ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​រុ​ស្ស៊ី គ្រោង​ចុះ​កិច្ច​ព្រមព្រៀង​ស្តី​ពី​កិច្ច​សហ​​ប្រតិបត្តិការ​លើ​វិស័យ​វិនិយោគ​និង​ទេសចរណ៍

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កត្ដា​សន្តិភាព ស្ថិរភាព​នយោបាយ និង​ច្បាប់​វិនិយោគ​អំណោយផល​ល្អ​សម្រាប់​វិនិយោគិន​បរទេស ព្រម​ជាមួយនឹង​គោលនយោបាយ « បើកចំហ​ជើងមេឃ » របស់​ប្រមុខ​រាជរដ្ឋាភិបាល

រាជធានី​ភ្នំពេញ ៖ កត្ដា​សន្តិភាព ស្ថិរភាព​នយោបាយ និង​ច្បាប់​វិនិយោគ​អំណោយផល​ល្អ​សម្រាប់​វិនិយោគិន​បរទេស ព្រម​ជាមួយនឹង​គោលនយោបាយ « បើកចំហ​ជើងមេឃ » របស់​ប្រមុខ​រាជរដ្ឋាភិបាល គឺជា​មូលដ្ឋាន​គ្រឹះ​ដ៏​ចាំបាច់ ដែល​នាំ​ឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​មាន​សក្ដានុពល​វិនិយោគ​លើ​គ្រប់​វិស័យ ។ ដោយសារ​ស្ថានភាព​ប្រទេស​កម្ពុជា​មាន​លក្ខណៈ​ល្អ​បែប​នេះ ទើប​វិនិយោគិន​បរទេស​បាន​សម្លឹង​ឃើញ​ឱកាស​មក​បណ្ដាក់ទុន​វិនិយោគ ក៏​ដូច​ជា​ពង្រីក​ប្រតិបត្តិការ​របស់​ខ្លួន​ជា​បន្ដបន្ទាប់ ។
ជាក់ស្ដែង សហព័ន្ធ​រុ​ស្ស៊ី​គ្រោង​នឹង​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​កម្ពុជា ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ជំរុញ​លើ​វិស័យ​វិនិយោគ និង​ទេសចរណ៍​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​សហព័ន្ធ​នៃ​សភា​សហព័ន្ធ​រុ​ស្ស៊ី ។

លោក ម៉​ម ប៊ុ​ន​នាង អ្នកនាំពាក្យ​ព្រឹទ្ធសភា​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ជំនួប​រវាង​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា និង​លោក NIKOLAY FEDOROV អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​សហព័ន្ធ​នៃ​សភា​សហព័ន្ធ​រុ​ស្ស៊ី កាលពី​ថ្ងៃ​ទី​១៦ មីនា ថា ៖ « នៅ​ឆ្នាំ​ក្រោយ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​រុ​ស្ស៊ី ដើម្បី​ចុះហត្ថលេខា​លើ​ឯកសារ​មួយ​ចំនួន ដែល​រៀបចំ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​-​រុ​ស្ស៊ី » ។

លោក ម៉​ម ប៊ុ​ន​នាង បាន​ស្រង់​សម្ដី​លោក NIKOLAY FEDOROV ថា ៖ « លោក​បាន​សន្យា​នឹង​ជួយ​ដល់​ប្រទេស​កម្ពុជា និង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ឲ្យ​បាន​ល្អ​លើ​វិស័យ​វិនិយោគ និង​ទេសចរណ៍ ព្រមទាំង​សន្យា​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ​រុ​ស្ស៊ី​ឲ្យ​កើនឡើង​ពី​២០​ម៉ឺន​នាក់ ដល់​៣០​ម៉ឺន​នាក់​យ៉ាងតិច » ។

ថ្លែង​នា​ឱកាស​នោះ សម្តេច​វិបុល​សេនា​ភក្ដី ក៏​បាន​ថ្លែងអំណរគុណ​ដល់​សហព័ន្ធ​រុ​ស្ស៊ី ដែល​បាន​ជួយ​ដល់​និស្សិត​ខ្មែរ​ទៅ​សិក្សា​ប្រមាណ​៨​ពាន់​នាក់ ហើយ​ក្នុង​និស្សិត​ទាំងនោះ​បាន​បម្រើ​ការងារ​ក្នុង​ស្ថាប័នរដ្ឋ និង​ឯកជន​ជា​ច្រើន ។ ពិសេស និស្សិត​ចំនួន​៣​រូប​បាន​ធ្វើ​ជា​រដ្ឋមន្ត្រី គឺ​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ។

គួរ​បញ្ជាក់​ថា ក្នុង​ជំនួប​នោះ​ក៏​មានការ​ចុះហត្ថលេខា ស្តី​ពី​ការ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​អង្គ​សភា​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ ៕