ប្រធានាធិបតីទើបជ្រើសតាំងភូមា លោក HTIN KYAW កាលពីថ្ងៃទី១៧ មីនា បានដាក់ជូនសភាសហព័ន្ធនូវគម្រោងបង្កើតរដ្ឋាភិបាលថ្មីមួយដែលកំណត់ពីការកាត់បន្ថយចំនួនក្រសួង ។
២ថ្ងៃក្រោយជ្រើសតាំងសម្រាប់អាណត្តិ៥ឆ្នាំ លោក HTIN KYAW ដែលនឹងឡើងកាន់តំណែងនាថ្ងៃទី៣០ មីនា ខាងមុខនេះ បានដាក់ជូនបញ្ជីមួយដែលមានក្រសួងត្រឹម២១ ទល់នឹង៣៦នាពេលមុន ព្រមទាំងរដ្ឋមន្ត្រី១៨រូប ទល់នឹង៣២រូប កាលពីមុន ជាមួយពិសេសការរួមក្រសួងមួយចំនួនបញ្ចូលគ្នា ។ បញ្ជីឈ្មោះក្រសួងមាន ៖ ក្រសួងការបរទេស កសិកម្ម ដឹកជញ្ជូន វប្បធម៌និងសាសនា ធនធានធម្មជាតិនិងអភិរក្សបរិស្ថាន អគ្គិសនីនិងថាមពល ការងារ និងអន្តោប្រវេសន៍ ផែនការជាតិនិងហិរញ្ញវត្ថុ ឧស្សាហកម្ម សុខាភិបាល អប់រំ សំណង់ សង្គមកិច្ច ជួយសង្គ្រោះនិងកសាងឡើងវិញ ទេសចរណ៍ ពាណិជ្ជកម្ម ព័ត៌មាន កិច្ចការជនជាតិភាគតិច ខុទ្ទកាល័យប្រធានាធិបតី ការពារជាតិ មហាផ្ទៃនិងព្រំដែន ។
សភានឹងលើកយកបញ្ជីនេះទៅពិភាក្សានាថ្ងៃទី១៨ មីនា ចំណែកឯឈ្មោះបណ្តារដ្ឋមន្ត្រីនឹងបង្ហាញនាពេលក្រោយ ៕
ចែករំលែកព័តមាននេះ