ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកពូ​ទី​ន ចេញ​បញ្ជា​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ដក​កងកម្លាំង​រុ​ស្ស៊ី​ភាគច្រើន​ចេញពី​ស៊ី​រី

10 ឆ្នាំ មុន

ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ប្រកាស​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ជា​ទូទៅ​កាលពី​យប់​ថ្ងៃ​ទី​១៤ មីនា ពី​កា​រដក​កងឯកភាព​យោធា​ភាគច្រើន​របស់​រុ​ស្ស៊ី​ចេញពី​ស៊ី​រី ក្រោយ​រយៈពេល​២​ស​ប្តា​ហ៍​នៃ​បទ​ឈប់​បាញ់​គ្នា​នៅ​ក្នុង​ប្រទេស​នេះ

ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ប្រកាស​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ជា​ទូទៅ​កាលពី​យប់​ថ្ងៃ​ទី​១៤ មីនា ពី​កា​រដក​កងឯកភាព​យោធា​ភាគច្រើន​របស់​រុ​ស្ស៊ី​ចេញពី​ស៊ី​រី ក្រោយ​រយៈពេល​២​ស​ប្តា​ហ៍​នៃ​បទ​ឈប់​បាញ់​គ្នា​នៅ​ក្នុង​ប្រទេស​នេះ និង​ខណៈ​ពេល​ការ​ចរចា​សន្តិភាព​អន្តរ​ស៊ី​រី   កំពុង​ធ្វើ​នៅ​ក្រុង​ហ្សឺ​ណែវ​នា​ថ្ងៃ​ទី​១៥ មីនា ហើយ​ជម្លោះ​ឈាន​ចូល​ដល់​ឆ្នាំ​ទី​៦ ។

ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ក៏​ដូច​ជា​អីុ​រ៉​ង់​តាម​រយៈ​សម្តី​របស់​រដ្ឋមន្ត្រី​ការ​បរទេស​របស់​ខ្លួន លោក MOHAMMAD JAVAD ZARIF ចាត់​ទុក​រឿង​នេះ​ជា​វិជ្ជមាន ។

យោង​តាម​សេត​វិមាន​ថា នា​យប់​ថ្ងៃ​ទី​១៤ មីនា លោកពូ​ទី​ន បាន​ទូរស័ព្ទ​មក​កាន់​សម​ភាគី​អា​េ​ម​រិ​ក​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា រួច​លោក​លើក​ឡើង​ពី​កា​រដក​កងកម្លាំង​រុ​ស្ស៊ី​មួយ​ផ្នែក​ធំ​ចេញពី​ស៊ី​រី ។ លោក JOSH EARNEST អ្នកនាំពាក្យ​សេត​វិមាន​នា​ពេល​មុន​នេះ​គូសបញ្ជាក់​ថា​វា​ជា​ការ​លំបាក​ក្នុង​ការ​ស្ទង់​ពី​ទំហំ​ផល​ប៉ះពាល់​នៃ​ការ​ប្រកាស​នេះ​លើ​ការ​ចរចា​ដែល​កំពុង​ធ្វើ ។

ប្រមុខរដ្ឋ​រុ​ស្ស៊ី​ដែល​បញ្ជូន​កង​យន្តហោះ​ចម្បាំង​មក​កាន់​ស៊ី​រី​ពី​ថ្ងៃ​ទី​៣០ កញ្ញា ឆ្នាំ​២០១៥ មក បាន​ប្រកាស​ពី​ការ​ដកទ័ព​នេះ ក្រោយ​ពី​ទាក់ទង​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​ស៊ី​រី​លោក​បា​ចា អាល់​អាសា​ដ ។

លោកពូ​ទី​ន ថ្លែង​តាម​ទូរទស្សន៍​ថា ភារកិច្ច​របស់​ក្រសួង​ការពារ​ប្រទេស និង​កងទ័ព​រុ​ស្ស៊ី​នៅ​ស៊ី​រី​ត្រូវ​បាន​បំពេញ​ទាំងស្រុង ដូច្នេះ​ខ្ញុំ​ចេញ​បញ្ជា​ដល់​ក្រសួង​ការពារ​ប្រទេស​ឱ្យ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៥ មីនា ទៅ​ដក​កងកម្លាំង​របស់​យើង​មួយ​ផ្នែក​ធំ​ចេញពី​ស៊ី​រី ។

ទោះបី​យ៉ាងណា យោង​តាម​សេចក្តី​ប្រកាស​មួយ​របស់​វិមាន​ក្រឹម​ឡាំង​ថា ដើម្បី​អាច​ត្រួតពិនិត្យ​បទ​ឈប់​បាញ់​គ្នា​ដែល​ចូល​ជា​ធរមាន​ពី​ថ្ងៃ​ទី​២៧ កុម្ភៈ មក ភាគី​រុ​ស្ស៊ី​នឹង​រក្សា​ទុក​លើ​ដែនដី​ស៊ី​រី នូវ​ទីតាំង​សម្រាប់​ការ​ឡើង​ចុះ​នៃ​យន្តហោះ​មួយ ។ វិមាន​ក្រឹម​ឡាំង​ពុំ​បាន​បញ្ជាក់​ថា​តើ​យន្តហោះ​ប្រភេទ​ណាខ្លះ​ដែល​ធានា​ការ​ហោះហើរ​ត្រួតពិនិត្យ​ឡើយ។ វិមាន​ក្រឹម​ឡាំង​ក៏​មិន​និយាយ​ថា តើ​បណ្តា​យន្តហោះ​ប្រយុទ្ធ​រុ​ស្ស៊ី​នឹង​ស្ថិត​នៅ​ស៊ី​រី​ទៀត​ឬ​យ៉ាងណា​ឡើយ ។

ចាប់តាំងពី​ខែកញ្ញា​មក យន្តហោះ​ប្រយុទ្ធ​រុ​ស្ស៊ី​ជាង​៥០​គ្រឿង បាន​វាយប្រហារ​លើ​គោលដៅ​ពួក​ភេរវ​ករ​ជា​ច្រើន​ពាន់​រយៈពេល​៥​ខែ​នៃ​ការ​វាយប្រហារ​តាម​អាកាស​យ៉ាង​ខ្លាំងក្លា ។ ការ​វាយប្រហារ​តាម​អាកាស​យ៉ាង​ខ្លាំង​របស់​រុ​ស្ស៊ី​បែប​នេះ​អាច​ឱ្យ​កងទ័ព​ស៊ី​រី​ដណ្តើម​បាន​ជ័យជម្នះ​នានា​ក្នុង​ការ​វាយលុក​ក្រោយ​ពី​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​លំបាក​មួយ​មក ។

វិមាន​ក្រឹម​ឡាំង​គូសបញ្ជាក់​ថា ការសម្រេចចិត្ត​របស់​ប្រធានាធិបតី​រុ​ស្ស៊ី​ជា​កម្មវត្ថុ​នៃ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​សម​ភាគី​ស៊ី​រី ដែល​យល់​ថា អន្តរាគមន៍​របស់​កងទ័ពអាកាស​រុ​ស្ស៊ី​អាច​ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ទាំងស្រុង​នៃ​សភាពការណ៍​ក្នុង​ការ​តស៊ូ​ប្រឆាំង​ភេរវកម្ម បំផ្លាញ​បណ្តា​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ពួក​សត្រូវ ហើយ​ធ្វើ​ឱ្យ​ពួក​សត្រូវ​ទទួល​រង​នូវ​អន្លូង​យ៉ាងដំណំ​មួយ ។

នៅ​ក្រុង​ញូ​វ​យ៉​ក​ឯកអគ្គរដ្ឋទូត​រុ​ស្ស៊ី​ប្រចាំ អ​.​ស​.​ប លោក​វី​តា​លី ឈួ​រ​គី​ន គូសបញ្ជាក់​ថា ខាង​ផ្នែក​ការទូត​រុ​ស្ស៊ី​ទទួល​បទបញ្ជា​ឱ្យ​បង្កើន​ការ​ខិតខំ​ប្រឹងប្រែង ដើម្បី​ឱ្យ​សម្រេច​បាន​ដំណោះស្រាយ​នយោបាយ​មួយ​នៅ​ស៊ី​រី ។

នៅ​ក្រុង​ហ្សឺ​ណែវ​ពួក​ប្រឆាំង​ស៊ី​រី​ស្វាគមន៍​ដោយ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ប្រកាស​នេះ ដោយ​ថ្លែង​ថា រង់ចាំ​ត្រួតពិនិត្យ​មើល​នៅ​លើ​ទីលាន​ផ្ទាល់​ហើយ​សង្ស័យ​ថា នេះ​ជា​ល្បិច​កល​មួយ​របស់​វិមាន​ក្រឹម​ឡាំង ។

ចំណែក​រដ្ឋមន្ត្រី​ការ​បរទេស​អា​ល្លឺ​ម៉​ង់​លោក FRANK WALTER STEINMEIER យល់​ឃើញ​ថា ប្រសិនបើ​ការ​ប្រកាស​ពី​កា​រដក​កងទ័ព​រុ​ស្ស៊ី​នេះ​ត្រូវ​បាន​អនុវត្ត​មែន​នោះ​នឹង​បង្កើន​ការ​គាបសង្កត់​លើ​របប​លោក​ប្រធានាធិបតី​អាល់ អាសា​ដ សម្រាប់​ការ​ចរចា​នៅ​ក្រុង​ហ្សឺ​ណែវ​ស្តី​ពី​ការ​ឆ្លងកាត់​នយោបាយ​មួយ ។

ស៊ី​រី​កាលពី​ថ្ងៃ​ទី​១៤ មីនា បាន​បដិសេធ​ពាក្យ​ចចាមអារ៉ាម​នានា​លើ​សេចក្តីសម្រេច​របស់​រុ​ស្ស៊ី​ដក​កងទ័ព​ចេញពី​ប្រទេស​នេះ​ថា​មក​ពី​ជម្លោះ ឬ​បញ្ហា​រវាង​ក្រុង​មូ​ស្គូ និង​ក្រុង​ដា​ម៉ាស់ ។

ផ្នែក​សារព័ត៌មាន​របស់​វិមាន​ប្រធានាធិបតី​ស៊ី​រី​បាន​បដិសេធ​ទាំងស្រុង​ការ​ចោទប្រកាន់​នានា​របស់​បណ្តាញ​អុ​ី​ន​ធើ​រ​ណេ​ត​ពួក​ប្រឆាំង​មួយ​ចំនួន ដោយ​ពន្យល់​ថា ការ​សម្រេចចិត្ត​របស់​រុ​ស្ស៊ី​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​សម្របសម្រួល​គ្នា​ទាំងស្រុង​ជាមួយ​ភាគី​ស៊ី​រី ៕