ខេត្តកណ្ដាល ៖ បុរសម្នាក់ទូរស័ព្ទមកលោកអភិបាលខេត្តកណ្តាល ដោយប្រាប់ពីមុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងខេត្តដ៏ធំមួយ ដោយឱ្យលោកមេប៉េអឹមខេត្ត ត្រូវវេរលុយតាមប្រព័ន្ធ Wing ឱ្យខ្លួន ជាថ្នូរនឹងការសហការចាប់មេខ្លោងគ្រឿងញៀនចំនួន៣គីឡូក្រាម ។
តែទីបំផុត បុរសខាងលើនេះ ត្រូវកម្លាំងកងរាជអវុធហត្ថខេត្តកណ្ដាល សហការជាមួយអាវុធហត្ថខណ្ឌទួលគោក រៀបចំអន្ទាក់ ចាប់ខ្លួនវិញ កាលពីវេលាម៉ោង០៦ និង៤០នាទីយប់ថ្ងៃ១៦ មីនា ២០១៦ ស្ថិតនៅចំណុចផ្ទះវេរលុយ Wing ដែលមានទីតាំងលេខផ្លូវ២៩៩ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពេលកំពុងរង់ចាំទទួលលុយ ។
តាមប្រភពពីលោកទូច អ៊ីណាន មេបញ្ជាការរង និងជាប្រធានមន្ទីស្រាវជ្រាវយុត្តិធម៌ឱ្យដឹងថា ជនសង្ស័យឈ្មោះអៀក ភ័ណ្ឌ អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលម្តុំពេទ្យព្រះកេតុមាលា (ពេទ្យលោកសង្ឃ) រាជធានីភ្នំពេញ ត្រូវកម្លាំងជំនាញអាវុធហត្ថខេត្តកណ្តាល សហការជាមួយជំនាញអាវុធហត្ថលើផ្ទៃប្រទេស និងអាវុធហត្ថខណ្ឌទួលគោក និងដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញា ឃាត់ខ្លួនបានជាក់ស្តែង ។ កម្លាំងដកហូតវត្ថុតាងរួមមាន ទូរស័ព្ទដៃ២គ្រឿង មានលេខ071 277 7575 និង 096 382 2654 បង្កាន់ដៃដកប្រាក់១សន្លឹក ។
ប្រភពឱ្យដឹងបន្ថែមថា ជនសង្ស័យបានទូរស័ព្ទទាក់ទងទៅលោកឈុន ស៊ីរុន អភិបាលខេត្ត ដោយប្រាប់ថា មានមុខសញ្ញាជួញដូរគ្រឿងញៀនធំមួយចំនួន៣គីឡូក្រាម ចេញពីខេត្តក្រចេះ មកខេត្តកណ្ដាល ។ ដោយសុំការសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ច ប៉ុន្តែសុំមិនសហការជាមួយនគរបាលទេ ព្រោះមិនទុកចិត្ត សូមសហការជាមួយប៉េអឹម ទើបមិនបែកការណ៍ ដូច្នេះសូមអភិបាលខេត្តទាក់ទងទៅប៉េអឹមខេត្តកណ្ដាល ដើម្បីសហការគ្នា ។
ពេលទាក់ទងទៅជនសង្ស័យខាងលើនេះ ចេះតែសុំលុយមុន ដើម្បីទិញនេះ ទិញនោះ មានទូរស័ព្ទ និងកាតដើម្បីងាយស្រួលទំនាក់ទំនងគ្នា និងចេះតែប្រាប់ពីហេតុផលផ្សេងៗ ត្រូវការលុយឱ្យវេរតាមវីងឱ្យបន្តសរុប៣០ម៉ឺនរៀល ។ ក្រោយពីវេរលុយឱ្យរួចហើយ ជនសង្ស័យនៅតែបន្តទូរស័ព្ទមកសុំលុយ និងឱ្យវេរតាមវីងទៀត ដោយលើកហេតុផលផ្សេងៗថា ត្រូវការលុយ ដើម្បីធ្វើរឿងនេះ ឱ្យបានសម្រេច ។
ក្រោយមក លោកសំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាលមានការសង្ស័យ និងដឹងថា ជនសង្ស័យប្រើល្បិចឆបោក បានបញ្ជាឱ្យខាងជំនាញខេត្ត ទាក់ទងទៅសហការជាមួយជំនាញអាវុធហត្ថផ្ទៃប្រទេស ឆែកលេខទូរស័ព្ទជនសង្ស័យមើលដឹងថា ខលចេញនៅភ្នំពេញ ពេលនោះកម្លាំងជំនាញខេត្តបានរៀចំអន្ទាក់វេរលុយឱ្យជនសង្ស័យម្ដងទៀត និងដឹកនាំកម្លាំងចាប់ជនសង្ស័យតែម្តង ។
ចែករំលែកព័តមាននេះ