មនុស្សយ៉ាងតិច២២នាក់ស្លាប់ ហើយ១៨នាក់រងរបួសក្នុងការវាយប្រហារអត្តឃាតមួយធ្វើឡើងដោយនារី២នាក់បន្លំខ្លួនជាបុរស កាលពីថ្ងៃទី១៦ មីនា ក្នុងព្រះវិហារអ៊ិស្លាមក្រុងម៉ាអីុឌីហ្គូរីភាគឦសាននីហ្សេរីយ៉ា ដែលតែងរងការវាយប្រហាររបស់ក្រុមជ្រុលនិយមបូកូហារ៉ាម ។
ការវាយប្រហារនេះកើតមាននាវេលាម៉ោង៥និង៣០នាទីព្រឹក ម៉ោងក្នុងស្រុកក្នុងសង្កាត់ MOLAI នៃទីក្រុងម៉ាអីុឌូហ្គូរី រដ្ឋធានីនៃរដ្ឋប័រណូ ក្នុងឱកាសនៃពិធីសូត្រធម៌ពេលព្រឹកក្នុងព្រះវិហារអ៊ិស្លាមមួយដែលធ្លាប់ជាកន្លែងវាយប្រហារមួយកាលពីថ្ងៃទី១៥ តុលា ឆ្នាំ២០១៥ បណ្តាលឱ្យមនុស្សស្លាប់៣០នាក់ និងរបួស៣២នាក់ ។
ប្រធានាធិបតីនីហ្សេរីយ៉ា លោក MUHAMMADU DUHARI ដែលធ្លាប់ប្រកាសកាលពីខែធ្នូ ថាក្រុមអ៊ិស្លាមនិយមបូកូហារ៉ាម ជាបច្ចេកទេសទទួលបរាជ័យទៅហើយនោះ បានសម្តែងភាពក្តុកក្តួល ចំពោះការវាយប្រហារនេះ ដែលសម្លាប់សាសនិកអ៊ិស្លាមស្លូតត្រង់ ។
តាម TWITTER លោកថ្លែងថា ការវាយប្រហារនេះជាសញ្ញាមួយទៀតបង្ហាញថា ក្រុមបូកូហារ៉ាមជាក្រុមគ្មានព្រះ គ្មានច្បាប់ ហើយពុំតំណាងឱ្យអ៊ិស្លាមពិតប្រាកដឡើយ ។
ការវាយប្រហារភេរវកម្មនេះជាលើកទី២ នៅភាគឦសាននីហ្សេរីយ៉ាក្នុងខែមីនានេះ បន្ទាប់ពីការវាយប្រហារ៤លើកក្នុងខែកុម្ភៈ និង៨លើកក្នុងខែមករា ។
កងទ័ពនីហ្សេរីយ៉ាបានធ្វើការវាយបកយ៉ាងខ្លាំងក្លាមួយចាប់តាំងពីមួយឆ្នាំមកហើយរួចប្រកាសពីជ័យជម្នះជាច្រើនប្រឆាំងពួកបះបោរ ដោយនិយាយថា ពួកនេះកំពុងចុះខ្សោយយ៉ាងខ្លាំងដោយកាត់ផ្តាច់ផ្លូវផ្គត់ផ្គង់ ហើយកាត់បន្ថយសមត្ថភាពធ្វើការប្រយុទ្ធ ។ ក៏ប៉ុន្តែប្រជាជននៅតែមានការភ័យខ្លាចយ៉ាងខ្លាំងចំពោះការវាយប្រហារអត្តឃាតដែលតែងសំដៅជនស៊ីវិល ព្រះវិហារ ទីផ្សារ ព្រមទាំងចំណតរថយន្តបឺស ៕
ចែករំលែកព័តមាននេះ