ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​10​ឆ្នាំ អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​3​ទទួល​អ្នកដំណើរ​កើនឡើង​300%

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កត្តា​ធនធាន​បេតិកភណ្ឌ និង​ធនធានធម្មជាតិ​ដ៏​សម្បូរ​បែប​របស់​កម្ពុជា បាន​ក្លាយជា​គោលដៅ​ទេសចរណ៍​បេតិកភណ្ឌ និង​អេកូ​ទេសចរណ៍​ប្រកបដោយ​សក្តានុពល​ខ្ពស់​មួយ​នៅ​ក្នុង​តំបន់ ក៏​ដូច​ជា​នៅ​លើ​ពិភពលោក

រាជធានី​ភ្នំពេញ ៖ កត្តា​ធនធាន​បេតិកភណ្ឌ និង​ធនធានធម្មជាតិ​ដ៏​សម្បូរ​បែប​របស់​កម្ពុជា បាន​ក្លាយជា​គោលដៅ​ទេសចរណ៍​បេតិកភណ្ឌ និង​អេកូ​ទេសចរណ៍​ប្រកបដោយ​សក្តានុពល​ខ្ពស់​មួយ​នៅ​ក្នុង​តំបន់ ក៏​ដូច​ជា​នៅ​លើ​ពិភពលោក ជា​ពិសេស ក្នុង​តំបន់​អាស៊ាន​ដែល​ជាទី​ផ្សារ​ទេសចរណ៍​ដ៏​ធំ​មួយ និង​មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​ចំនួន​ប្រមាណ​១០៥​លាន​នាក់​កាលពី​ឆ្នាំ​២០១៥ ។ តាម​ការ​ព្យាករ​របស់​ក្រសួងទេសចរណ៍​កម្ពុជា​រំពឹង​ថា នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​រហូត​ដល់​ជាង​៧​លាន​នាក់​នៅ​ឆ្នាំ​២០២០ ។ ទន្ទឹម​នឹង​កំណើន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​នៅ​កម្ពុជា បាន​កើន​ឡើងជា​បន្ដបន្ទាប់​ដូចនេះ វិស័យ​អាកាសចរណ៍​ស៊ី​វិល​កម្ពុជា ក៏​មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់​ជា​លំដាប់​ផង​ដែរ ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ស្ថានីយ​អ្នកដំណើរ​ថ្មី នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៦ មីនា ម្សិលមិញ លោក​ឧបនាយករដ្ឋមន្ត្រី បណ្ឌិត​សភាចា​រ្យ សុខ អាន បាន​មាន​ប្រសាសន៍​ថា ៖ « ក្នុង​ឆ្នាំ​២០១៥ អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​៣​របស់​កម្ពុជា បាន​ទទួល​អ្នកដំណើរ​សរុប​រហូត​ដល់​ចំនួន​៦,៤​លាន​នាក់ គឺ​មានការ​កើនឡើង​៣០០% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០០៥ មាន​ចំនួន​តែ​២,១​លាន​នាក់​ប៉ុណ្ណោះ ដែល​ជា​កំណើន​មួយ​ដ៏​ខ្ពស់​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ និង​បាន​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​ទីផ្សារ​លូតលាស់​លឿន​បំផុត​មួយ​នៅ​ក្នុង​តំបន់​អាស៊ី » ។

វិស័យ​អាកាសចរណ៍​ស៊ី​វិល​កម្ពុជា ត្រូវ​បាន​រំពឹង​ថា នឹង​បន្ត​កើនឡើង​បន្ថែម​ទៀត​ទៅ​អនាគត ស្រប​ពេល​ដែល​ការ​ព្យាករ​របស់​អង្គការ​អាកាសចរណ៍​ស៊ី​វិល​អន្តរជាតិ (ICAO) សម្រាប់​រយៈពេល​២០​ឆ្នាំ​ខាង​មុខ បាន​បង្ហាញ​ថា កម្រិត​លូតលាស់​របស់​វិស័យ​អាកាសចរណ៍​ពិភពលោក​ប្រចាំឆ្នាំ​មាន​៤,៧% ឬ​កើនឡើង​ចំនួន​ទ្វេ​ដង​ក្នុង​រយៈពេល​១៥​ឆ្នាំ​ខាង​មុខ ។

ជា​ការ​ពិត ឧស្សាហកម្ម​អាកាសចរណ៍​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​ការ​លូតលាស់​សេដ្ឋកិច្ច​របស់​បណ្តា​ប្រទេស​ក្នុង​តំបន់ ក៏​ដូច​ជា​ពិភពលោក​ទាំងមូល ។

បច្ចុប្បន្ន​នេះ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​មាន​ចំណត​យន្តហោះ​ចំនួន​១៨ សម្រាប់​យន្តហោះ​ដឹក​អ្នកដំណើរ​ធំ​-​តូច​គ្រប់​ប្រភេទ អាច​ឈប់​សំចត​បាន ស្រប​តាម​បទដ្ឋាន​អាកាស យានដ្ឋាន​អន្តរជាតិ​លំដាប់ថ្នាក់ 4D ដែល​មាន​សមត្ថភាព​ទទួល​ការ​ចុះ​ចត​នៃ​យន្តហោះ​ដឹក​អ្នកដំណើរ​ធុន​ធ្ងន់ ។ នេះ​ជា​ការ​វាយតម្លៃ​ជា​វិជ្ជមាន​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​អាកាសយានដ្ឋាន​កម្ពុជា ដោយ​អង្គការ​អាកាសចរណ៍​ស៊ី​វិល​អន្តរជាតិ ដូច​ជា ICAO និង IATA  ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ស្ថានីយ​ចេញដំណើរ​ថ្មី​នា​ឱកាស​នោះ​ដែរ ប្រមុខ​រាជរដ្ឋាភិបាល​បាន​សម្ដែង​នូវ​មោទនភាព​នៃ​ចំនួន​ទេសចរ​ដែល​បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា មានការ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដែល​នាំ​ឲ្យ​មានការ​បង្កើត​ស្ថានីយ​ថ្មី​នា​ពេល​នេះ​។

សម្ដេច​តេ​ជោ ហ៊ុន  សែន បាន​ថ្លែង​ថា ៖ « កាលពី​ជំនាន់​សង្គ្រាម ចាប់ពី​ការ​ធ្វើ​រដ្ឋប្រហារ​សម្ដេច ព្រះ​នរោត្តម សីហ​នុ នា​ឆ្នាំ​១៩៧០​មក គឺ​មិន​មាន​ភ្ញៀវ​ទេសចរ​ណា​ម្នាក់​មក​កាន់​ប្រទេស​កម្ពុជា​នោះ​ទេ ប៉ុន្ដែ​បច្ចុប្បន្ន​នេះ​មាន​ភ្ញៀវ​ទេសចរ​រាប់​លាន​នាក់​បាន​មក​កាន់​ប្រទេស​កម្ពុជា ។ ជាក់ស្ដែង កាលពី​ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ មាន​ភ្ញៀវ​ទេសចរ​អន្ដរជាតិ​ជាង​៤​លាន​នាក់​បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា » ។

ទោះបីជា​យ៉ាងណា សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​បាន​អំពាវនាវ​ដល់​មន្ត្រី​គ្រប់​ផ្នែក​ទាំងអស់ ដែល​កំពុង​បម្រើ​ការ​នៅ​អាកាសយានដ្ឋាន​អន្ដរជាតិ ទាំង​នៅ​រាជធានី​ភ្នំពេញ ខេត្ដសៀមរាប និង​ខេត្ដ​ព្រះ​សីហ​នុ ត្រូវ​បន្ដ​បម្រើភ្ញៀវ​ឲ្យ​បាន​ល្អ ហើយ​ត្រូវ​ពង្រឹង​ការ​ថែរក្សា​សុខ​សុវត្ថិភាព​ជូន​ភ្ញៀវ​គ្រប់​ជាតិ​សាសន៍ ដើម្បី​ឲ្យ​ពួក​គេ​បន្ដ​មក​កាន់​ប្រទេស​កម្ពុជា​ម្ដង​ហើយ​ម្ដងទៀត ហើយ​លើក​ក្រោយ​ពួក​គេ​ក៏​អាច​នាំ​មិត្ដភក្ដិ​ឲ្យ​ស្គាល់​តំបន់​ទេសចរណ៍​នានា​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ ។

ថ្លែងប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​ស៊ី​ន​ហួ លោក Xavier Huillard ប្រធាន​និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​VINCI Airports គ្រុប របស់​ប្រទេស​បារាំង​ដែល​ជា​ក្រុមហ៊ុនមេ​របស់​ក្រុមហ៊ុន​អាកាសយាន​ដ្ឋា​កម្ពុជា​បាន​ថ្លែង​ថា ៖ «​ស្ថានីយ​អ្នកដំណើរ​ថ្មី​នេះ ត្រូវ​បាន​បំពាក់​កន្លែង​ត្រួតពិនិត្យ​(chick-in)​ចំនួន​៣២ និង​បញ្ជរ​អន្តោប្រវេសន៍​, ប្រព័ន្ធ​ត្រួតពិនិត្យ​អីវ៉ាន់ និង​ម៉ាស៊ីន​កាំរស្មី​X សម្រាប់​ទំនិញ ផ្សេង​ៗ​ទៀត » ។

ការ​ពង្រីក​ព្រ​លាន​យន្ដហោះ​នេះ គឺជា​ផ្នែក​មួយ​នៃ​ទឹកប្រាក់​១០០​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ក្នុង​កម្មវិធី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង កាលពី​ឆ្នាំ​២០១៤ ដើម្បី​ពង្រីក​ស្ថានីយ​អ្នកដំណើរ​នៅ​ក្នុង​អាកាសយានដ្ឋាន​ចំនួន​២​គឺ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន VINCI Airports គ្រុប ។

ស្ថានីយ​ចេញដំណើរ​ថ្មី​នៃ​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​នេះ នឹង​ជួយ​បង្កើន​សមត្ថភាព​ទ្វេ​ដង​សម្រាប់​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​៥​លាន​នាក់​ក្នុង​១​ឆ្នាំ និង​សម្រាប់​សមត្ថភាព​បម្រើ​តម្រូវការ​ទេសចរ​ពី​៥​ទៅ​៨​ឆ្នាំទៅ​មុខ​ទៀត ហើយ​ក៏​ជា​សមិទ្ធផល​ថ្មី​មួយទៀត ក្នុង​ចំណោម​សមិទ្ធផល​នានា​ដែល​រាជរដ្ឋាភិបាល​សម្រេច​បាន ។

ជាមួយ​គ្នា​នេះ នឹង​បាន​រួមចំណែក​បន្ថែម​ទៀត​ក្នុង​ការ​ជំរុញ​អភិវឌ្ឍន៍​វិស័យ​អាកាសចរណ៍​ស៊ី​វិល និង​វិស័យ​ទេសចរណ៍ ដែល​វិស័យ​ទាំង​២​នេះ បាន​និង​កំពុង​តែ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​សកម្មភាព​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​នៅ​កម្ពុជា ៕