រាជធានីភ្នំពេញ ៖ នៅថ្ងៃសៅរ៍ទី១៩ មីនា សប្ដាហ៍នេះ កីឡាកររឿង សោភ័ណ្ឌ មកពីក្លិបមកុដរាជសីហ៍ និងកីឡាករ ឡុង សុភី មកពីក្លិបសាលវ័ន្តកីឡា នឹងជួបប្រកួតជាមួយកីឡាករបរទេសក្នុងព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវាត់គោជល់ក្នុងប្រភេទទម្ងន់៦៩គីឡូក្រាមនៅលើសង្វៀនទូរទស្សន៍ស៊ីធីអិនក្នុងវគ្គសន្សំពិន្ទុសប្ដាហ៍ទី៣ ។ អ្នកនិយមទស្សនាកីឡាប្រដាល់ជាច្រើននាក់កំពុងរង់ចាំអ៊ុតមើលថាតើកីឡាករកម្ពុជាទាំងពីររូបអាចសម្រេចគោលដៅរបស់ខ្លួន ឬយ៉ាងណា ខណៈដែលកីឡាករបរទេសដែលពួកគេត្រូវជួបនាពេលនេះហាក់ដូចជាមានសមត្ថភាពពិបាកផ្ដួលអីុចឹងនោះ ។
ការប្រកួតនៅថ្ងៃសៅរ៍នោះ កីឡាករ រឿង សោភ័ណ្ឌ អាយុ២២ឆ្នាំ កម្ពស់១,៦២ម៉ែត្រ ធ្លាប់ប្រកួតបាន១២៧ដង ឈ្នះ១១១ដង ចាញ់១៤ដង ស្មើ២ដង និងធ្លាប់ផ្ដួលគូប្រកួតឱ្យសន្លប់បាន២៨ដង នឹងជួបប្រកួតជាមួយកីឡាករឡាវឈ្មោះនំធីប ស.រុងរ៉ាវី អាយុ១៩ឆ្នាំ កម្ពស់១,៦៨ម៉ែត្រ ធ្លាប់ប្រកួតបាន៧៥ដង ឈ្នះ៦០ដង ចាញ់១០ដង ស្មើ៥ដង និងធ្លាប់ផ្ដួលគូប្រកួតឱ្យសន្លប់បាន៥ដង ។ រឿង សោភ័ណ្ឌ និង នំធីប ស.រុងរ៉ាវី សុទ្ធតែចាញ់នៅជុំទី១ដូចគ្នា ដោយរឿង សោភ័ណ្ឌ ចាញ់ពិន្ទុកីឡាករឡាវឈ្មោះ ធុតស៍ភុន ស.សុម៉ាលី ទាំងមិនអស់ចិត្ត។ រីឯនំធីប ស.រុងរ៉ាវី ត្រូវកីឡាករឡុង សុភី វាយឱ្យសន្លប់នៅក្នុងទឹកទី១ ទើបលើកនេះ រឿង សោភ័ណ្ឌ មានជំនឿចិត្តច្រើនក្នុងការដណ្ដើមយកជ័យជម្នះពីកីឡាករឡាវរូបនេះ ។ ចាំមើលរឿង សោភ័ណ្ឌ អាចយកឈ្នះគូប្រកួតបានដោយរបៀបណា ឬក៏ទទួលបរាជ័យដូចមុនទៀត ។
ចំណែកឡុង សុភី អាយុ២៥ឆ្នាំ កម្ពស់១,៧៥ម៉ែត្រ ធ្លាប់ប្រកួតបាន១១៣ដង ឈ្នះ៨៨ដង ចាញ់២២ដង ស្មើ៣ដង និងធ្លាប់ផ្ដួលគូប្រកួតឱ្យសន្លប់បាន៤២ដង នឹងជួបប្រកួតជាមួយកីឡាករឡាវឈ្មោះ ធុតស៍ភុន ស.សុម៉ាលី អាយុ១៨ឆ្នាំ កម្ពស់១,៧៩ម៉ែត្រ ធ្លាប់ប្រកួតបាន៧០ដង ឈ្នះ៥០ដង ចាញ់១៩ដង ស្មើ១ដង និងធ្លាប់ផ្ដួលគូប្រកួតឱ្យសន្លប់បាន២ដង ។
ឡុង សុភី ដែលមាន៣ពិន្ទុនៅក្នុងដៃហើយនោះ មិនប្រាកដថា នឹងទទួលបានលាភសំណាងដូចមុនឡើយ ដោយសារកីឡាករឡាវរូបនេះ ទោះបីតួលេខប្រកួតតិចជាងកីឡាករកម្ពុជាមែន ប៉ុន្តែបើពិនិត្យមើលមាឌ និងកម្ពស់និងថ្វីដៃប្រកួតនៅលើសង្វៀនវិញ គឺមិនចាញ់ ឡុង សុភី ទេ។ ចាំមើលលើកនេះជ័យជម្នះធ្លាក់ក្នុងកណ្ដាប់ដៃកីឡាករកម្ពុជា ឬកីឡាករឡាវ ?
ក្រៅពីគូដណ្ដើមខ្សែក្រវាត់ នៅលើសង្វៀនដដែលក៏មានគូប្រកួតជាលក្ខណៈមិត្តភាពផងដែរដូចជា កីឡាករកម្ពុជាឈ្មោះ រ័ត្ន គៀតសេរី មកពីក្លិបប្រដាល់នៅក្នុងប្រទេសថៃ ប្រកួតជាមួយកីឡាករថៃ សក្តិសារៈ មកពីក្លិបកងទ័ពជើងទឹក និងគូចុងក្រោយកីឡាករ សេក ចាន់រាជ មកពីក្លិបអង្គរមានជ័យ ខេត្តសៀមរាប ប្រកួតជាមួយកីឡាករ ជន សាវុធ មកពីក្លិបពោធិ៍ជ័យកីឡា ៕
ចែករំលែកព័តមាននេះ