រាជធានីភ្នំពេញ ៖ យោងតាមសេចក្ដីជូនដំណឹងចុះថ្ងៃទី១៥ មីនា របស់សហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបានឱ្យដឹងថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា នឹងរៀបចំឱ្យមានការប្រកួតដើម្បីស្វែងរកស្ដេចអុកចត្រង្គអង្គរមហាសង្ក្រាន្តប្រចាំឆ្នាំ២០១៦ ដែលនឹងប្រព្រឹត្តទៅនៅដើមខែមេសាខាងមុខនេះ ។
ការប្រកួតជម្រុះក្នុងជុំទី១ធ្វើឡើងនៅថ្ងៃទី៥ដល់ថ្ងៃទី៨ខែមេសា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ ការប្រកួតជម្រុះជុំទី២ធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ មេសា នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដែលជាការប្រកួតវគ្គផ្ដាច់ព្រ័ត្រលើវិញ្ញាសាម្នាក់ទល់ម្នាក់ ដោយមិនប្រកាន់ភេទ និងអាយុឡើយ ។
នៅក្នុងសេចក្ដីជូនដំណឹងនេះបានឱ្យដឹងទៀតថា ការដាក់ពាក្យចូលរួមប្រកួតចាប់ផ្ដើមធ្វើពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ ហើយកន្លែងទទួលពាក្យនៅទីស្នាក់ ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ ការប្រជុំចាប់ឆ្នោតនឹងត្រូវធ្វើឡើងនៅថ្ងៃទី៤មេសា វេលាម៉ោង៨និង៣០នាទីព្រឹកនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សម្រាប់បេក្ខជនដែលអវត្តមានត្រូវបានចាត់ទុកថាបោះបង់ការប្រកួត ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ការប្រកួតនេះ នឹងបើកទូលាយមិនថាកីឡាករអាជីព ឬមិនអាជីពនោះទេគឺអាចដាក់ពាក្យចូលរួមប្រកួតបានទាំងអស់ដោយមិនប្រកាន់ភេទ និងអាយុឡើយ ។
គួររំលឹកផងដែរថា តំណែងស្ដេចអុកចត្រង្គកាលពីឆ្នាំ២០១៥កន្លងទៅបានទៅលើលោក ឈាវ បូរ៉ា មកពីរាជធានីភ្នំពេញ ។ សម្រាប់អ្នកដែលមកចុះឈ្មោះចូលរួមប្រកួតត្រូវរួមចំណែកបង់វិភាគទានម្នាក់៥០០០រៀលដើម្បីរៀបចំការប្រកួត ៕
ចែករំលែកព័តមាននេះ