រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃអាទិត្យទី២០ មីនា សប្ដាហ៍នេះ កីឡាករកម្ពុជា២រូប គឺយ៉េន ឌីណា និងកីឡាករទើបឡើងកូដឈ្មោះ ឯម ខ្លឹមសរ នឹងត្រូវជួបប្រកួតជាមួយកីឡាករថៃនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ ។ អ្នកនិយមទស្សនាកីឡាប្រដាល់ភាគច្រើនកំពុងរង់ចាំអ៊ុតមើល ថាតើកីឡាករកម្ពុជាទាំង២អាចសម្រេចគោលដៅរបស់ខ្លួនឬយ៉ាងណា ខណៈកីឡាករថៃដែលពួកគេត្រូវជួបនាពេលនេះ ត្រូវគេអះអាងថា មានសមត្ថភាពមិនណយបែបនេះនោះ ។
ការប្រកួតនៅព្រឹកនោះ កីឡាករយ៉េន ឌីណា មកពីក្លិបអប្សរាគុនខ្មែរ នឹងត្រូវប៉ះប្រកួតជាមួយកីឡាករថៃឈ្មោះSoun Tepheap នៅក្នុងព្រឹត្តិការណ៍ប្រដាល់ពេលព្រឹកដែលចាប់ផ្ដើមនៅវេលាម៉ោង៨ ។ កីឡាករទាំងពីរត្រូវគេរំពឹងយ៉ាងខ្លាំងថា នឹងធ្វើឲ្យការប្រកួតរបស់ពួកគេទទួលការចាប់អារម្មណ៍ខ្ពស់ ដោយសារតែភាគីម្ខាងៗសុទ្ធតែចង់ឈ្នះមិនចង់ចាញ់ដូចគ្នា។ កីឡាករ យ៉េន ឌីណា គឺជាជើងខ្លាំង និងជាម្ចាស់ខ្សែក្រវាត់២-៣ស្ថាប័នផ្សេងគ្នានាពេលកន្លងមក។ គាប់ជួនជាការប្រកួតចុងក្រោយរបស់គេក៏ល្អ និងធ្វើឲ្យមានទំនុកចិត្តថែមទៀត ទើបរឹតតែមានអ្នកកាន់ជើងច្រើន ។

យ៉ាងណាក៏ដោយកីឡាករថៃSoun Tepheapក៏មិនណយនោះដែរ បើទោះជាការមកប្រកួតនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ប៉ុន្មានលើករបស់គេមានល្អនិងមិនល្អប្រហែលគ្នា ។ ការប្រកួតរបស់កីឡាកររូបនេះពេលខ្លះល្អទទួលយកបានតែពេលខ្លះហាក់ដូចជាស្ថិតក្នុងភាពផ្សងព្រេងច្រើន ។ លោក ឆ្លាម ស ជាគ្រូបង្វឹកហាក់មានជំនឿចិត្តភាគច្រើនថាកីឡាករយ៉េន ឌីណា នឹងឈ្នះការប្រកួតបើទោះជាកីឡាករថៃគឺជាម្ចាស់ខ្សែក្រវាត់ ដែលមានលទ្ធផលវិជ្ជមានច្រើនជាងបរាជ័យក្ដី។ លោកហាក់ធានា១០០% ចំពោះការប្រកួតរបស់កូនសិស្សដោយបានបញ្ជាក់ថា កីឡាករថៃអាចនឹងអាម៉ាស់ច្រើនជាងស្ពាយជ័យជម្នះត្រឡប់ទៅវិញ ។ ក្រុមអ្នកស្នេហាការប្រដាល់បានអះអាងថា កីឡាករថៃដែលបានឡើងមកប្រកួតនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍នាពេលចុងក្រោយពិតជាមានសមត្ថភាព ដោយសូម្បីតែ Soun Tepheap ក៏មិនធម្មតានោះដែរ។ ម្នាក់ៗបានសង្កត់ធ្ងន់ថា ការវាយមិនសូវល្អរបស់គេក្នុងពេលខ្លះ គឺដោយសារតែគេធ្វើដំណើរផ្លូវឆ្ងាយ និងសម្រាកមិនបានពេញកម្លាំងប៉ុណ្ណោះ។ ប៉ុន្តែបើឲ្យពេញកម្លាំងដូចគ្នានោះកីឡាករកម្ពុជាពិតជាពិបាកទប់ទល់ខ្លាំងណាស់ ។
ទោះបីយ៉ាងណា គេនៅតែជឿថា កីឡាករវ័យក្មេងយ៉េន ឌីណា ល្អសម្រាប់គូនេះ ។ កីឡាករថៃធ្លាប់ប្រកួតបាន៧៥លើក ឈ្នះ៦៣លើក ចាញ់១១លើក ស្មើ១លើក ចំណែកឯកីឡាករកម្ពុជាធ្លាប់ប្រកួតបាន៦៧លើក ឈ្នះ៦៤លើក និងចាញ់៣លើក មានន័យថា តួលេខឡើងប្រកួតរបស់កីឡាករថៃល្អជាងកីឡាករកម្ពុជា ។ ប៉ុន្តែបើផ្អែកតាមបទពិសោធន៍ និងភាពរហ័សគឺកីឡាករយ៉េន ឌីណា មិនអាចចាញ់កីឡាករថៃបានទេ ដោយសារតែកម្លាំងស៊ុហ្វរបស់គេក៏ពេញល្អ ឯបច្ចេកទេសវាយក៏ខ្លាំងមិនធម្មតា។
លោក ញាណ សុធី អ្នករៀបចំការប្រកួតបានអះអាងថា កីឡាករ Soun Tepheap គឺជាជើងខ្លាំងមួយរូបរបស់ប្រទេសថៃ ដែលកីឡាករកម្ពុជាមិនអាចមើលស្រាលបានទេ បើទោះជាការប្រកួតពេលខ្លះមិនបានពេញកម្លាំងធ្វើឱ្យអ្នកខ្លះគិតថាមានចំណុចខ្សោយ ។ មិនខុសគ្នាដែរលោកថៃ អ៊ូ ដែលជាអ្នកដឹកនាំកីឡាករថៃឱ្យមកប្រកួតក៏រាងទុកចិត្តកីឡាករថៃជាងកីឡាករកម្ពុជាដែរ ។ លោកថា យ៉េន ឌីណា ល្អ ប៉ុន្តែជំហរក្នុងការវាយបករបស់គេនៅមានចំណុចខ្សោយដែលអាចឲ្យកីឡាករថៃវាយលុកដោយងាយមិនពិបាកនោះទេ ទើបលោកយល់ថាអ្វីៗមិនអាចមើលស្រាលបានឡើយ ។ លោកថា គូនេះនឹងល្អមើលដោយសារភាគីខាងកម្ពុជាក៏ជាម្ចាស់ខ្សែក្រវាត់ ហើយភាគីខាងថៃក៏ជាម្ចាស់ខ្សែក្រវាត់ដែលមិនខុសពីឲ្យអ្នកទាំងពីរឡើងល្បងសមត្ថភាពគ្នានោះទេ ។ យ៉ាងណាក៏ដោយលោកថា ប្រសិនបើកីឡាករកម្ពុជាមានការត្រៀមទុកជាមុន គឺពិតជាធ្វើឲ្យកីឡាករថៃមានចំណុចចាញ់ច្រាបបាន។
នៅក្នុងព្រឹត្តិការណ៍ដដែលនោះដែរ កីឡាករជើងថ្មីមួយរូបទៀត គឺឯម ខ្លឹមសរ ដែលជាប្អូនបង្កើតរបស់ឯម ខ្លឹមខ្មៅ ឡើងប្រកួតជាមួយកីឡាករថៃឈ្មោះ Phach Namneong ផងដែរ ។ គូនេះ គេទុកចិត្តកីឡាករថៃរឹតតែច្រើនទៅទៀតដោយសារតែការប្រកួតកន្លងមកគឺភាគីខាងថៃបានធ្វើឲ្យកីឡាករកម្ពុជាទទួលរងភាពអាម៉ាស់លើរេញរួចមកហើយ ហើយកីឡាករកម្ពុជារូបនេះក៏ជាជើងថ្មីដែលមិនសូវមានបទពិសោធន៍ប្រកួតជាមួយកីឡាករបរទេសថែមទៀត ។ កីឡាករឯម ខ្លឹមសរ ធ្លាប់ប្រកួតបាន៤៥លើក ឈ្នះ៣៥លើក ចាញ់៥លើក ខណៈកីឡាករថៃធ្លាប់ប្រកួតបាន៥៨លើក ឈ្នះ៥២លើក ចាញ់៥លើក និងស្មើ១លើក ។ បើនិយាយពីបច្ចេកទេស និងកម្លាំងគឺកីឡាករថៃមើលទៅឈ្នះប្រៀបដាច់ ប៉ុន្តែគេក៏មិនទាន់ដឹងថា កីឡាករកម្ពុជាពិតជាទប់មិនជាប់នោះដែរ ។ គូនេះ ប្រសិនបើឯម ខ្លឹមសរ វាយឈ្នះ នោះគេនឹងល្បីពេញសង្វៀនជាមិនខាននោះទេ ដោយសារតែគេក៏ជាជើងខ្លាំងដែលមានសមត្ថភាពមិនអន់នោះដែរ មុននឹងចាត់ឲ្យឡើងប្រកួតជាមួយកីឡាករថៃនៅព្រឹកថ្ងៃអាទិត្យនោះ ៕
ចែករំលែកព័តមាននេះ