ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​បុណ្យកឋិន​អាច​ផ្អាក​ដូច​បុណ្យ​ភ្ជុំបិណ្ឌ​បាន​ឬទេ ?

2 ឆ្នាំ មុន

មាន​មតិ​ខ្លះ​លើក​ឡើង​ថា ដើម្បី​ទប់ស្កាត់ ឬ​កាត់​បន្ថយ​ការ​ចម្លង​មេរោគ​កូ​វី​ដ​១៩​ពិសេស​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា (Delta) ដែល​មាន​កម្រិត​នៃ​ការ​ឆ្លង​រាលដាល​ឆាប់រហ័ស និង​យោង​លើ​ភាព​ចាំបាច់ ដើម្បី​ធានា​ការពារ​អាយុជីវិត និង​សុខភាព​សាធារណៈ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ក្រសួង​ធម្មការ…

មាន​មតិ​ខ្លះ​លើក​ឡើង​ថា ដើម្បី​ទប់ស្កាត់ ឬ​កាត់​បន្ថយ​ការ​ចម្លង​មេរោគ​កូ​វី​ដ​១៩​ពិសេស​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា (Delta) ដែល​មាន​កម្រិត​នៃ​ការ​ឆ្លង​រាលដាល​ឆាប់រហ័ស និង​យោង​លើ​ភាព​ចាំបាច់ ដើម្បី​ធានា​ការពារ​អាយុជីវិត និង​សុខភាព​សាធារណៈ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ក្រសួង​ធម្មការ និង​សាសនា​គួរតែ​ផ្អាក​បុណ្យ​កឋិនទាន​ឆ្នាំ​នេះ​សិន​ទៅ ។

បើ​ដូច្នេះ តើ​គេ​អាច​ផ្អាក​បុណ្យ​កឋិនទាន​ដូច​ផ្អាក​បុណ្យ​ភ្ជុំបិណ្ឌ​បាន​ដែរ​ឬទេ ?

ផ្អាក​មិន​បានជា​ដាច់ខាត ! ព្រោះថា បើ​យោង​តាម​ខ្លឹមសារ​នៃ​បុណ្យ​កឋិនទាន​ជា​បុណ្យ​ពិសេស​មួយ​ផ្នែក​ខាង​ព្រះ​វិន័យ​ជា​បុណ្យ​ប្លែក​ពី​ចីវរ​ទាន​ឯទៀត​ដោយ​លក្ខណៈ​៥​យ៉ាង​គឺៈ

១-​ប្លែក​ដោយ​កាល ព្រោះ​មាន​ពុទ្ធានុញ្ញាត​ថា កឋិន​កាល​មាន​តែ​២៩​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ​១​រោច​ខែអស្សុជ​ដល់​ថ្ងៃ​ទី​១៥​កើត​ខែកត្តិក ។ រយៈកាល​នេះ​ពាក្យ​សាមញ្ញ​ហៅ​ថា​រដូវ​កឋិន ក្នុង​រដូវ​កំណត់​នេះ​បរិស័ទ​ចង់​ធ្វើ​ថ្ងៃ​ណាមួយ​ក៏​បាន​ឲ្យ​តែ​ស្ថិត​ក្នុង​ថ្ងៃ​ទាំង​២៩​នេះ​ហើយ​វត្ត​មួយ​ទទួល​បុណ្យកឋិន​បាន​តែ​ម្ដង​ប៉ុណ្ណោះ ។

២-​ប្លែក​ដោយ​វត្ថុ គឺ​សំពត់​ដែល​ក្រាលកឋិន​នោះ បាន​តែ​ស្បង់ ឬ​ចីវរ ឬ​ក៏​សង្ឃាដី ដែល​គេ​ធ្វើ​ត្រឹមត្រូវ​តាម​ពុទ្ធ​ប្បញ្ញត្តិ ។ សំពត់​ក្រៅពី​នេះ​ធ្វើ​ពុំ​បាន​ឡើយ ហើយ​សំពត់​ទាំង​៣​មុខ​នេះ​ទៀត​សោត​នឹង​យក​ទាំងអស់​ជា​អង្គ​កឋិន​ក៏​ពុំ​បាន​គឺ​បាន​តែ​១​មុខ​គត់ ទោះបី​ទាយក​យក​ចីវរ​១​ត្រៃ​គឺ ចីវរ​១ ស្បង់​១ សង្ឃាដី​១ ជា​សំពត់​កឋិន​មក​វេរ​ប្រគេន​ក៏​ភិក្ខុ​អ្នក​ក្រាល​គ្រង​លោក​រើស​យក​តែ​វត្ថុ​ណាមួយ​ធ្វើ​ជា​អង្គ​កឋិន គឺ​លោក​ចង់​យក​ស្បង់​ក៏​បាន ចីវរ​ក៏​បាន ឬ​សង្ឃាដី​ក៏​បាន ស្រេច​ហើយ​លើ​ព្រះ​ទ័យ​របស់​លោក ឲ្យ​តែ​វត្ថុ​នោះ​ត្រឹមត្រូវ​តាម​វិនយ​ប្បញ្ញត្តិ ។ តែ​តាម​ធម្មតា​លោក​អ្នក​ក្រាល​គ្រង​ច្រើន​យក​សង្ឃាដី ជា​អង្គ​កឋិន​ដោយ​លោក​យល់​ថា​បណ្ដា​ចីវរ​១​ត្រៃ សង្ឃាដី​ជា​ចីវរ​ធំ​ជាងគេ ។

៣-​ប្លែក​ដោយ​អំពើ គឺ​បុគ្គល​អ្នក​ធ្វើ​គប្បី​ធ្វើ​ឲ្យ​បាន​ត្រូវ​របៀប​តាម​ផ្លូវ​ព្រះ​វិន័យ​ទើបបាន​។

៤-​ប្លែក​ដោយ​បដិគ្គាហកៈ​គឺ​អ្នក​ទទួល​សំពត់​កឋិន​បាន​តែ​ភិក្ខុ ក្រៅពី​ភិក្ខុ​ពុំ​បាន​ឡើយ ហើយ​ភិក្ខុ​នោះ​ទៀត​សោត​លុះណាតែ​បាន​នៅ​គង់​ចាំ​វស្សា​គ្រប់​៣​ខែ​ក្នុង​វត្ត​ណាមួយ​ទើប​អាច​ទទួល​ក្រាល​គ្រង​និង​អនុមោទនា​កឋិន​ក្នុង​វត្ត​នោះ​បាន ភិក្ខុ​ដែល​មិន​បាន​ចាំ​វស្សា​ឬ​បាន​នៅ​ចាំ​វស្សា​ដែរ តែ​ឲ្យ​ដាច់​ក៏​ទទួល​ពុំ​បាន ។

៥-​ប្លែក​ដោយ​អានិសង្ស គឺ​ភិក្ខុ​អ្នក​ទទួល និង​ភិក្ខុ​អ្នក​ក្រាល​គ្រង​កឋិន​ក៏​បាន​អានិសង្ស​៥​យ៉ាង​ក្នុង​រវាង​៥​ខែ​ដូច​មាន​ក្នុង​វិន័យ​បិដក​ត្រង់​កឋិន​ក្ខ​ន្ធ​កថាៈ ១-​អនាម​ន្ត​ចា​រោ ត្រាច់​ទៅ​កាន់​ទី​ដទៃ ដោយ​មិនបាច់​លា​ភិក្ខុ​ផង​គ្នា​ដោយ​មិន​មានទោស ។ ២-​អ​សមាទាន​ចា​រោ ត្រាច់​ទៅ​ដោយ​មិនបាច់​យក​ត្រៃចីវរ​គ្រប់​ប្រដាប់​ទៅ​ជាមួយ​បាន ។ ៣-​គណ​ភោ​ជ​នំ ឆាន់​អាហារ​ភោជន​បាន ។ ៤-​យាវ​ទ​ត្ថ​ចីវ​រំ ទុកដាក់​អតិរេកចីវរ​បាន​តាម​ត្រូវការ ។ ៥-​យោ ច ត​ត្ថ ចីវ​រុ​ប្បា​ទោ សោ នេ​សំ ភ​វិ​ស្សតិ ចីវរ​ណា​ដែល​កើតឡើង​ក្នុង​អាវាស ចីវរ​នោះ​នឹង​មាន​ដល់​ភិក្ខុ​នោះ​មិន​ជំទាស់​ទៅ​នឹង​វិន័យ​ឡើយ ។

ដោយ​កឋិនទាន​ជា​ទាន​សង្គ្រោះ​ព្រះសង្ឃ ឬ​ហៅ​ថា​ជា​ទាន​នាំ​ឲ្យ​ភិក្ខុសង្ឃ​ជា​អ្នក​ទទួល​ក្រាល​គ្រង និង​អនុមោទនា បាន​អានិសង្ស​៥​យ៉ាង​ក្នុង​រវាង​ប្រាំ​ខែ​ដូច​ពោល​មកនេះ​ហើយ ទើប​បុណ្យ​កឋិនទាន​មិន​ត្រូវ​បាន​ផ្អាក​ដូច​បុណ្យ​នានា ប៉ុន្តែ​ត្រូវ​ចូលរួម​អនុវត្ត​តាម​សេចក្ដីណែនាំ​នានា​របស់​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និង​អាជ្ញាធរ​ដែនដី តាម​សភាព​ជាក់ស្តែង​នៃ​ទីកន្លែង​នីមួយ​ៗ​យ៉ាង​ម៉ឺងម៉ាត់ សំដៅ​កាត់​ផ្តាច់ ក៏​ដូច​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ នៅ​ទូ​ទាំង​ប្រទេស​ឱ្យ​មាន​ប្រសិទ្ធភាព​បំផុត ។

ប៉ុន្តែ​ជាមួយ​គ្នា​នេះ​ក៏​មានការ​កត់​សម្គាល់ថា ទាក់ទង​នឹង​កឋិនទាន​នេះ នៅ​សម័យ​ពុទ្ធកាល​ហាក់ដូចជា​ងាយ​នឹង​ធ្វើ​សោះ​ទោះបី​ជន​ក្រីក្រ ខ្វះខាត​ថ្នាក់ទាប​បំផុត​ក៏​ដោយ ឱ្យ​តែ​មាន​ស្បង់​១ ឬ​ចីវរ​១ ឬ​សង្ឃាដី​១ ឬ​មាន​សំពត់​ត្រឹមតែ​ពីរ​ឬ​បី​ម៉ែត្រ​ក៏​អាច​យក​ទៅ​វេរ​ចំពោះ​ព្រះសង្ឃ​ដែល​គង់​ចាំ​វស្សា​អស់​ត្រីមាស​ក្នុង​វត្ត​ណាមួយ​ក៏​ឈ្មោះ​ថា​ជា​អ្នក​បាន​ធ្វើ​កឋិន​ហើយ មិន​ចាំបាច់​កៀរគរ​ប្រមែប្រមូល​មនុស្ស​មក​ជុំ​គ្នា​ច្រើន​នោះ​ទេ បើ​អ្នក​យល់​ពី​ខ្លឹមសារ​នៃ​កឋិនទាន គឺ​មិន​លំបាក​ធ្វើ​ទេ ហើយ​ក៏​មិន​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​ចម្លងជំងឺ​កូ​វី​ដ​១៩​នោះ​ដែរ ។

ប៉ុន្តែ​សម្រាប់​កឋិន​នៅ​កម្ពុ​ជានា​សម័យនេះ​លំបាក​ណាស់ កុំ​ថា​ឡើយ​អ្នក​ក្រីក្រ សូ​ម្បី​តែ​អ្នកមាន​ល្មម​ៗ​ក៏​មិន​អាច​ធ្វើ​បាន​ដែរ លុះណាតែ​អ្នកមាន​ស្តុកស្តម្ភ ឬ​មាន​គ្នា​ច្រើន​ទើប​អាច​ធ្វើ​កឋិន​កើត ព្រោះ​កឋិនទាន​នៅ​កម្ពុជា​ពុំ​មែនមាន​តែ​ស្បង់​១ ឬ​ចីវរ​១ ឬ​សង្ឃាដី​១​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​មាន​បរិក្ខារ​ដ៏​ច្រើន​ផ្សេង​ៗ​ទៀត ជា​ពិសេស​បច្ច័យ​សង្កត់​ត្រៃ​សម្រាប់​កសាង​វត្ត​អារាម​និង​សមិទ្ធិ​សាធារណៈ​នានា​មាន​សាលារៀន មន្ទីរពេទ្យ​ជាដើម​ទើប​អាច​ឈ្មោះ​ថា​ជា​កឋិន​នៅ​កម្ពុ​ជានា​សម័យ​ទំនើប​បាន ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ