ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រដាល់​ជើងឯក​ស៊ីម៉ង់ត៍​អូដ្ឋ​វិល​វិញ​ជាមួយ​វត្តមាន​កីឡាករ​បរទេស​3​រូប

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​ប្រកាស​របស់​ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ គឺ​នៅ​ថ្ងៃ​សៅរ៍​ទី​១៩ មីនា ស​ប្ដា​ហ៍​នេះ ព្រឹត្តិការណ៍​ប្រដាល់​ជើងឯក​ស៊ីម៉ង់ត៍​អូដ្ឋ​វគ្គ​៣ នឹង​ត្រឡប់​មក​កាន់​សង្វៀន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​ប្រកាស​របស់​ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ គឺ​នៅ​ថ្ងៃ​សៅរ៍​ទី​១៩ មីនា ស​ប្ដា​ហ៍​នេះ ព្រឹត្តិការណ៍​ប្រដាល់​ជើងឯក​ស៊ីម៉ង់ត៍​អូដ្ឋ​វគ្គ​៣ នឹង​ត្រឡប់​មក​កាន់​សង្វៀន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​ជ្រោយចង្វា​ដូច​ការ​គ្រោងទុក​វិញ​ហើយ ។ ប៉ុន្តែ​អ្វី​ដែល​គេ​កត់សម្គាល់​គឺ​ការ​ប្រកួត​លើក​នេះ មាន​កីឡាករ​បរទេស​ដល់​ទៅ​៣​រូប​មិនមែន​២​រូប​ដូចការ​ប្រកួត​ជើងឯក​របស់​ព្រឹត្តិការណ៍​នេះ​កាលពី​២​លើក​មុន​ឡើយ ។

លោក សេង ក​ដិ​កា  អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ បាន​ថ្លែងប្រាប់​ឲ្យ​ដឹង​ជា​មុន​ថា ការ​ប្រកួត​ជើងឯក​វគ្គ​៣​របស់​ក្រុមហ៊ុន​ស៊ីម៉ង់ត៍​អូដ្ឋ ដែល​នឹង​ត្រឡប់​មក​វិញ​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ខានស្អែក​នេះ គឺ​ធ្វើ​ឡើង​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម ដោយ​មាន​កីឡាករ​៨​រូប​ទាំង​បរទេស​និង​កម្ពុជា នឹង​ចែក​ពូ​ល​គ្នា​ប្រកួត​សា​ជា​ថ្មី ។ លោក​ថា ការ​ប្រកួត​លើក​នេះ​ខុស​ប្លែក​ពី​មុន​ដោយសារ​វត្តមាន​កីឡាករ​បរទេស​លោក​សម្រេច​ដាក់​ដល់​ទៅ​៣​រូប​ដែល​តាម​គម្រោង​ត្រូវ​ដាក់​រហូត​ដល់​ទៅ​៤​រូប​ឯណោះ ប៉ុន្តែ​មក​ពី​រក​កីឡាករ​ល្អ​ៗ​បាន​តែ​៣​រូប​ទើប​សម្រេច​ដាក់​៣​រូប​សិន ដោយ​កំណត់​ឲ្យ​ចែក​២​ពូ​ល គឺ​មួយ​ពូ​ល​មាន​កីឡាករ​បរទេស​២​រូប និង​មួយ​ពូ​ល​ទៀត​មាន​១​រូប ។ លោក​ថា កីឡាករ​បរទេស​ទាំង​៣​រូប​គឺ ២​រូប​ជា​កីឡាករ​ថៃ និង​១​រូប​ទៀត​ជា​កីឡាករ​ជនជាតិ​ស្លូ​វ៉ា​គី​។

សមាសភាព​របស់​អ្នក​ទាំង​៣​នោះ​សុទ្ធតែ​បាន​ជ្រើស​ចេញពី​កីឡាករ​ជើងឯក​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម ដោយ​សូ​ម្បី​តែ​ជនជាតិ​ស្លូ​វ៉ា​គី​ក៏​ជា​កីឡាករ​ទទួល​ការ​ហ្វឹកហាត់ និង​ប្រកួត​នៅ​ក្នុង​ប្រទេស​ថៃ​ធ្វើ​ឲ្យ​មានការ​កត់សម្គាល់​រួច​មក​ហើយ ។ លោក​នៅ​តែ​អះអាង​ថា ហេតុផល​នៃ​ការ​ពន្យារពេល​មិន​ទាន់​បើក​ប្រកួត​ជើងឯក​របស់​ក្រុមហ៊ុន​ស៊ីម៉ង់ត៍​អូដ្ឋ​វគ្គ​៣ រហូត​មក​ដល់​ថ្ងៃ​ទី​១៩ មីនា​នេះ គឺ​ដោយសារ​តែ​ហេតុផល​រង់ចាំ​ឲ្យ​កីឡាករ​បរទេស​ទាំង​៣​បញ្ចប់​កុងត្រា​ត្រូវ​ប្រកួត​នៅ​ក្នុង​ប្រទេស​ថៃ ដើម្បី​អាច​មក​ប្រកួត​នៅ​ប៉ុស្ដិ៍​លេខ​៥​បាន ។

វត្តមាន​របស់​កីឡាករ​បរទេស​សម្រាប់​ការ​ប្រកួត​វគ្គ​៣​នេះ​លោក​អះអាង​ថា រួម​មាន​កីឡាករ​ថៃ​ឈ្មោះ​Taharn Ek អាយុ​២៦​ឆ្នាំ កម្ពស់​១,៦៨​ម៉ែត្រ ធ្លាប់​ប្រកួត​បាន​៧៩​លើក ឈ្នះ​៦៣​លើក ចាញ់​១៣​លើក ស្មើ​៣​លើក និង​ធ្លាប់​ផ្ដួល​គូប្រកួត​បាន​១៣​លើក ។ កីឡាករ​Super Chai  អាយុ​២៦​ឆ្នាំ កម្ពស់​១,៦៨​ម៉ែត្រ ធ្លាប់​ប្រកួត​បាន​៧៥​លើក ឈ្នះ​៦០​លើក ចាញ់​១០​លើក ស្មើ​៥​លើក និង​ធ្លាប់​ផ្ដួល​គូប្រកួត​បាន​១៥​លើក​។ ដោយឡែក​សម្រាប់​កីឡាករ​ស្លូ​វ៉ា​គី​លោក​ថា​មានឈ្មោះ​Kevinn  អាយុ​២៣​ឆ្នាំ កម្ពស់​១,៧០​ម៉ែ​ត្រ ធ្លាប់​ប្រកួត​បាន​៥៣​លើក ឈ្នះ​៤៥​លើក ចាញ់​១២​លើក ស្មើ​៣​លើក និង​ធ្លាប់​ផ្ដួល​គូប្រកួត​បាន​១៣​លើក ។

លោក សេង ក​ដិ​កា បន្ត​ថា ចំណែក​សមាសភាព​កីឡាករ​កម្ពុជា​ចំនួន​៥​រូប​ដែល​ចូលរួម ប្រកួត​វគ្គ​៣​នេះ​ក៏​ខុស​ប្លែក​ជាង​មុន​ផង​ដែរ ដោយសារ​តែ​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម​សំបូរ កីឡាករ​ជើង​ខ្លាំង​ល្អ​ៗ ដែល​ពិតជា​ធ្វើ​ឱ្យ​ការ​ប្រកួត​ជើងឯក​លើក​នេះ​ទាក់ទាញ​ជាង​លើក​មុន ។ លោក​ថា វត្តមាន​របស់​កីឡាករ​កម្ពុជា​ទាំង​៥​រូប​មាន ជើង​ខ្លាំង​អ៊ុំ ចំរើន មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​ឫទ្ធិ អាយុ​២២​ឆ្នាំ ធ្លាប់​ប្រកួត​បាន​៨៥​លើក ឈ្នះ​៧០​លើក ចាញ់​១២​លើក ស្មើ​៣​លើក និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​បាន​៣១​លើក ។ កីឡាករ​ធី តុង​ហ៊ី  មក​ពី​ក្លិប​សាល​វ័​ន្ដ​កីឡា អាយុ​២៥​ឆ្នាំ ធ្លាប់​ប្រកួត​បាន​១០៥​លើក ឈ្នះ​៧៨​លើក ចាញ់​២៥​លើក ស្មើ​២​លើក និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​បាន​៥២​លើក ។ កីឡាករ កន ច​ន្ថា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ អាយុ​២៥​ឆ្នាំ ធ្លាប់​ប្រកួត​បាន​១០២​លើក ឈ្នះ​៨៦​លើក ចាញ់​១៣​លើក ស្មើ​៣​លើក និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៣០​លើក ។ កីឡាករ ធា នុ​រាជ ដែល​មានឈ្មោះ​ដើម​ថា សូ​យ ភារ​ម្យ មក​ពី​ក្លិប​ពោធិ៍​ជ័យ​កីឡា អាយុ​២៦​ឆ្នាំ ធ្លាប់​ប្រកួត​បាន​៩៥​លើក ឈ្នះ​៧៥​លើក ចាញ់​១៥​លើក ស្មើ​៥​លើក និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៦​លើក ។

កីឡាករ​កម្ពុជា​ចុង​ក្រោយ​គឺ លួ​ន សុខ​ខេ​ង មក​ពី​ក្លិប​សិង្ហ​កីឡា អាយុ​២៧​ឆ្នាំ ធ្លាប់​ប្រកួត​បាន​១១០​លើក ឈ្នះ​៨០​លើក ចាញ់​២០​លើក ស្មើ​១០​លើក និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៤០​លើក ។ លោក សេង ក​ដិ​កា បញ្ជាក់​ថា ការ​ប្រកួត​លើក​នេះ​លោក​រំពឹង​ថា កីឡាករ​បរទេស នឹង​ឈាន​ដល់​វគ្គ​ចុង​ក្រោយ​ដូច​គ្នា​នឹង​ការ​ប្រកួត​ជើងឯក​ស៊ីម៉ង់ត៍​អូដ្ឋ​កាលពី​វគ្គ​១​ដូច្នេះ​ដែរ ។ ស្រួល​មិន​ស្រួល​កីឡាករ​បរទេស​ម្នាក់​ក្នុងចំណោម​៣​នាក់ នឹង​អាច​កាន់​ពាន​តំណែង​ជើងឯក ដូច​គ្នា​នឹង​ការ​ប្រកួត​រដូវ​កាល​ទី​១ ដែល​កីឡាករ​ថៃ​បាន​ក្លាយជា​ម្ចាស់​ពាន​ជើងឯក​នោះ​ផង ។

យ៉ាងណា​ក៏​ដោយ​លោក​បាន​បង្ហាញ​អារម្មណ៍​ខកចិត្ត​ចំពោះ​ការ​ប្រកួត​ជើងឯក​ស៊ីម៉ង់ត៍​អូដ្ឋ​វគ្គ​២ ដែល​កីឡាករ​ថៃ​២​រូប​ត្រូវ​គេ​ឃើញ​ធ្លាក់​តាំងពី​វគ្គ​ឆ្លង​ពូ​ល​ដែល​មាន​ន័យ​ថា​កីឡាករ​បរទេស​២​រូប​ដែល​ជ្រើស​យក​មក​ប្រកួត​លើក​មុន​មិនសូវ​ល្អ ។ លោក​មាន​ជំនឿ​លើ​សមាសភាព​ជ្រើសរើស​ក្នុង​វគ្គ​៣​នេះ​ភាគច្រើន បើ​ទោះជា​អ្នក​តាមដាន​រង់ចាំ​អ៊ុត​មើល​ដូច​គ្នា​ថា តើ​កីឡាករ​បរទេស​ទាំង​៣​រូប​ពិតជា​មក​ប្រកួត​ហើយ​ឈាន​ដល់​វគ្គ​ចុង​ក្រោយ​តាម​ការ​ចង់បាន ឬ​យ៉ាងណា​។ លោក សេង ក​ដិ​កា បញ្ជាក់​ថា ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​ស៊ីម៉ង់ត៍​អូដ្ឋ​ដែល​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​រៀបចំ​ឡើង គឺ​ទោះជា​ត្រូវ​ប្រកួត​ដូរ​ប្រភេទ​ទម្ងន់​កីឡាករ និង​ដូរ​រូបមន្ត​ដោយ​ឲ្យ​កីឡាករ​បរទេស​កើនឡើង​ដល់​ទៅ​៣​រូប​ក៏​ដោយ​ក៏​ប្រាក់​រង្វាន់​គឺ​នៅ​តែ​ដដែល ។

ចំណាត់ថ្នាក់​លេខ​១ នឹង​ទទួល​បាន​ពាន​ធំ​មួយ ទឹកប្រាក់​២.៥០០​ដុល្លារ ។ ចំណាត់ថ្នាក់​លេខ​២​ទទួល​បាន​ពាន​តូច​មួយ ទឹកប្រាក់​១.០០០​ដុល្លារ ។ ចំណាត់ថ្នាក់​លេខ​៣​ទទួល​បាន​ពាន​តូច​មួយ​ទឹកប្រាក់​៥០០​ដុល្លារ និង​ចំណាត់​លេខ​៤​ទទួល​បាន​ពាន​តូច​មួយ ទឹកប្រាក់​៣០០​ដុល្លារ ។ ក្នុង​នោះ​ចំណាត់ថ្នាក់​លេខ​១ ក៏​ទទួល​បាន​ប្រាក់ខែ​ចំនួន​២០០​ដុល្លារ​រយៈពេល​៣​ខែ និង​ទទួល​បាន​ឱកាស​តំណាង​ឲ្យ​ប៉ុស្ដិ៍​លេខ​៥​ចេញ​ទៅ​ប្រកួត​នៅ​ក្នុង​ប្រទេស​ថៃ​លើ​សង្វៀន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៨​នៅ​ទីនោះ​ផង​ដែរ ៕