ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យកឋិនទាន ឆ្នាំនេះ ហាមឃាត់ផ្សព្វផ្សាយ​កម្មវិធីបុណ្យ និងដង្ហែតាមដងផ្លូវ ឬជុំវិញព្រះវិហារ

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ ក្រសួង​ធម្មការ និង​សាសនា នៅ​ថ្ងៃទី​១៤ ខែតុលា​នេះ បានចេញ​សេចក្តីណែនាំ​បន្ថែម ស្តីអំពី ពិធីបុណ្យ​កឋិន​។ បុណ្យ​កឋិនទាន នៅ​ឆ្នាំនេះ…

ភ្នំពេញ​៖ ក្រសួង​ធម្មការ និង​សាសនា នៅ​ថ្ងៃទី​១៤ ខែតុលា​នេះ បានចេញ​សេចក្តីណែនាំ​បន្ថែម ស្តីអំពី ពិធីបុណ្យ​កឋិន​។ បុណ្យ​កឋិនទាន នៅ​ឆ្នាំនេះ ត្រូវបាន​ក្រសួង​ធម្មការ និង​សាសនា ហាមឃាត់ មិន​ឲ្យ​ផ្សព្វផ្សាយ​កម្មវិធី​បុណ្យ និង​ដង្ហែ​តាម​ដងផ្លូវ ឬ​ជុំវិញ​ព្រះវិហារ ឡើយ​។ វិធានការ​នេះ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​សេចក្តីណែនាំ លើកឡើងថា បុណ្យ​កឋិនទាន ជា​កាល​ទាន​មួយ​ដ៏​ថ្លៃថ្លា​ក្នុង​ព្រះពុទ្ធសាសនា​មាន ផលានិសង្ស​ខ្ពស់ ទាំង​ទាយក ទាយិកា និង​បដិគ្គាហក ជាទី​ជ្រះថ្លា​របស់​ពុទ្ធបរិស័ទ​ខ្មែរ តែងតែ​ប្រារព្ធ​ធ្វើឡើង រៀងរាល់ឆ្នាំ មាន​រយ​:​ពេល​កំណត់​តែ ២៩​ថ្ងៃ ដោយ​វត្ត​នីមួយៗ ទទួល​អង្គ​កឋិន​បានតែ​មួយ​លើក​ប៉ុណ្ណោះ​។​

​ក្រសួង​ធម្មការ និង​សាសនា បន្ថែមថា សម្រាប់​ឆ្នាំ​២០២១​នេះ ពិធីបុណ្យ​កឋិនទាន នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​សុក្រ ១​រោច ខែអស្សុជ ដល់​ថ្ងៃ​សុក្រ ១៥​កើត ខែកត្តិក ត្រូវ​នឹង​ថ្ងៃទី​២២ ខែតុលា ដល់​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២១​។

​សេចក្តីណែនាំ លើកឡើងថា ដើម្បី​រៀបចំ​បុណ្យកឋិន​ទាន​ឱ្យ​ដំណើរការ នឹង​ប្រព្រឹត្តទៅ​ស្របតាម​ទំនៀមទម្លាប់​ប្រពៃណី​ព្រះពុទ្ធសាសនា និង​ចូលរួម​បដិបត្តិ​តាម​សេចក្ដីណែនាំ​នានា​របស់​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និង​អាជ្ញាធរ​ដែនដី តាម​សភាព​ជាក់ស្តែង​នៃ​ទីកន្លែង​នីមួយៗ ក្នុងការ​អនុវត្ត​វិធានការ​ចាំបាច់​នានា សំដៅ​កាត់ផ្តាច់ និង​ក្នុងការ​ទប់ស្កាត់ ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​ទូទាំងប្រទេស ជាពិសេស​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា (Delta) ដែលមាន​កម្រិត​នៃ​ការឆ្លង​រាលដាល​ឆាប់រហ័ស និង​យោង​លើ​ភាពចាំបាច់ ដើម្បី​ធានា​ការពារ​អាយុជីវិត និង​សុខភាព របស់​ប្រជាជន ខណៈដែល​ព្រះរាជាណាចក្រ​កម្ពុជា ឈានឆ្ពោះ​ទៅ​បើក​ដំណើរការ​ប្រទេស​ពេញលេញ​ឡើងវិញ នាពេលខាងមុខ ក្រសួង​ធម្មការ និង​សាសនា សូម​ធ្វើ​ការណែនាំ ដូចខាងក្រោម​៖

១-​ត្រូវ​យកចិត្តទុកដាក់​បង្កលក្ខណ​:​ឱ្យបាន​ល្អប្រសើរ ប្រគេន​ព្រះសង្ឃ ជូន​ពុទ្ធបរិស័ទ ប្រារព្ធ​ពិធីបុណ្យ កឋិនទាន​ស្របតាម​ប្រពៃណី​ព្រះពុទ្ធសាសនា ដោយ​ត្រូវអនុវត្ត​ឱ្យបាន​យ៉ាង​ម៉ឺងម៉ាត់​នូវ​វិធានការ​ការពារ​នានា របស់​ក្រសួងសុខាភិបាល វិធានការ​រដ្ឋបាល និង​ជាពិសេស​ត្រូវ​ប្រកាន់​ភ្ជាប់​ជានិច្ច​នូវ​វិធានការ “៣​ការពារ ៣​កុំ​” របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

២- ហាមឃាត់​ផ្សព្វផ្សាយ​កម្មវិធី​បុណ្យ ដង្ហែ​តាម​ដងផ្លូវ ឬ​ជុំវិញ​ព្រះវិហារ ដោយ​គ្រាន់តែ​វេរ​ប្រគេន​ត្រៃចីវរ​ជា​កិច្ច​សម្រេច​បុណ្យ​។​

​សូម​រម្លឹកថា នៅមុន​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ចូលមក​ដល់ ក្រសួង​ធម្មការ និង​សាសនា ក៏​បានចេញ​សេចក្តីណែនាំ អំពី​ការរៀបចំ​ពិធីបុណ្យ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ និង​ពិធីបុណ្យ​កឋិនទាន ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។ ក្នុងនោះ គ្រាន់តែ​ចាប់ផ្តើម​ពិធីបុណ្យ​កាន់បិណ្ឌ បានតែ ២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​២២-២៣ ខែកញ្ញា ឆ្នាំ​២០២១ ក៏​រកឃើញ​ព្រះសង្ឃ តាអាចារ្យ យាយជី និង​អ្នកស្នាក់នៅ​វត្ត ជាច្រើន ឆ្លង​កូ​វីដ​១៩ ពិសេស​នៅក្នុង​រាជធានី​ភ្នំពេញ​។ ភ្លាមៗ រាជរដ្ឋាភិបាល បានសម្រេច​ផ្អាក​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ តែ​នៅតែ​បន្ត​បើក​ឲ្យ​ប្រជា​ពុទ្ធបរិស័ទ​យក​ចង្ហាន់ និង​ទេយ្យវត្ថុ ទៅ​វត្ត ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​កុសល​ជូន​បុព្វការី​ជន ញាតិ​ការ​ទាំង ៧​សន្តាន ដែល​បាន​ចែក​ឋាន​ទៅហើយ​។​

​ក្នុងពេល​បុណ្យ​ភ្ជុំបិណ្ឌ ក៏​រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ឈប់សម្រាក ហើយ​បើក​ឲ្យ​ដើរលេង ពេល​ឈប់សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ ពេញ​ផ្ទៃ​ប្រទេស​។ មកដល់ពេលនេះ មិនទាន់​រកឃើញ​ករ​ណី​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ក្នុង​ទ្រង់ទ្រាយ​ធំ ក្រោយ​បុណ្យ​ភ្ជុំបិណ្ឌ នៅឡើយ​ទេ ខណៈ​តាម​ក្រសួង​មន្ទីរ​ស្ថាប័នរដ្ឋ និង​ក្រុមហ៊ុន​ឯកជន រួមទាំង​កម្មករ​កាត់​ដេរ បានធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ រួចហើយ​ក៏ដោយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ