ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយអាយុជិត ១០០ឆ្នាំ រស់នៅ​ឃុំអញ្ចាញរូង ស្រុកបរិបូរណ៌ ចង់ចាក់វ៉ាក់សាំង!

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង​៖ លោកយាយ​ម្នាក់ អាយុជិត ១០០ឆ្នាំ ចង់​ចាក់​វ៉ាក់សាំង ការពារ​ជំងឺ​កូ​វីដ​-១៩​។ ប៉ុន្តែ​លោកយាយ មិនមាន​លទ្ធភាព ធ្វើដំណើរ​ទៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​បានទេ…

ខេត្តកំពង់ឆ្នាំង​៖ លោកយាយ​ម្នាក់ អាយុជិត ១០០ឆ្នាំ ចង់​ចាក់​វ៉ាក់សាំង ការពារ​ជំងឺ​កូ​វីដ​-១៩​។ ប៉ុន្តែ​លោកយាយ មិនមាន​លទ្ធភាព ធ្វើដំណើរ​ទៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​បានទេ ដោយសារតែ​គាត់​ជរា​លំបាក​ក្នុងការ​ធ្វើដំណើរ​។ ដូច្នេះ​លោកយាយ ចង់​ឲ្យ​គ្រូពេទ្យ មកចាក់​វ៉ា​ក់​ជូន​លោកយាយ ដល់ផ្ទះ ។​

​នៅ​ពីមុខ​ផ្ទះ​បុរាណ​មួយ​ខ្នង ធ្វើ​អំពី​ឈើ ប៉ុន្តែ​ត្រូវបាន​ជួសជុល​កែលម្អ​ជញ្ជាំង​ថ្មី ដោយ​រក្សា​ទ្រង់ទ្រាយ​ដើម លោកយាយ សៅ ហោ​ន ក្នុង​សម្លៀកបំពាក់​ខោ​ខ្មៅ​ជើង​ខ្លី ត្រឹម​ក្បាលជង្គង់ អាវ​ផ្កា និង​ក្រមា​ពណ៌​ក្រហម តែ​ស្ទើរ​បាត់​ពណ៌​ដើម  ដោយសារតែ​ក្អែល ប្រែ​ពណ៌ ទៅជា​ក្រ​ម៉ៅ បាន​អង្គុយ​ផ្ទាល់​ដី ដោយ​បញ្ឈរជង្គង់​ដល់​ចង្កា ប្រឹង​បោចស្មៅ​មុខផ្ទះ ហើយ​បាន​ងើបមុខ​ឡើង សម្លឹង​ទៅរក​ស​ម្រឹ​ប​ជើងមនុស្ស កំពុង​ដើរ​ចូលទៅ ដោយ​ក្រសែភ្នែក​ពណ៌​ស្រអាប់ ស្បែក​ជ្រីវជ្រួញ​លើ​ផ្ទៃមុខ ក្នុង​វ័យចាស់​ជរា ព្រម​ជាមួយនឹង​ការលើកដៃ​សំពះ ជម្រាបសួរ​ដល់​អ្នក​ចំណូល​ថ្មី ផងដែរ​។​

​លោកយាយ សៅ ហោ​ន ព្យាយាម​និយាយ ដោយ​មិនមាន​ភ្លេចភ្លាំង​ថា លោកយាយ​មាន​អាយុ ១០៤​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ជាមួយ​ចៅប្រុស​ស្រី​ចំនួន ២​នាក់​ប្តី​ប្រពន្ធ ក្នុងភូមិ​ថ្លុក​ជ្រៅ ឃុំ​អញ្ចាញ​រូង ស្រុក​បរិបូណ៌​។

​លោកយាយ​មានកូន ៦​នាក់​។ ប៉ុន្តែ​ស្លាប់​អស់​ទៅហើយ ក្នុងសម័យ​ប៉ុលពត នៅសល់តែ​កូន​ម្នាក់ ដែលមាន​ប្ដី​ប្រពន្ធ ហើយ​បែក​គ្រួសារ​ទៅ​នៅ​ផ្សេង​។ ប៉ុន្តែ​បានឱ្យ​កូន ២​នាក់​ប្តី​ប្រពន្ធ ដែល​ត្រូវជា​ចៅ​លោកយាយ មក​រស់នៅ​មើលថែ​លោកយាយ នៅផ្ទះ​ពី​សង្គម​ដើម​របស់​លោកយាយ​ផ្ទាល់ ដែលមាន​អាយុ​ជាង ១០០​ឆ្នាំ ដូច​លោកយាយ​ដែរ​។ ប៉ុន្តែ​បាន​ប្តូរ​ជញ្ជាំង ក្តារក្រាល​អស់ហើយ​។

​ពេល​សួរ លោកយាយ​មានបាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីត​ទេ​? លោកយាយ​ឆ្លើយ​យ៉ាង​លឿន ដោយ​មិនបាច់​គិតថា​៖ លោកយាយ ក៏​ខ្លាច​នូវ​ជំងឺ​កូ​វីដ​ដែរ​! ហើយ​លោកយាយ ក៏​ចង់​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីត​ដែរ ប៉ុន្តែ​មិនអាច​ធ្វើដំណើរ​បាន ព្រោះតែ​ជរា​ណាស់​ទៅហើយ ប្រសិនបើ​មាន​គ្រូពេទ្យ​យក​វ៉ាក់សាំង មកចាក់​ដល់ផ្ទះ​លោកយាយ នឹង​ព្រម​ចាក់​ភ្លាម មិន​រុញ​រា​ឡើយ​។​

​លោកយាយ សៅ ហោ​ន ក៏បាន​រៀបរាប់​ពី​ការលំបាក ដែល​ខ្វះខាត​ជីវភាព ប្រចាំថ្ងៃ ពឹង​លើ​ចៅ ២​នាក់ ប្តី​ប្រពន្ធ ក៏​ហូប​មិនសូវ​គ្រប់គ្រាន់​ដែរ ព្រោះ​ចៅ​គេ ក៏មាន​កូន​ដែរ ម្លោះ​ហើយ​បញ្ហា​ជីវភាព​ពិតជា​ខ្វះខាត​មែន​។

​ក្មួយ​ស្រី វ៉ែន សុ​ម៉ាលី អាយុ ២៨​ឆ្នាំ ដែល​ត្រូវជា​ចៅស្រី​របស់​លោកយាយ​ខាងលើ បាន​បញ្ជាក់ថា សព្វថ្ងៃ​ក្មួយ​ស្រី និង​ប្តី ជា​អ្នក​មើលថែ​លោកយាយ​។ ប៉ុន្តែ​ជីវភាព​ក៏​ខ្វះខាត​ដែរ ព្រោះ​ជា​អ្នក​ជនបទ ពឹង​តែ​លើ​ស្រែ​មួយ​មុខ មិនមាន​ចំណូល​អ្វី​ឡើយ ណាមួយ​គ្រួសារ​ក្មួយ​ស្រី ក៏មាន​កូន ២​នាក់​ដែរ​។​

​ក្រោយពេល​ចៅស្រី យក​សៀវភៅ​គ្រួសារ និង​អត្តសញ្ញាណប័ណ្ណ​របស់លោក​យាយ មកឱ្យ​ពិនិត្យ ឃើញ​ថ្ងៃខែ​ឆ្នាំ​កំណើត​របស់​លោកយាយ សៅ ហោ​ន កើត​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​១៩២៨​។ ដូច្នេះ​បើ​គិត​តាម​អត្តសញ្ញាណប័ណ្ណ លោកយាយ មាន​អាយុ​ត្រឹម ៩៣​ឆ្នាំ តែ​ក៏​ជា​វ័យ​ចាស់ជរា​ណាស់​ទៅហើយ​ដែរ​៕ ពៅ សុខ​ហ៊ាន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ