ក្រុមគ្រូពេទ្យ និងបណ្តាអ្នកទទួលខុសត្រូវមូលដ្ឋាននិយាយថា តុល្យការនៃការវាយប្រហារតាមអាកាសកាលពីថ្ងៃទី១៥ មីនា វេលារសៀលរបស់ក្រុមចម្រុះអារ៉ាប់នាំមុខដោយអារ៉ាប៊ី សាអ៊ូឌីត លើផ្សារមានមនុស្សច្រើនកុះករមួយនាភាគខាងជើងក្រុងសាណា រដ្ឋធានីយេម៉ែន បណ្តាលឱ្យជនស៊ីវិលស្លាប់ដល់ទៅ៦៥នាក់ ។
អ្នកទទួលខុសត្រូវមន្ទីរពេទ្យម្នាក់ថ្លែងថា រហូតមកទល់ពេលនេះ តុល្យការជនស៊ីវិលស្លាប់ឡើងដល់៦៥នាក់ ហើយ៥៥នាក់ទៀតរងរបួសក្នុងការវាយប្រហារតាមអាកាស២លើករបស់បណ្តាយន្តហោះប្រដេញអារ៉ាប៊ី សាអ៊ូឌីត លើផ្សារ AL KHAMIS ស្ថិតក្នុងស្រុកម៉ាស្តាបា ខេត្ត HAJJA ។ តុល្យការលើកមុនរៀបរាប់ពីមនុស្សស្លាប់ត្រឹម៣០នាក់។
អ្នកទទួលខុសត្រូវរូបនេះបន្តថា ការវាយប្រហារតាមអាកាសទាំងនេះធ្វើឡើងចំពេលម៉ោងមានមនុស្សច្រើនកុះករនាវេលារសៀល និងនាពេលក្នុងផ្សារនេះកំពុងមានមនុស្សច្រើន ។ បណ្តាមន្ទីរពេទ្យស្រុកម៉ាស្តាបា និងស្រុក ABS ពុំមានថ្នាំពេទ្យគ្រប់គ្រាន់ដើម្បីជួយព្យាបាលអ្នករបួសច្រើនបែបនេះទេ ។
ចំណែកអង្គការគ្រូពេទ្យគ្មានព្រំដែនរាយការណ៍ថា បានទទួលអ្នករបួស៤០នាក់ក្រោយការវាយប្រហារតាមអាកាសទាំងនេះនៅស្រុកម៉ាស្តាបា ដោយអ្នករបួសភាគច្រើនជានារី និងកុមារ ។
ក្រុមចម្រុះអារ៉ាប់នាំមុខដោយអារ៉ាប៊ី សាអ៊ូឌីត តែងទម្លាក់គ្រាប់បែករាល់ថ្ងៃប្រឆាំងពួកឧទ្ទាមស៊ីអុីតហ៊ូធី និងសម្ព័ន្ធមិត្តចាប់តាំងពីខែមីនា ឆ្នាំ២០១៥ មក ព្រោះចង់កម្ទេចពួកឧទ្ទាម ហើយដណ្តើមយករដ្ឋធានីសាណា ។
ប្រទេសយេម៉ែនធ្លាក់ក្នុងសង្គ្រាមស៊ីវិលទាំងស្រុងចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៤ មក ពេលក្រុមឧទ្ទាមស៊ីអីុតហ៊ូធី គាំទ្រដោយកងកម្លាំងស្មោះត្រង់នឹងអតីតប្រធានាធិបតី លោកអាលី អាប់ដាល់ឡាហ៍ សាឡេហ៍ កាន់កាប់រដ្ឋធានីសាណា ហើយបង្ខំឱ្យប្រធានាធិបតីលោកអាបដ៍ រ៉ាប៊ូ ម៉ានសួរ ហាឌី នីរទេសខ្លួន ។ ជម្លោះនេះមកទល់បច្ចុប្បន្ន បណ្តាលឱ្យមនុស្សស្លាប់ជិត៦.០០០នាក់ ហើយភាគច្រើនជាជនស៊ីវិល ៕
ចែករំលែកព័តមាននេះ