហារតាមអាកាសជាច្រើនពាន់លើក ។
ប្រធានាធិបតីរុស្ស៊ី បានប្រកាសគួរឱ្យភ្ញាក់ផ្អើលជាទូទៅ កាលពីយប់ថ្ងៃទី១៤ ខែមីនា ថា ភារកិច្ចរបស់កងកម្លាំងយោធារុស្ស៊ីនៅស៊ីរីត្រូវបានបំពេញទាំងស្រុង រួចចេញបញ្ជាឱ្យដកកងឯកភាពយោធារុស្ស៊ីមួយផ្នែកធំ ។
អាកាសយានិកដំបូងៗរបស់រុស្ស៊ីបានចាកចេញកាលពីថ្ងៃទី១៥ ខែមីនា ពីមូលដ្ឋានអាកាសចរណ៍ HMEIMIM ភាគពាយ័ព្យស៊ីរី និងទៅដល់ប្រទេសរុស្ស៊ីរួចហើយ រួចក្រុមទី២បានទៅដល់ថ្ងៃទី១៦ ខែមីនា ។
វិមានក្រឹមឡាំងប្រកាសនៅថ្ងៃទី១៦ ខែមីនា ថា លោក វ្ល៉ាឌីមៀរ ពូទីន នឹងបំពាក់គ្រឿងឥស្សរិយយសនៅថ្ងៃទី១៧ ខែមីនា ដល់បណ្តាទាហានរុស្ស៊ីដែលចូលរួមក្នុងប្រតិបត្តិការនៅស៊ីរី ។ ទាហាននិងនាយទាហានជាង៧០០នាក់ របស់កងទ័ពរុស្ស៊ី ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងពិធីមួយដែលប្រព្រឹត្តទៅនាថ្ងៃទី១៧ ខែមីនា វេលាម៉ោង១០ម៉ោងសាកល ៕
ចែករំលែកព័តមាននេះ