ខេត្តត្បូងឃ្មុំ ៖ តម្លៃកៅស៊ូបានធ្លាក់ចុះជាបន្តបន្ទាប់ក្នុងរយៈពេល២-៣ឆ្នាំកន្លងមកនេះ បានធ្វើឱ្យអ្នកដាំកៅស៊ូមួយចំនួនត្រូវបោះបង់ចោលដំណាំនេះ ហើយដាំដំណាំផ្សេងជំនួសវិញ ដែលឆាប់ទទួលបានផល និងមានតម្លៃខ្ពស់ជាងកៅស៊ូ ។ ដោយឡែក ក្រុមហ៊ុនអភិវឌ្ឍន៍ដំណាំកៅស៊ូធំមួយនៅខេត្តត្បូងឃ្មុំ ដែលមានផ្ទៃដីជិត១ម៉ឺនហិកតា គឺមិនទទួលបានប្រាក់ចំណេញទេ ខណៈពេលតម្លៃកៅស៊ូធ្លាក់ថ្លៃជាសកល ។
លោក ម៉ក់ គឹមហុង ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា និងជាម្ចាស់ក្រុមហ៊ុនចម្ការកៅស៊ូសុភក្តិនីកា បានឱ្យដឹងថា ៖ « តម្លៃកៅស៊ូធ្លាក់ថ្លៃបានធ្វើឱ្យប៉ះពាល់ដល់ម្ចាស់ចម្ការកៅស៊ូដែលទើបនឹងដាំថ្មីៗ ហើយម្ចាស់កៅស៊ូទាំងនោះមិនទាន់ចាប់ផ្ដើមចៀរជ័រនៅឡើយទេ ខណៈដើមកៅស៊ូដល់អាយុដែលត្រូវចៀរជ័របើកមុខហើយ ។ ម្ចាស់កៅស៊ូថ្មីៗដែលទើបដាំក្រោយនៅមិនទាន់ចៀរជ័របើកមុខទេ ព្រោះកាលណាបើចៀរជ័របើកមុខ គឺត្រូវខាតច្រើន ។ ជាធម្មតា អ្នកដាំកៅស៊ូ១ឆ្នាំ ឬ២ឆ្នាំដំបូងត្រូវតែខាត តែបើតម្លៃកៅស៊ូថ្លៃនោះនឹងមិនសូវខាតប៉ុន្មានទេ ប៉ុន្តែស្ថានភាពតម្លៃកៅស៊ូពេលនេះ គាត់មិនហ៊ានចៀរទេ គឺទុកឱ្យតម្លៃកៅស៊ូថ្លៃបន្តិច ទើបចាប់ផ្ដើមចៀរ » ។
លោកបន្តថា ៖ « ក្រុមហ៊ុនរបស់លោកផ្ទាល់នៅក្នុងឆ្នាំ២០១៥កន្លងមក បានខាតច្រើនណាស់ទៅលើការផលិតកៅស៊ូសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ពីព្រោះតម្លៃកៅស៊ូនៅតែបន្តធ្លាក់ ដែលខុសពីលើកមុនៗធ្លាក់តែ១ឆ្នាំ ឬ២ឆ្នាំប៉ុណ្ណោះតម្លៃឡើងវិញហើយ តែដោយឡែក សម្រាប់ការធ្លាក់ពេលនេះ ហាក់ដូចជាអូសបន្លាយពេលយូរ»។
លោកបន្ថែមថា ៖ « តម្លៃដើមសម្រាប់ផលិតកៅស៊ូនាំចេញទៅបរទេសក្នុង១តោនត្រូវចំណាយប្រមាណជាង១.៤៥០ដុល្លារអាមេរិក តែចំពោះតម្លៃលក់នៅលើទីផ្សារវិញ បានតែជាង១.០៨០ដុល្លារប៉ុណ្ណោះក្នុង១តោននៅដើមឆ្នាំ២០១៦នេះ ។ តែអ្វីដែលយើងធ្វើនោះ គឺដោយសារតែនៅឆ្នាំ២០១០ និងឆ្នាំ២០១១ កន្លងមក យើងបានចំណេញច្រើនរួចហើយ ដោយកាលនោះ តម្លៃកៅស៊ូលក់បានប្រមាណជាង៥.០០០ដុល្លារអាមេរិកក្នុង១តោន ។ ដូចនេះ យើងនៅតែធ្វើបន្តទៀត ដោយសារតែតម្រូវការទីផ្សារកៅស៊ូធម្មជាតិនៅមានច្រើន។ កាលពីឆ្នាំ២០១៥ ក្រុមហ៊ុនបានខាតប្រាក់ប្រមាណ២,៩លានដុល្លារអាមេរិក » ។
ម្ចាស់ចម្ការកៅស៊ូរូបនេះបានបញ្ជាក់ពីមូលហេតុដែលធ្វើតម្លៃកៅស៊ូធ្លាក់ថ្លៃក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះថា ៖ « បើគិតពីតម្លៃប្រេងឆៅដែលធ្លាក់ចុះតាំងពីជាង២០០ដុល្លារក្នុង១ធុង មកដល់ក្រោម៣០ដុល្លារក្នុង១ធុង វាមានការធ្លាក់ចុះច្រើន ហើយសម្រាប់កៅស៊ូធ្លាក់ចុះច្រើនមែន តែបើធៀបនឹងតម្លៃប្រេងឆៅ គឺមិនទាន់ដល់ប្រេងឆៅទេ។ ជាក់ស្តែង ក្រុមហ៊ុនផលិតសម្បកយានយន្តនៅប្រទេសចិនដ៏ធំមួយ កាលពីប្រេងឆៅឡើងថ្លៃ គេប្រើកៅស៊ូសិប្បនិម្មិតធ្វើពីប្រេងឆៅនោះ៣០% និងកៅស៊ូធម្មជាតិ៧០% តែនៅពេលប្រេងឆៅធ្លាក់ចុះ គេក៏ប្តូរមកប្រើកៅស៊ូសិប្បនិម្មិតច្រើនជាងកៅស៊ូធម្មជាតិ និងបានធ្វើតម្លៃកៅស៊ូត្រូវធ្លាក់ចុះដែរ » ។
ចំណែកលោក គឹម ឌី ប្រធានផ្នែកបច្ចេកទេសចៀរជ័រនៅចម្ការកៅស៊ូរបស់ក្រុមហ៊ុនសុភក្តិនីកា បានលើកឡើងដែរថា ៖ « ថ្វីដ្បិតតែតម្លៃកៅស៊ូធ្លាក់ថ្លៃក្តី តែក្រុមកម្មករចៀរជ័រកៅស៊ូនៅតែទទួលបានកម្រៃដូចមុនៗដដែល។ នៅរដូវជ័រមានជ័រច្រើន កម្មករអាចរកចំណូលបានច្រើន យ៉ាងហោចណាស់ កម្មករម្នាក់អាចរកចំណូលបានប្រមាណ៧០ម៉ឺនរៀលដែរ ក្នុង១ខែ ហើយដើម្បីសម្រួលដល់កម្មករនៅក្នុងចម្ការកៅស៊ូ ក្រុមហ៊ុនបានផ្ដល់ជាកន្លែងស្នាក់នៅ ឧបត្ថម្ភអង្ករ និងអគ្គិសនី ផងដែរ » ។
លោកបន្តថា ៖ « ការធ្វើជាកម្មករចៀរជ័រកៅស៊ូ ថាស្រួលក៏មិនស្រួល ថាពិបាកក៏មិនពិបាក វាអាស្រ័យលើបងប្អូនកម្មករចេះពីរបៀបចៀរជ័រកៅស៊ូនេះដែរឬអត់ បើគ្មានជំនាញក្នុងការចៀរជ័រកៅស៊ូទេ វានឹងពិបាក តែបើបងប្អូនកម្មករគាត់ចេះនោះការងារនឹងស្រួលសម្រាប់គាត់ » ។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា នៅក្នុងឆ្នាំ២០១៥ ផ្ទៃដីធ្វើអាជីវកម្មកៅស៊ូសរុបមានចំនួន១០៩.១២៩,៥៥ហិកតា, ផ្ទៃដីចម្ការកៅស៊ូ សរុបមានចំនួន៣៥៧.១៣៦,៩៣ហិកតា, ផលិតផលអនុវត្តបានមានចំនួន២៤៨.០០៧,៣៨តោន និងបញ្ចេញលក់បានចំនួន១២០.៦៩៥,១១តោន ។ សម្រាប់តម្លៃកៅស៊ូក្នុងឆ្នាំ២០១៥ កន្លងមក ក្នុង១តោនតម្លៃ១.០៨១ដុល្លារអាមេរិក ។
តាមគោលការណ៍កម្ពុជាគ្រោងនឹងពង្រីកផ្ទៃដីដាំដុះដល់ទៅជាង៤០ម៉ឺនហិកតានៅអំឡុងឆ្នាំ២០២០ខាងមុខ ។ ចំណែកទីផ្សារគោលដៅសំខាន់ៗក្នុងការនាំជ័រកៅស៊ូចេញរបស់កម្ពុជារួមមាន ម៉ាឡេស៊ី សិង្ហបុរី ចិន និងវៀតណាម ៕
ចែករំលែកព័តមាននេះ