យោងតាមបណ្តាអ្នកទទួលខុសត្រូវថា មនុស្សយ៉ាងតិច១៦នាក់បានត្រូវស្លាប់ ហើយ២៤នាក់ទៀតរងរបួសដោយសារការផ្ទុះគ្រាប់បែកក្នុងរថយន្តបឺសមួយគ្រឿងដែលដឹកមន្ត្រីរដ្ឋការ កាលពីព្រឹកថ្ងៃទី១៦ មីនា នៅទីក្រុងប៉េសាវ៉ា ជាទីក្រុងធំមួយនៅភាគពាយ័ព្យប៉ាគីស្ថាន ។
អ្នកទទួលខុសត្រូវជាន់ខ្ពស់ម្នាក់នៃប៉ូលិសក្រុងប៉េសាវ៉ា លោកម៉ូហាម៉ាដ កាស៊ីវ គូសបញ្ជាក់ប្រាប់ AFP ថា មនុស្សយ៉ាងតិច១៦នាក់បានត្រូវស្លាប់ និង២៤ទៀតរងរបួសដោយសារការផ្ទុះរថយន្តបឺសនេះ ដែលដឹកបណ្តានិយោជិតរដ្ឋាភិបាល ។
យោងតាមបណ្តាអ្នកទទួលខុសត្រូវខាងសន្តិសុខថា ការផ្ទុះបណ្តាលមកពីគ្រាប់បែកមួយមានគ្រឿងផ្ទុះទម្ងន់៤គីឡូក្រាម ដាក់ជាប់នឹងរថយន្តបឺស ហើយកើតមានក្នុងសង្កាត់ពាណិជ្ជកម្ម SADDAR ខណៈរថយន្តនេះដើរប្រមូលនិយោជិតដឹកទៅកាន់កន្លែងធ្វើការ ។
ការវាយប្រហារភេរវកម្មតែងកើតមានញឹកញាប់ក្នុងខេត្តមានអស្ថេរភាព KHYBER-PAKHTUNKHWA ដែលមានទីក្រុងប៉េសាវ៉ាជាទីប្រជុំជន ៕
ចែករំលែកព័តមាននេះ