មហាសេដ្ឋីលោក DONALD TRUMP ក្នុងការបោះឆ្នោតសម្រាំងបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋនាថ្ងៃទី១៥ មីនា បានឈ្នះនៅរដ្ឋសំខាន់ផ្លរីដា ដែលញ៉ាំងឱ្យគូប្រជែងម្នាក់ជាព្រឹទ្ធសមាជិកនៃរដ្ឋនេះ លោក MARCO RUBIO ដកខ្លួនថយពីការប្រកួតប្រជែង ។
ទោះបីយ៉ាងណា ផ្លូវឆ្ពោះទៅរកការជ្រើសតាំងនៅជួបការលំបាកសម្រាប់លោក TRUMP មហាសេដ្ឋីខាងអចនលទ្រព្យ ព្រោះលោក JOHN KASICH អភិបាលរដ្ឋអូហៃយ៉ូ នៅតែបន្តប្រកួតដោយលោកឈ្នះក្នុងរដ្ឋរបស់លោក ។
លោក DONALD TRUMP នាថ្ងៃទី១៥ មីនានោះ ក៏ឈ្នះផងដែរ ក្នុងរដ្ឋការ៉ូលីនខាងជើង និងរដ្ឋអីុលីណយ ពង្រឹងការនាំមុខថែមទៀតរបស់លោក លើព្រឹទ្ធសមាជិករដ្ឋតិចសាស់ លោក TED CRUZ និងលោក JOHN KASICH ក៏ប៉ុន្តែជាមួយវត្តមានគូប្រជែង២នាក់ទៀតផ្លូវដែលនាំឱ្យលោក TRUMP ឈានទៅជាប់ជាបេក្ខជនប្រធានាធិបតីគណបក្សសាធារណរដ្ឋនៅជួបការលំបាកបន្តទៀត ព្រោះ អ្នកទទួលខុសត្រូវជាច្រើនរបស់គណបក្សពិចារ ណាពីការប្រើគ្រប់មធ្យោបាយ ដើម្បីរាំងផ្លូវលោក ។
ខាងផ្នែកគណបក្សប្រជាធិបតេយ្យ អតីតរដ្ឋមន្ត្រីការបរទេសលោកស្រី ហ៊ីលឡារី គ្លីនតុន ឈ្នះគូប្រជែងព្រឹទ្ធសមាជិកនៃរដ្ឋវ័រម៉ុង លោក BERNIE SANDERS នៅរដ្ឋផ្លរីដា អូហៃយ៉ូ និងការ៉ូលីនខាងជើង ធ្វើឱ្យលោកស្រីមានការនាំមុខច្រើនលើគូប្រជែង ។ ក្នុងសុន្ទរកថាមួយនៅទីក្រុង WEST PALM BEACH លោកស្រីគ្លីនតុន ថ្លែងថា លោកស្រីខិតទៅក្បែរការជ្រើសតាំងរបស់គណបក្សប្រជាធិបតេយ្យហើយ ៕
ចែករំលែកព័តមាននេះ