អាជ្ញាធរយោធារាយការណ៍ថា យន្តហោះយោធាមួយគ្រឿងបានធ្លាក់កាលពីថ្ងៃទី១៥ មីនា វេលារសៀលក្នុងខេត្តប៉ាស្តាហ្សាភាគខាងកើតប្រទេសអេក្វាទ័រ បណ្តាលឱ្យមនុស្សទាំង២២នាក់ជិះក្នុងយន្តហោះនេះស្លាប់ទាំងអស់ ។
យោងតាមសេចក្តីប្រកាសមួយរបស់ក្រសួងការពារប្រទេសអេក្វាទ័រថា គ្រោះថ្នាក់នេះកើតមាននាវេលាម៉ោង១៤និង៣០នាទី ម៉ោងក្នុងស្រុកពេលកងទាហានធ្វើការហ្វឹកហាត់លោតឆ័ត្រយោង ។
អ្នកបើកយន្តហោះធុន ARAVA នេះបានប្រកាសអាសន្នប្រាប់ព្រលានយន្តហោះដោយស្នើហោះវិលបកក្រោយវិញមកពីលក្ខខណ្ឌឧតុនិយមអាក្រក់ ។ ការទាក់ទងត្រូវដាច់បន្តិចក្រោយមក ។
ប្រធានាធិបតីអេក្វាទ័រ លោក RAFAEL CORREA អះអាងពីការធ្លាក់យន្តហោះយោធានេះលើគណនី TWITTER របស់លោក ដោយលោកបញ្ជាក់ថា ក្នុងគ្រោះថ្នាក់នេះពុំមានអ្នកនៅរស់រានមានជីវិតម្នាក់ឡើយ ៕
ចែករំលែកព័តមាននេះ