ខេត្តស្ទឹងត្រែង ៖ កាលពីព្រឹកថ្ងៃទី១៤មីនា កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសហការជាមួយប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្រះឫស្សីចុះធ្វើការឡោមព័ទ្ធចាប់មុខសញ្ញាដែលសមត្ថកិច្ចអះអាងថា ជាមេខ្លោងក្នុងការប្រព្រឹត្តអំពើលួច ។
សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យដែលជាមុខសញ្ញាកាច់សោម៉ូតូនោះ កម្លាំងសមត្ថកិច្ចបានតាមដានអស់រយៈពេលជាងបីខែ ទើបបំបែកសំបុកក្រុមនេះបាន ។ មុនពេលចាប់ខ្លួនមេក្លោងសកម្មនេះ ក៏បានធ្វើការចាប់ខ្លួនក្រុមបក្ខពួកចំនួនពីរនាក់បញ្ជូនទៅសាលាដំបូង ហើយបញ្ជូនបន្តទៅឃុំខ្លួននៅពន្ធនាគារហើយដែរ ។
ប្រភពព័ត៌មានឲ្យដឹងថានៅមុនពេលកើតហេតុគេសង្កេតឃើញក្រុមសមត្ថនគរបាលព្រហ្មទណ្ឌកម្រិតស្រាលស្លៀកពាក់ស៊ីវិលជាច្រើនាក់បានពង្រាយនៅតាមចំណុចជាច្រើននិងតាមរោងកាហ្វេចំណុចដុងតាដាំភូមិស្រែពោធិ៍សង្កាត់ស្រះឬស្សីក្រុងស្ទឹងត្រែងដែលការរង់ចាំចាប់ខ្លួននោះត្រូវចំណាយអស់រយៈពេលជាង២ម៉ោងនៅក្បែផ្ទះរបស់ជនសង្ស័យ ។ ប្រភពដដែលបន្តថា ក្រោយមុខសញ្ញាបង្ហាញខ្លួន ខណៈដើរសំដៅចូលផ្ទះកម្លាំងសមត្ថកិច្ចដឹកនាំដោយលោកវរសេនីយ៍ឯក ហោ វុទ្ធី និងលោកមេប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្រះឬស្សីឡោមព័ទ្ធ ជនសង្ស័យខណៈឃើញសមត្ថកិច្ចបានប្រាសខ្លួនរត់គេចតែរត់មិនរួច ដោយសារសមត្ថកិច្ចបានរៀបចំការចាប់ខ្លួនរួចទៅហើយ ។
លោក ហោ វុទ្ធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលឲ្យដឹងនៅកន្លែងកើតចាប់ជនសង្ស័យដែលថា មុខសញ្ញាដែលកម្លាំងនគរបាលឃាត់ខ្លួននេះជាមេក្លោងសកម្មកាច់សោម៉ូតូនៅក្នុងខេត្ត និងឆ្លងខេត្តផងដែរ ហើយកម្លាំងនគរបាលយើងបានបើកការអង្កេតរយៈពេលជាងបីខែមកហើយ ។ លោកនាយការិយាល័យបន្តថា ក្រុមជនសង្ស័យមានគ្នាបីនាក់ក្រោយធ្វើសកម្មភាពនៅក្នុងខេត្តស្ទឹងត្រែងពួកគេបានទៅធ្វើសកម្មភាពនៅខេត្តរតនគិរីនិងនៅស្រុកសៀមប៉ាងរហូតកម្លាំងនគរបាលយើងបានធ្វើការចាប់ខ្លួនបានចំនួនពីរនាក់កាលពីថ្ងៃទី១២មីនា២០១៦នៅស្រុកសៀមប៉ាងនិងបញ្ជូនទៅកាន់សាលាដំបូង ។ លោកនាយការិយាល័យបន្តថាជនសង្ស័យដែលជាមេក្លោងក្នុងករណីកាច់សោម៉ូតូនេះមានឈ្មោះ សៃ ណាឡៃ ភេទប្រុសអាយុ១៦ឆ្នាំរស់នៅភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង។បច្ចុប្បន្នជំនាញកំពុងសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ៕
ចែករំលែកព័តមាននេះ