ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​អសកម្ម​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​ទាមទារការ​ដោះស្រាយ​ដើម្បី​ការពារ​ប្រយោជន៍​ពលរដ្ឋ

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​នាម​ជា​អាជ្ញាធរ​បញ្ញត្តិ​កម្ម និង​ត្រួតពិនិត្យ​ដើម្បី​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​នាម​ជា​អាជ្ញាធរ​បញ្ញត្តិ​កម្ម និង​ត្រួតពិនិត្យ​ដើម្បី​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ជា​ពិសេស ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ ពោល​គឺ​ចាប់តាំងពី​ការ​ប្រកាស​ជា​ផ្លូវការ​របស់​រាជរដ្ឋាភិបាល យក​ឆ្នាំ​២០០៦ ជា​ឆ្នាំ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ។ ទោះបីជា​យ៉ាងណា ក៏​នៅ​មាន​ភាព​អសកម្ម​មួយ​ចំនួន​ផង​ដែរ ដែល​គ្រប់​ភាគី​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​សហការ​គ្នា​ដោះស្រាយ​ដើម្បី​ទប់ស្កាត់ និង​ការពារ​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ ។

ថ្លែង​ក្នុង​ពិធី​បិទ​សន្និសីទ​ជាតិ ស្តី​ពី​ការ​អភិវឌ្ឍ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា កាលពី​ល្ងាច​ថ្ងៃ​ទី​១៥ មីនា នៅ​សាល​កោះ​ពេជ្រ លោក ជា ចាន់​តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​លើក​ឡើង​ថា នៅ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ មាន​ភាព​អសកម្ម​មួយ​ចំនួន ដែល​គ្រប់​ភាគី​ពាក់ព័ន្ធ​ត្រូវ​ដោះស្រាយ ដូច​ជា ៖

១-​សកម្មភាព​ក្រៅផ្លូវការ ឬ​ខុសច្បាប់​មួយ​ចំនួន​ដែល​ត្រូវ​បាន​ប្រើប្រាស់​ជា​លេស​ក្នុង​គោលដៅ​កេងប្រវ័ញ្ច និង​ទុច្ចរិត បណ្តាល​ឲ្យ​ប្រជាជន​ធ្លាក់​ក្នុង​ភាព​ក្រីក្រ និង​រឹបអូស​ផ្ទះសម្បែង និង​ទ្រព្យសម្បត្តិ ។ សកម្មភាព​ទាំងនេះ​បង្ហាញ​ឲ្យ​ឃើញ​តាម​រយៈ​ការ​ផ្តល់​ឥណទាន​ដោយ​មាន​លក្ខណៈ​ធូររលុង ដោយ​មិន​គិត​ពី​គោលបំណង​កម្ចី​ថា តើ​យក​ទៅ​បង្កើត ឬ​ពង្រីក​មុខរបរ​អាជីវកម្ម ឬ​យក​ប្រើប្រាស់​ជា​ការ​កម្សាន្ត ឬ​លេងល្បែង​ស៊ីសង ។

២-​សកម្មភាព​តាំងខ្លួន​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ស្របច្បាប់ ដោយ​គិត​អត្រា​ការ​ប្រាក់​ខ្ពស់ ឬ​ការ​ទាក់ទាញ​ប្រាក់​បញ្ញើ ដោយ​សន្យា​ផ្តល់​ការ​ប្រាក់​ខ្ពស់​ហួសហេតុ ។ ឧទាហរណ៍ ១២%​ក្នុង​មួយ​ខែ ឬ​១៤៤%​ក្នុង​មួយ​ឆ្នាំ ដែល​បាន​កើតឡើង​រួច​មក​ហើយ​នៅ​ក្នុង​ខេត្តបាត់ដំបង នា​ពេល​កន្លង​មក ។ សកម្មភាព​នេះ គឺជា​សកម្មភាព​បោកប្រាស់ ។

៣-​រដូវ​កាល​ឃោសនាបោះឆ្នោត​ជិត​មក​ដល់ មាន​គណបក្ស​នយោបាយ និង​បុគ្គល​មួយ​ចំនួន​បាន​និង​កំពុង​កេង​យក​ផល​ចំណេញ​ផ្នែក​នយោបាយ​ថែម​ទៀត តាម​រយៈ​ការ​ឃោសនា​ឲ្យ​ប្រជាជន​យល់​ច្រឡំ​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជា​គ្រឹះស្ថាន​របស់​រដ្ឋ ដូច្នេះ ប្រាក់​ដែល​ខ្ចី​ជា​របស់​រដ្ឋ ហើយ​ប្រជាជន​ខ្ចីប្រាក់​មិន​ចាំបាច់​សង​ប្រាក់​កម្ចី​នោះ​ត្រឡប់​មក​វិញ​ទេ ហើយ​ថែម​ទាំង​សន្យា​ថា បើ​ពួក​គេ​ឈ្នះ​ឆ្នោត​នោះ ពួក​គេ​នឹង​លុប​ចោល​ប្រាក់​កម្ចី​ទាំងនោះ ។

លោក​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បន្ត​ថា​៖« ចំពោះ​មុខ យើង​ឃើញ​ថា ធនាគារជាតិ​នៃ​កម្ពុជា​បាន​រួមចំណែក​បង្កើន​ចំណេះដឹង​លើ​ការ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ដល់​ថ្នាក់​មូលដ្ឋាន ដែល​ធ្វើ​ឲ្យ​ប្រជាជន​មានការ​យល់​ដឹង​កាន់តែ​ច្រើន​ក្នុង​ការ​ស្វែងរក​ប្រភព​ហិរញ្ញវត្ថុ​ពី​ធនាគារពាណិជ្ជ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ជា​ពិសេស ធ្វើ​ឲ្យ​ពួក​គេ​យល់​ច្បាស់​ថា មីក្រូហិរញ្ញវត្ថុ​ពុំ​មែន​ជា​សកម្មភាព​សប្បុរសធម៌​ទេ » ។

ទាក់ទង​នឹង​វិស័យ​មីក្រូហិរញ្ញវត្ថុ​នេះ​ដែរ លោក ជា ចាន់​តូ ក៏​បាន​លើក​ឡើង​នូវ​អនុសាសន៍​មួយ​ចំនួន​ដូច​ជា ៖
១-​ភាគី​ទាំងអស់​ត្រូវ​បន្ត​ជំរុញ​សេវា​ហិរញ្ញវត្ថុ​ផ្សេង​ទៀត​បន្ថែម​លើ​សេវា​ឥណទាន ជា​ពិសេស ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ជូន​ប្រជាពលរដ្ឋ​ក្នុង​តម្លៃ​សមរម្យ ។
២-​ធនាគារជាតិ​នៃ​កម្ពុជា ក្រសួងមហាផ្ទៃ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បន្ត​ចាត់វិធានការ​ម៉ឺងម៉ាត់​ចំពោះ​អង្គការ​មិនមែន​រដ្ឋាភិបាល សមាគម និង​អ្នក​ឲ្យ​ខ្ចី​ចងការ​ក្រៅផ្លូវការ ដែល​ធ្វើ​ប្រតិបត្តិ​ធនាគារ​ដោយ​ពុំ​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ។

៣-​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ត្រូវ​ផ្តល់​ឥណទាន​ផ្អែក​លើ​សមត្ថភាព​នៃ​ការ​សង​ត្រឡប់ និង​ផលិតភាព​នៃ​មុខរបរ ឬ​អាជីវកម្ម​របស់​អតិថិជន និង​ត្រូវ​ចៀសវាង​ការ​ផ្តល់​ឥណទាន​ដែល​មាន​ភាព​ធូរ​លុង និង​ពឹងផ្អែក​តែ​ទៅ​លើ​ទ្រព្យ​ធានា​តែ​ម្យ៉ាង ។

៤-​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ត្រូវ​ពង្រឹង​យន្តការ​នៃ​កិច្ច​ការពារ​អតិថិជន ដោយ​ផ្តោត​លើ​ការ​អនុវត្ត​ក្រម​ប្រតិបត្តិ តម្លាភាព ការ​បង្ហាញ​ព័ត៌មាន​ភាព​សម​ស្រប​នៃ​ផលិតផល ព្រមទាំង​គោលការណ៍ និង​យន្តការ​ដោះស្រាយ​បណ្តឹង​ដែល​សាមញ្ញ និង​ងាយស្រួល ។

៥-​ធនាគារជាតិ​នៃ​កម្ពុជា ក្រសួង​អប់រំ យុវជន និង​កីឡា សមាគម​មីក្រូហិរញ្ញវត្ថុ និង​ដៃគូ​អភិវឌ្ឍន៍​នានា ត្រូវ​បន្ត​សហការ​លើកកម្ពស់​កម្មវិធី​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ប្រជាជន។

៦-​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ត្រូវ​បន្ត​រក្សា​បេសកកម្ម​សង្គម និង​បរិស្ថាន ក្នុង​គោលបំណង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ៕