ខេត្តស្វាយរៀង ៖ នៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦នេះ លោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង បានចេញដីកាឃុំខ្លួនជនជាតិវៀតណាម៣នាក់ ក្នុងចំណោមជនសង្ស័យ០៤នាក់ដែលជាក្រុមរ៉ូលីងបម្រើការនៅកាស៊ីណូ និងសណ្ឋាគារពិភពថ្មីសង្ស័យថា ជាប់ពាក់ព័ន្ធករណីអំពើឃាតកម្មវាយធ្វើទារុណកម្មលើជនរងគ្រោះឈ្មោះ ង្វៀង យ៉ាំងយឿង ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិហ៊ឹងយីដុង ឃុំបេនហ៊ីប ស្រុកឡុងអាន ខេត្តឡុងអាន ប្រទេសវៀតណាម រហូតដល់ស្លាប់នៅក្នុងបន្ទប់លេខ៣០៣។
ប៉ុន្តែក្រោយពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានសាកសួរអស់រយៈពេលពេញមួយថ្ងៃ ដ៏ចម្រូងចម្រាស់មក គឺបែកធ្លាយករណីបង្ខាំងមនុស្សខុសច្បាប់ទៅវិញ គឺដោយឈ្មោះ ង្វៀង ធីទៀងង៉ា ភេទស្រីអាយុ៣៣ឆ្នាំ នៅភូមិខូកូ៣ ខណ្ឌ១ ខេត្តតៃនិញ ប្រទេសវៀតណាម បានប្តឹងថាខ្លួនគឺជាជនរងគ្រោះដែរមិនមែនជាជនល្មើសទេរូបគេ (ង្វៀងធីទៀងង៉ា) ត្រូវជនសង្ស័យទាំង៣នាក់បានចាប់បង្ខាំងក្នុងបន្ទប់ជាប់នោះ អស់រយៈពេលជិត២០ថ្ងៃមកហើយដោយចោទទៀតថា ជនសង្ស័យឈ្មោះ ត្រឹង ធីញី ភេទស្រី អាយុ៣០ឆ្នាំ នៅភូមិ២ ឃុំសូយង៉ូ ស្រុកតឹងចូវ ខេត្តតៃនិញ ជាប្រពន្ធជនដៃដល់ជាឃាតករឈ្មោះ វឹង ប៉ុន្តែជនសង្ស័យឈ្មោះ ត្រឹង ធីញី ប្រកែកថា មិនមែនប្តីរបស់គេទេហើយរូបគេក៏មិនស្គាល់ច្បាស់ដែរគ្រាន់តែស្គាល់ថាឈ្មោះ វឹង ជាមេក្រុមរ៉ូលីងប្រចាំការនៅក្នុងកាស៊ីណូ និងសណ្ឋាគារពិភពថ្មី ប៉ុន្តែមិនបានស្គាល់នាមត្រកូល និងអាសយដ្ឋានឯណាឡើយ។ សមត្ថកិច្ចបានបង្ហើបឲ្យដឹងទៀតថា ដោយមានពាក្យបណ្តឹងពីឈ្មោះ ង្វៀង ធីទៀងង៉ាលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានចោទប្រកាន់ជនសង្ស័យ៣នាក់ពីបទបង្ខាំងមនុស្សខុសច្បាប់។
១.ឈ្មោះ ត្រឹង ធីញី ភេទស្រី អាយុ៣០ឆ្នាំ នៅភូមិ២ ឃុំសូយង៉ូ ស្រុកតឹងចូវខេត្តតៃនិញ។ ២.ឈ្មោះ ង្វៀង ធីហ៊ីវ ភេទស្រី អាយុ២០ឆ្នាំ នៅភូមិរ៉ឹងយ៉ូវ ឃុំទៀងធឹង ស្រុកបេនកូវខេត្តតៃនិញ។ ៣.ឈ្មោះ វិន យ៉ាំងបិន ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិជីវ៉ា ឃុំឡុងវ៉ា ស្រុកយ៉ូទីម ខេត្តប៊ិនត្រែ ប្រទេសវៀតណាម ដាក់ពន្ធនាគារខេត្តស្វាយរៀងបណ្តោះអាសន្ននៅវេលាម៉ោង៥និង៣០នាទីរសៀល ហើយបានដោះលែងជនសង្ស័យឈ្មោះ ង្វៀង ធីទៀងង៉ា ឲ្យមានសេរីភាពវិញ និងក្លាយជាដើមបណ្តឹងវិញម្តង។
សូមរំលឹកផងដែរកាលពីវេលាម៉ោង៩យប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ សមត្ថកិច្ចបានទទួលព័ត៌មានថា នៅកាស៊ីណូពិភពថ្មី នៅបន្ទប់លេខ៣០៣ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត មានបុរសម្នាក់ស្លាប់ក្រោយពីទទូលព័ត៌មាន សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុដឹកនាំដោយលោកព្រះរាជអាជ្ញាអមសាលដំបូងខេត្តស្វាយរៀងនិងលោកវរសេនីយ៍ឯក កុយ សុភាព ស្នងការរងនគរបាលខេត្ត ពិនិត្យសពឃើញមានស្នាកស្នាមលើដងខ្លួន។
ក្រោយពីពិនិត្យសព និងឆែកឆេរបន្ទប់រូច លោកព្រះរាជអាជ្ញាបញ្ជាឱ្យសមត្ថកិច្ចធ្វើការឃាត់ខ្លូនជនសង្ស័យដែលជនជាតិវៀតណាមចំនួន៤នាក់: ១.ឈ្មោះ វិន យាំងបិន ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមីជីវា ឃុំឡុងវ៉ា ស្រុកយ៉ូទីម ខេត្តប៊ិនត្រែ ២.ឈ្មោះ ត្រឹង ធីញី ភេទស្រី អាយុ៣០ឆ្នាំ នៅភូមិ២ ឃុំសូយង៉ូ ស្រុកតឹងចូវ ខេត្តតៃនិញ ៣.ឈ្មោះ ង្វៀង ធីទៀងង៉ា ភេទស្រី អាយុ៣៣ឆ្នាំ នៅភូមិខូកូ៣ ខេត្តតៃនិញ ៤.ឈ្មោះ ង្វៀង ធីហ៊ីវ ភេទស្រី អាយុ២០ឆ្នាំ នៅភូមិ រឹងយ៉ូវ ឃុំទៀងធឺង ស្រុបេនកូវ ខេត្តតៃនិញា សង្ស័យពាក់ព័ន្ធអំពើឃាតកម្មចាប់ជនរងគ្រោះបង្ខាំង និងវាយធ្វើទារណកម្មរហូតដល់ស្លាប់ ។
មូលហេតុដែលជនរងគ្រោះលេងល្បែងចាញ់ហើយបានខ្ចីប្រាក់ពីក្រុមរ៉ូលីងលេងល្បែងបន្ត រហូតចាញ់អស់គ្មានប្រាក់សងទើបក្រុមរ៉ូលីងចាប់បង្ខាំងហើយជម្រិតទាប្រាក់ឲ្យបងប្អូនជនរងគ្រោះយកប្រាក់មកលោះតែទំនងជនរងគ្រោះមិនព្រម ក៏វាយធ្វើទារុណកម្ម ឆក់ខ្សែភ្លើងរហូតដល់ស្លាប់តែម្តង។ ទាក់ទិនករណីខាងលើនេះដែរ សមត្ថកិច្ចបានបង្ហើបឲ្យដឹងទៀតថា មូលហេតុដែលវែកមុខឃាតករមិនឃើញ គឺដោយសារម្ចាស់កាស៊ីណូ និងសណ្ឋាគារពិភពថ្មីមិនសហការជាមួយសមត្ថកិច្ច បើយោងតាមច្បាប់ការងាររដ្ឋបាល ម្ចាស់ណ្ឋាគារត្រូវតែទទួលខុសត្រូវពេលមានភ្ញៀវមកស្នាក់នៅត្រូវយកអត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែនរបស់ភ្ញៀវបរទេសមកហ្វូតូទុក ឬកត់ក្នុងសៀវភៅចេញចូលដើម្បីងាយស្រួលរាយការណ៍ជូនសមត្ថកិច្ច និងដឹងពីអត្ដញ្ញាណ និងអាស័យដ្ឋាន ឱ្យបានច្បាស់លាស់ងាយស្រួលបង្ក្រាបពេលមានបទល្មើសកើតឡើង ប៉ុន្តែម្ចាស់កាស៊ីណូ និងសណ្ឋាគារពិភពថ្មីមិនសហការទើបពិបាកក្នុងការស្រាវជ្រាវ ឬបង្ក្រាបបទល្មើស។
ប្រភពដ៏ដែលបានបង្ហើបទៀតថា កន្លងមកមានអំពើឃាតកម្មជាច្រើនករណីបង្ខាំងមនុស្សខុសច្បាប់ និងធ្វើទារុណកម្មរហូតដល់ស្លាប់ក្នុងកាស៊ីណូ ក៏ប៉ុន្តែមិនដែលបង្ក្រាបជនល្មើសបានឡើយដោយសារតែម្ចាស់កាស៊ីណូ និងសណ្ឋាគារមិនសហការណ៍ ជាពិសេសច្បាប់គ្រប់គ្រងកាស៊ីណូ និងសណ្ឋាគារក្នុងកាស៊ីណូដោយឡែកមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់សមត្ថកិច្ចរដ្ឋបាលសង្កាត់ក្រុង និងខេត្តឡើយ ពិបាកក្នុងការទំនាក់ទំនង និងបង្ក្រាបខ្លាំងណាស់ ហើយពេលសមត្ថកិច្ចធ្វើកាសាកសួរ គឺម្ចាស់កាស៊ីណូឆ្លើយថា មិនដឹងហើយម្ចាស់កាស៊ីណូ និងសណ្ឋាគារ ក៏មិនដែលមានទោសដែរ។
មន្ត្រីរូបនោះក៏បានសំណូមពរដល់ក្រសួងមហាផ្ទៃផងដែរ សូមចាត់វិធានការរឹតបន្តឹងច្បាប់គ្រប់គ្រងកាស៊ីណូ និងសណ្ឋាគារ ឲ្យបានតឹងរឹងដើម្បីងាយស្រួលសមត្ថកិច្ចរដ្ឋបាលមូលដ្ឋានអនុវត្តការងារ ការពារសន្តិសុខសណ្តាប់ធ្នាប់ និងបង្ក្រាបបទល្មើសឲ្យមានប្រសិទ្ធិភាព។ ទាក់ទិនករណីខាងលើនេះដែរមិនអាចរកការបំភ្លឺពីលោកឧកញ៉ា លីប៉ោយូ ថៅកែកាស៊ីនិងសណ្ឋាគារពិភពថ្មីបានទេ ដោយទូរសព្ទ័ចូលហើយគ្មានអ្នកលើក រីឯលោក គី សុភាព ប្រធានរដ្ឋបាលកាស៊ីណូ និងសណ្ឋាគារពិភពថ្មីបានឆ្លើយតាមទូរសព្ទ័ថា លោកមិនដឹងទេ លោកបានច្បាប់សម្រាល់ពីបីថ្ងៃហើយ៕
ចែករំលែកព័តមាននេះ