លោក HTIN KYAW សហការីជំនិតម្នាក់របស់លោកស្រីអ៊ួង សាន់ស៊ូជី បានក្លាយជាប្រធានាធិបតីថ្មីភូមា ។ លោកជាមនុស្សដំបូងគេដែលជ្រើសតាំងតាមបែបប្រជាធិបតេយ្យពុំធ្លាប់មានចាប់តាំងពីច្រើនទសវត្សមកហើយ ក្រោយការបោះឆ្នោតជ្រើសតាំងដោយសភាថ្មីកាលពីថ្ងៃទី១៥ មីនា ។
គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ NLD ដែលដណ្តើមបានជ័យជម្នះយ៉ាងធំធេងក្នុងការបោះឆ្នោតសភាកាលពីខែវិច្ឆិកា បានស្នើបេក្ខភាពរបស់លោក HTIN KYAW ជាមនុស្សជំនិតរបស់លោកស្រីស៊ូជី ដែលពុំអាចក្លាយជាប្រធានាធិបតីដោយសាររដ្ឋធម្មនុញ្ញបន្សល់ទុកពីរបបយោធា ។ លោកត្រូវបានជ្រើសតាំងក្រោមស្នូរទះដៃយ៉ាងកងរំពងដោយ៣៦០សំឡេង ក្នុងចំណោមសមាជិកសភាទាំងអស់៦៥២រូប ។
ប្រធានាធិបតី និងរដ្ឋាភិបាលថ្មីដែលសមាសភាពត្រូវប្រកាសប៉ុន្មានថ្ងៃខាងមុខទៀតនឹងចូលកាន់តំណែងនាថ្ងៃទី១ មេសា ។ ក្រោយពីដណ្តើមបានជ័យជម្នះដ៏ត្រចេះត្រចង់ក្នុងការបោះឆ្នោតសភាកាលពីខែវិច្ឆិកា ឆ្នាំ២០១៥ គណបក្ស LND ពិតណាស់អាចឱ្យមានការជ្រើសរើសបេក្ខជនរបស់ខ្លួនជាប្រធានាធិបតី ទោះបីក្នុងសភាមានវត្តមានសមាជិកសភាជាយោធាមិនបាច់ឆ្លងកាត់ការបោះឆ្នោត១ភាគ៤ក្តី ។ ក៏ប៉ុន្តែគណបក្សនេះពុំអាចលើកបេក្ខភាពលោកស្រីស៊ូជី ព្រោះរដ្ឋធម្មនុញ្ញហាមឃាត់ជនណាម្នាក់ដែលកូនមានសញ្ជាតិបរទេសឡើងធ្វើប្រធានាធិបតី ។ លោកស្រីស៊ូជី មានកូនប្រុស២នាក់ជនជាតិអង់គ្លេស ។ ទោះបីយ៉ាងណា លោកស្រីស៊ូជី ធ្លាប់អះអាងរួចហើយថា លោកស្រីនឹងនៅពីលើប្រធានាធិបតី ៕
ចែករំលែកព័តមាននេះ