រាជធានីភ្នំពេញ ៖ កម្ពុជាចង់ឲ្យសហភាពអឺរ៉ុបជំរុញ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យមានកំណើនថែមទៀត ព្រមទាំងជួយរកទីផ្សារសម្រាប់ផលិតផលឧស្សាហកម្មកៅស៊ូ និងស្រូវ គ្រាដែលសហភាពអឺរ៉ុប គឺជាទីផ្សារដ៏ធំសម្រាប់កម្ពុជា ទាំងផ្នែកឧស្សាហកម្មកាត់ដេរ និងដំណាំស្រូវ ។ នេះបើយោងតាមប្រសាសន៍របស់មន្ត្រីជាន់ខ្ពស់កម្ពុជា ។
ថ្លែងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១៦ មីនា កន្លងមក លោកឧបនាយករដ្ឋមន្ត្រី បណ្ឌិតសភាចារ្យ សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានស្នើសុំឲ្យសហភាពអឺរ៉ុបជួយរកទីផ្សារសម្រាប់ផលិតផលឧស្សាហកម្មកៅស៊ូ និងផលិតស្រូវ ខណៈដែលកម្ពុជាមានសក្តានុពលលើផលិតផលទាំង២នេះ ។
លោកបណ្ឌិតសភាចារ្យ សុខ អាន បានថ្លែងថា ៖ « លោកស្នើសុំឲ្យសហភាពអឺរ៉ុបជំរុញឲ្យមានការបង្កើតវិនិយោគពាណិជ្ជកម្មបន្ថែមទៀត សំខាន់ការលើកទឹកចិត្តឲ្យអ្នកវិនិយោគនៅអឺរ៉ុបជួយទិញផលិតផលកសិកម្ម គឺស្រូវ និងកៅស៊ូពីកម្ពុជា » ។
ចំណែកលោក George Edgar បានសន្យាថា ៖ « លោកនឹងខិតខំជំរុញផ្នែកទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហភាពអឺរ៉ុបឲ្យកាន់តែប្រសើរឡើងជាលំដាប់ សំខាន់ការជំរុញវិនិយោគិនពីសហភាពអឺរ៉ុបមកកាន់ប្រទេសកម្ពុជា » ។
លោកបន្តថា ៖ « នៅពេលខាងមុខនេះ នឹងមានប្រតិភូសហភាពអឺរ៉ុបមកទស្សនកិច្ចនៅកម្ពុជាជាបន្តបន្ទាប់ ដើម្បីបង្ហាញអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើផ្នែកពាណិជ្ជកម្មរវាងភាគីទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត សម្រាប់ជាផលប្រយោជន៍ប្រជាពលរដ្ឋទាំងសងខាង » ។
ដោយឡែក ក្នុងជំនួបពិភាក្សាការងារ និងសម្តែងការគួរសមរវាងលោកឧបនាយករដ្ឋមន្ត្រី សុខ អាន ជាមួយលោក Thierry Mariani សមាជិកសភា និងជាអតីតរដ្ឋលេខាធិការក្រសួងដឹកជញ្ជូនបារាំង នាព្រឹកថ្ងៃទី១៥ មីនា លោកឧបនាយករដ្ឋមន្ត្រី សុខ អាន ក៏បានជំរុញ និងលើកទឹកចិត្តឲ្យវិនិយោគិនបារាំងមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាផងដែរ ។
ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ៖ « សព្វថ្ងៃនេះ រាជរដ្ឋាភិបាលបានផ្តល់អាទិភាពចំនួន៤លើការអភិវឌ្ឍជាតិ គឺធនធានមនុស្ស ទឹក ផ្លូវ និងភ្លើង ដែលជាហេដ្ឋារចនាសម្ព័ន្ធអាទិភាពមួយរបស់រាជរដ្ឋាភិបាល ក្នុងការជួយសម្រួល និងទាក់ទាញវិនិយោគិនឲ្យមករកស៊ីបន្ថែមទៀតនៅប្រទេសកម្ពុជា » ។
លោកបានបញ្ជាក់ថា ៖ « អ្វីដែលជាចម្បងសម្រាប់កម្ពុជានាំចេញទៅក្រៅប្រទេសនោះ គឺមាន ស្រូវ អង្ករ និងកៅស៊ូ និងមានទំនិញផ្សេងៗទៀតដូចជា ទំនិញឧស្សាហកម្មកាត់ដេរជាដើម ដែលទាំងនេះបានផ្តល់អាទិភាពដល់បារាំងក្នុងការជ្រើសរើសវិនិយោគផងដែរ » ។
នៅក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនបារាំង អ៊ែរហ្វ្រង់ សុំឲ្យមានការហោះហើរត្រង់ពីបារាំងមកកម្ពុជា និងពីកម្ពុជាទៅបារាំងតែម្តង ដែលអាចបានផលប្រយោជន៍ទាំងសងខាង ក៏ដូចជាការចូលរួមអភិវឌ្ឍន៍លើវិស័យទេសចរណ៍នៃប្រទេសទាំងពីរផងដែរ ៕
ចែករំលែកព័តមាននេះ