ជនអនាថាចំនួន៣៥នាក់ត្រូវបានប្រមូលធ្វើតេស្ត រកឃើញវិជ្ជមានកូវីដ១៩ម្នាក់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានបន្ដចុះប្រមូលជនអនាថា តាមទីតាំងសាធារណៈនានាក្នុងមូលដ្ឋាន ដោយប្រមូលបានជនអនាថាប្រុសស្រីក្មេងចាស់សរុបចំនួន៣៥នាក់ បញ្ជូនទៅមន្ទីរសង្គមកិច្ច ដោយឡែកម្នាក់ក្នុងចំណោម៣៥នាក់ មានវិជ្ជមានមេរោគកូវីដ១៩ បន្ទាប់ពីយកសំណាករួច។

មន្ត្រីរដ្ឋបាលខណ្ឌដូនពេញ បានឱ្យកោះសន្តិភាពដឹងថា នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានបញ្ជាដឹកនាំកម្លាំងចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ-សង្កាត់ទាំង១១ ចុះពិនិត្យ និងបន្ដប្រតិបត្តិការចុះប្រមូលជនអនាថាដែលស្នាក់នៅ និងដើរតាមទីសាធារណៈបង្កបាត់សណ្ដាប់ធ្នាប់ អនាម័យ បង្កភាពអនាធិបតេយ្យក្នុងមូលដ្ឋាន។

មន្ត្រីដដែលបានបន្តថា ក្រោយពីចុះប្រតិបត្តិការ កម្លាំងយើងបានធ្វើការប្រមូលជនអនាថាបានសរុបចំនួន ៣៥នាក់ រួមមាន ៖ ប្រុសចំនួន១៣នាក់, ស្រីចំនួន១៦នាក់ និងកូនក្មេងចំនួន០៦នាក់ ។ ជាលទ្ធផលការយកសំណាកដោយក្រុមគ្រូពេទ្យ មានជនអនាថា ០១នាក់ ក្នុងចំណោម ៣៥នាក់ មានវិជ្ជមានមេរោគកូវីដ១៩ ហើយក្រោយពីលទ្ធផលយកសំណាករួច ក៏ត្រូវបានបញ្ជូនពួកគាត់បន្ដទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីគ្រប់គ្រង ចំណែកអ្នកមានវិជ្ជមានមេរោគកូវីដ១៩ ម្នាក់នោះ ក៏ត្រូវបានបញ្ជូនទៅព្យាបាលនៅតាមមណ្ឌលព្យាបាលផងដែរ ។

មន្ត្រីដដែលបានបញ្ជាក់ថា ជារឿយៗកន្លងមក អាជ្ញាធរខណ្ឌ-សង្កាត់ តែងតែចុះប្រមូលជនអនាថា ស្ដ្រីរកស៊ីផ្លូវភេទ និងជនគ្មានទីពឹង ដែលស្នាក់នៅតាមទីសាធារណៈក្នុងមូលដ្ឋានជាប្រចាំ ជាពិសេសក្នុងដំណាក់កាលការរីករាលដាលជំងឺកូវីដ១៩ ពួកគាត់ទាំងនេះ ត្រូវបានចាត់ទុកថាជាជនងាយរងគ្រោះ និងជាប្រភពចម្លងមេរោគកូវីដ១៩ផងដែរ ព្រោះពួកគាត់ធ្វើដំណើរគ្រប់កន្លែង ហើយធ្វើការប្រមូលផ្ដុំគ្នាស្នាក់នៅ តាមទីតាំងមិនរៀបរយ គ្មានអនាម័យជាដើម ដែលជាហេតុធ្វើឲ្យឆ្លងជំងឺកូវីដ១៩ ។ ជាវិធានការជាក់ស្ដែង កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បាននិងកំពុងបន្ដប្រមូលពួកគាត់ឲ្យមកធ្វើចត្តាឡីស័ក និងយកសំណាករកមេរោគកូវីដ១៩ តាមគោលការណ៍ក្រសួងសុខាភិបាល រួចបញ្ជូនឲ្យមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ គ្រប់គ្រងបន្ដ ។




<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ