រាជធានីភ្នំពេញ ៖ នៅយប់ថ្ងៃអាទិត្យ ទី២០ កុម្ភៈ ខានស្អែកនេះ កីឡាករកម្ពុជា២រូបដែលសុទ្ធតែបានប្រកាសពីជំហរចង់ឈ្នះកីឡាករថៃឲ្យបានដាច់ខាតនៅក្នុងព្រឹត្តិការណ៍«កំពូលអ្នកប្រដាល់ស្រាបៀរBlack Cat (ប្លេកខេត)» របស់ទូរទស្សន៍អាស៊ីអាគ្នេយ៍នោះត្រូវបានគេផ្ដល់ឱកាសឱ្យហើយ ។ ចំណែកភាគីកីឡាករថៃក៏បានបង្ហាញពីការត្រៀមខ្លួនទុកមុនដូចគ្នាផងដែរ ដោយមិនមែនមកធ្វើដំឡូងមូលដើម្បីឲ្យកីឡាករខ្មែរដែលគ្រាន់តែចង់ឈ្នះ ក៏ឈ្នះទៅរួចនោះទេ។
កីឡាករ ទេស សំខាន់ បើទោះជាត្រូវគេមើលឃើញថាមិនទាន់ស្ថិតក្នុងលំដាប់ជួរមុខក្នុងចំណោមកីឡាករល្អៗនៅលើសង្វៀនប្រដាល់ក៏អ្វីដែលគេស្ដែងឡើងពាក់ព័ន្ធនឹងការត្រៀមខ្លួន គឺធ្វើឲ្យគេទុកចិត្តចំពោះសមត្ថភាពរបស់កីឡាកររូបនេះ ។ ទាំងសាមីខ្លួនដោយផ្ទាល់ និងក្រុមគ្រូបង្វឹកសុទ្ធតែអះអាងថាកីឡាករទេស សំខាន់ មានការហ្វឹកហាត់ម៉ត់ចត់ដោយសារតែគេចង់ឈ្នះមិនចង់ចាញ់បាក់មុខក្នុងពេលទទួលបានឱកាសប្រកួតជាមួយកីឡាករបរទេសដែលជួយបង្កើនក្រេឌីតរបស់ខ្លួនបើទទួលបានជ័យជម្នះ ។ អ្នករៀបចំការប្រកួតបានបន្ថែមចំពោះការអះអាងរបស់គេថា កីឡាករទេស សំខាន់ មានការប្រឹងប្រែងហ្វឹកហាត់សម្បើមណាស់ដោយសារការប្រដាល់របស់គេ ថ្វីដ្បិតតែមិនបានតម្លៃខ្លួនល្អដូចគ្នានឹងកីឡាករបរទេស ក៏គេចង់ឈ្នះដើម្បីបង្កើនក្រេឌីតល្អរបស់ខ្លួនដែរ ។

លោក ញាណ សុធី បានអះអាងថា ការប្រដាល់របស់ស្រាបៀរ Black Cat ឲ្យតែដល់ការប្រដាល់អន្តរជាតិមួយលើកៗ រមែងទទួលបានអ្នកទស្សនាកកក្ដាំងខ្លាំងណាស់ ។ អ៊ីចឹងហើយទើបលោកសម្រេចចិត្តសម្រិតសម្រាំងកីឡាករល្អៗភាគច្រើនទាំងភាគីខ្មែរ និងបរទេស ដើម្បីឲ្យការប្រកួតរបស់គូអន្តរជាតិទទួលបានការចាប់អារម្មណ៍ ។ លោកថា ទេស សំខាន់ ធ្វើឲ្យលោកទុកចិត្តសម្រាប់ការប្រកួតនៅវេលាយប់ស្អែក ដោយសារទី១គេជាកីឡាករល្អកំពុងស្ទុះឡើងកូដស្រាប់ ហើយការហ្វឹកហាត់របស់គេក៏ល្អតាំងពីមុនមានការផ្គូផ្គង។ លោកថា ការប្រកួតរបស់ស្រាបៀរ Black Cat មានការសម្រិតសម្រាំងខុសប្លែកពីការប្រកួតអន្តរជាតិផ្សេងៗដែលទូរទស្សន៍អាស៊ីអាគ្នេយ៍រៀបចំ ដោយសារតែក្រុមហ៊ុនជាម្ចាស់ឧបត្ថម្ភកម្មវិធីមួយនេះដាក់លក្ខខណ្ឌមិនឲ្យយកកីឡាករអន់ៗមកប្រកួតនាំឲ្យអ្នកទស្សនារិះគន់។
លោករំពឹងយ៉ាងខ្លាំងថា ការប្រកួតដែលចាប់ផ្ដើមនៅម៉ោង៨យប់ថ្ងៃអាទិត្យ នឹងអន្ទងអ្នកគាំទ្រឱ្យមកទស្សនាកកកុញមិនចាញ់ការប្រដាល់អន្តរជាតិដែលសង្វៀននេះធ្លាប់បានរៀបចំឡើងនោះឡើយ ដោយផ្អែកតាមកម្រិតប្រកួតដ៏ល្អរបស់ទេស សំខាន់ ដែលធ្លាប់ទាក់ទាញអ្នកទស្សនាឲ្យចង់ទស្សនាច្រើនមកហើយ ។ លោកថាកីឡាករកម្ពុជារូបនេះ នឹងត្រូវឡើងប្រកួតជាមួយកីឡាករថៃឈ្មោះ Phayak Noy ដែលគេក៏ជាកីឡាករល្អម្នាក់ដែរ ។ ឆ្លងកាត់ការប្រកួតបានដល់៧៩លើក ឈ្នះ៦៧លើក ចាញ់១១លើក និងស្មើ១លើក លោកមានជំនឿថា កីឡាករថៃនឹងធ្វើឲ្យទេស សំខាន់ តានតឹងសម្រាប់ការប្រកួតបើទោះជាបានត្រៀមទុកពីចម្ងាយ ដោយសារតែកីឡាករថៃម្នាក់នេះមានថ្វីដៃខ្លាំង ។ គូនេះកីឡាករកម្ពុជាធ្លាប់ប្រកួតបាន៧៦លើក ឈ្នះ៦២លើក ចាញ់១០លើក និងស្មើ៤លើក ។ យ៉ាងណាក៏ដោយលោកអះអាងថា កីឡាករកម្ពុជាមានសង្ឃឹមច្រើនជាង ដោយសារតែមុនពេលផ្គូផ្គងគឺគេហ្វឹកហាត់ដិតដល់ហើយបើនិយាយពីកម្រិតក្នុងការវាយលុកក៏ល្អមិនចាញ់កីឡាករថៃផងដែរ។
នៅក្នុងព្រឹត្តិការណ៍«កំពូលអ្នកប្រដាល់់ស្រាបៀរBlack Cat» នោះដែរ កីឡាករ មាស ច័ន្ទមាន ជាម្ចាស់ខ្សែក្រវាត់មួយរូបក៏ទទួលបានឱកាសឡើងប្រកួតជាមួយកីឡាករថៃនៅវេលាយប់ខានស្អែកដូចគ្នាផងដែរ ។ កីឡាករកម្ពុជារូបនេះរឹតតែមានអ្នកទុកចិត្តខ្លាំងចំពោះការប្រកួតខ្លាំងជាង ទេស សំខាន់ ទៅទៀត បើទោះជាការប្រកួតរបស់គេក្នុងប៉ុន្មានលើកចុងក្រោយហាក់មើលទៅពេលខ្លះក៏មានចំណុចខ្សោយកើតឡើង។ ផ្អែកតាមការអះអាងថាបានហ្វឹកហាត់ដិតដល់ កីឡាករមាស ច័ន្ទមាន ត្រូវគេជឿភាគច្រើនថា នឹងមានសមត្ថភាពយកឈ្នះកីឡាករថៃឈ្មោះ Phayak Lek ជាគូប្រកួតសម្រាប់យប់ខានស្អែក ។ កីឡាករដែលមានតំណែងជាម្ចាស់ក្រវាត់ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាមរូបនេះ មានជំនឿចិត្តខ្ពស់មិនណយនោះទេ សម្រាប់ការយកឈ្នះកីឡាករថៃ ។ បើទោះជាដឹងថាកីឡាករ Phayak Lek ជាកីឡាករដែលមានថ្វីដៃរស់រវើក និងមានប្រវត្តិវាយឈ្នះកីឡាករកម្ពុជានៅលើសង្វៀនប្រទេសកម្ពុជា ក៏មាស ច័ន្ទមាន នៅតែជឿជាក់ខ្ពស់ ។
ជាក់ស្ដែងសូម្បីតែលោក តឹក ឡៃ និងឡុង ស៊ីលីន ជាគ្រូបង្វឹកក៏យល់ស្របថាកូនសិស្សរបស់ខ្លួននឹងឈ្នះសម្រាប់ការប្រកួតនៅវេលាយប់ស្អែកនោះដែរ ។ លោកទាំងពីរនិយាយថា មាស ច័ន្ទមាន នឹងធ្វើឲ្យបានល្អបំផុត ដោយសារតែគេចង់ឈ្នះនៅលើសង្វៀនរបស់ស្រាបៀរ Black Cat ដើម្បីរំលេចស្នាដៃ និងក្រេឌីតរបស់ខ្លួន ។ ផ្អែកតាមប្រវត្តិប្រកួត កីឡាករថៃ Phayak Lek ធ្លាប់ប្រកួតបាន៦៩លើក ឈ្នះ៥៩លើក និងចាញ់១០លើក ព្រមទាំងមានប្រវត្តិធ្លាប់ស៊ីកីឡាករល្អរាប់មិនអស់នាពេលកន្លងមក ។
គ្រូបង្វឹករបស់កីឡាករកម្ពុជានៅតែមើលឃើញថា តួលេខរបស់កីឡាករថៃមិនអាចទៅរួចជាមួយកីឡាករមាស ច័ន្ទមាន បានទេ បើទោះជាកីឡាករថៃត្រូវគេដឹងយូរមកហើយថា មានរបបអាហារ និងការរស់នៅល្អជាងកីឡាករកម្ពុជា ។ ហេតុផលនៃការទុកចិត្តគឺដោយសារតែកូនសិស្សរបស់ពួកគេធ្លាប់ប្រកួតដល់ទៅ១១៩លើក ឈ្នះ៩៥លើកនិងចាញ់២៤លើក ដែលនេះគ្រាន់តែជាបទពិសោធន៍មិនទាន់រាប់បញ្ចូលការប្រកួតនៅក្រៅផ្លូវការនោះផង ។ ទោះបីយ៉ាងណា មានតែការប្រកួតរបស់ស្រាបៀរ Black Cat ដែលបើករេញឲ្យកីឡាករទាំងពីរប៉ះគ្នាប៉ុណ្ណោះ ដែលអាចអារកាត់ថា រវាងកីឡាករកម្ពុជា និងថៃ អ្នកណាទៅរួច។
សម្រាប់សង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥នៅជ្រោយចង្វា នាល្ងាចថ្ងៃសៅរ៍នេះវិញ ក៏មានការប្រកួតគូល្អផងដែរចាប់ពីម៉ោង៥ល្ងាចតទៅនៅ។ កីឡាករ៤រូបនឹងធ្វើការប្រកួតដណ្ដើមឱកាសគ្នាឈានឡើងទៅយកតំណែងជើងឯកនៅក្នុងព្រឹត្តិការណ៍ Tiffy Super Fight ។ ការប្រកួតនៅក្នុងព្រឹត្តិការណ៍នេះ ក៏មានអ្នកតាមដានច្រើនផងដែរ ជាពិសេសក្នុងពេលវេទិកាជើងខ្លាំងប៉ះគ្នាកាន់តែខិតជិតមកដល់ ៕
ចែករំលែកព័តមាននេះ