ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ប្រៃសណីយ៍ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ QR Code «​បណ្ណ​ចាក់​វ៉ាក់សាំង​ឌី​ជី​ថ​ល StopCovid QR Vaccine»

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ប្រកាស​ជូនដំណឹង​ពី​ការ​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ QR Code «​បណ្ណ​ចាក់​វ៉ាក់សាំង​ឌី​ជី​ថ​ល StopCovid QR…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ប្រកាស​ជូនដំណឹង​ពី​ការ​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ QR Code «​បណ្ណ​ចាក់​វ៉ាក់សាំង​ឌី​ជី​ថ​ល StopCovid QR Vaccine» ដោយ​ត​ភ្ជាប់​ប្រព័ន្ធ QR Code «​ទប់ស្កាត់​កូ​វី​ដ Stop Covid» ទៅ​នឹង​ប្រព័ន្ធ​ទិន្នន័យ​ចាក់​វ៉ាក់សាំង ដើម្បី​ដាក់​ឱ្យ​ប្រើប្រាស់​ចាប់ពី​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២១ នេះ​តទៅ ។

ដោយ​អនុវត្ត​តាម​អនុសាសន៍​ដឹកនាំ និង​ការ​ឯកភាព​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​, ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ដោយ​មាន​កិច្ចសហការ​ជាមួយ​ក្រុមការងារ​បច្ចេកទេស​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស និង​អនុ​គណៈកម្មការ​អន្តរក្រសួង​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ ដែល​មាន​សមាសភាព​អន្តរក្រសួង រួម​មាន ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងសុខាភិបាល ក្រសួងយុត្តិធម៌ និង​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​ប្រព័ន្ធ QR Code «​បណ្ណ​ចាក់​វ៉ាក់សាំង​ឌី​ជី​ថ​ល StopCovid QR Vaccine» ដោយ​ត​ភ្ជាប់​ប្រព័ន្ធ QR Code «​ទប់ស្កាត់​កូ​វី​ដ Stop Covid» ទៅ​នឹង​ប្រព័ន្ធ​ទិន្នន័យ​ចាក់​វ៉ាក់សាំង ដើម្បី​ដាក់​ឱ្យ​ប្រើប្រាស់​ចាប់ពី​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២១ នេះ​តទៅ ។

ក្រសួង​បាន​បញ្ជាក់​ថា ប្រព័ន្ធ QR Code «StopCovid QR Vaccine» មានមុខ​ងារ​សំខាន់​ចំនួន​បី​គឺ (១) សម្រួល​ដល់​ការ​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ (២) គ្រប់គ្រង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក និង (៣) បង្ហាញ​ព័ត៌មាន​អំពី​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ របស់​បុគ្គល​ម្នាក់​ៗ​។
ម្យ៉ាងទៀត ប្រព័ន្ធ​នេះ នឹង​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ តាម​រយៈ​ការ​កាត់​បន្ថយ​ការ​ប៉ះពាល់​ដោយ​ផ្ទាល់​ក្នុង​ការ​ត្រួតពិនិត្យ​បណ្ណ​ចាក់​វ៉ាក់សាំង ដោយ​មិន​ចាំបាច់​យក​បណ្ណ​ចាក់​វ៉ាក់សាំង​តាម​ខ្លួន​គ្រប់ពេលវេលា ឬ​ព្រួយបារម្ភ​អំពី​ការ​បាត់បង់ ឬ​ខូចខាត​បណ្ណ​ចាក់​វ៉ាក់សាំង​ដោយ​ប្រការ​ណាមួយ​ឡើយ ព្រមទាំង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ក្លែងបន្លំ​ទិន្នន័យ​លើ​បណ្ណ​ចាក់​វ៉ាក់សាំង​។

ប្រព័ន្ធ​នេះ អាច​បង្ហាញ​ពី​ព័ត៌មាន​នៃ​ការ​ចាក់​វ៉ាក់សាំង រូបថត និង​អត្តសញ្ញាណ​របស់​បុគ្គល​ម្នាក់​ៗ តាម​រយៈ​ការ​ស្កេ​ន QR Code នៅ​តាម​ច្រកចេញ​-​ចូល​ក្រសួង ស្ថាប័ន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន កន្លែង​កំសាន្ត អគារ​ស្នាក់​នៅ​រួម (​ខុន​ដូ​) ក្រុមហ៊ុន រោងចក្រ សហគ្រាស​នានា​។

តាម​រយៈ​ការ​អនុវត្ត​គោលនយោបាយ​ជាតិ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស​សម្រេច​បាន​លទ្ធផល​ល្អ​ប្រសើរ ក៏​ដូច​ជា​ការ​ត្រៀមលក្ខណៈ​សម្រាប់​ការ​រស់នៅ​ជាមួយ​ជំងឺ​កូ​វី​ដ​-១៩ តាម​គន្លង​ប្រក្រតី​ភាព​ថ្មី ការ​បញ្ជាក់​ពី​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ពេល​ចេញ​-​ចូល​ទីតាំង​នានា គឺ​អាច​ការពារ​សុវត្ថិភាព​ទីកន្លែង បង្ការ​ការ​ចម្លង និង​សម្រាល​បន្ទុក​លើ​ការ​ព្យាបាល​របស់​រាជរដ្ឋាភិបាល​។

ជា​ថ្មី​ម្តងទៀត ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ សូម​ណែនាំ​ដល់​ម្ចាស់​ទីតាំង​ដែល​មិន​ទាន់​បាន​ប្រើប្រាស់​ប្រព័ន្ធ QR Code នេះ សូម​មេត្តា​រួសរាន់​បង្កើត QR Code សម្រាប់​ទីតាំង​របស់​ខ្លួន​តាម​រយៈ​គេហទំព័រ stopcovid.gov.kh​។ ម្ចាស់​ទីតាំង​ត្រូវ​តម្រូវ​ឱ្យ​បុគ្គល​ដែល​ចេញ​-​ចូល​ទីតាំង​របស់​ខ្លួន ស្កេ​ន QR Code ដើម្បី​បានដឹង​ពី​ស្ថានភាព​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ របស់​បុគ្គល​ទាំងនោះ តាម​រយៈ​ការ​បង្ហាញ​ពណ៌​លើ​អេ​ក្រង់​ទូរ​សព្ទ​ក្រោយ​ពេល​ស្កេ​ន​។


ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ សង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ​ថា សាធារណជន​ទាំងអស់​នឹង​ចូលរួម​ប្រើប្រាស់​ប្រព័ន្ធ QR Code “StopCOVID QR Vaccine” នេះ​ទាំងអស់​គ្នា ដើម្បី​សុវត្ថិភាព បង្ការ​និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​សកល​នេះ ជួយ​ជំរុញ​ការ​បើកចំហ​រការ​ធ្វើ​ដំណើរ​ឱ្យ​កាន់តែ​ងាយស្រួល តាម​រយៈ​កា​រប​ន្ស៉ាំ​ខ្លួន​រស់នៅ​តាម​គន្លង​ប្រក្រតី​ភាព​ថ្មី ព្រមទាំង​អាច​រួមចំណែក​ជួយ​ជំរុញ​ដំណើរការ​ប្រក្រតី​នៃ​គ្រប់​វិស័យ​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ